អន្តរជាតិ
អាមេរិក និង​កូរ៉េខាងត្បូង ប្រតិកម្ម​កូរ៉េខាងជើង​ដែល​ដំណើការ​ចម្រាញ់​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ឡើងវិញ​
18, Aug 2016 , 9:19 pm        
រូបភាព
​បន្ទាប់ពី​កូរ៉េខាងជើង​អះអាងថា ខ្លួន​បានចាប់ផ្ដើម​ដំណើការ​ផលិត​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ឡើងវិញ​មក អាមេរិក និង​កូរ៉េខាងត្បូង បានបង្ហាញ​ការមិនសប្បាយចិត្ត និង​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​បញ្ហា​នេះ​។ ទាំង​អាមេរិក និង​កូរ៉េខាងត្បូង ក៏​ទាមទារ​ឲ្យ​កូរ៉េខាងជើង បោះបង់​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន​ចោល​ទៀតផង ចៀសវាង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​។​



​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ព្រលះ​ការអះអាង​របស់​រដ្ឋ​កុម្មុយនីស្ត​កូរ៉េខាងជើង ដែល​បានចាប់ផ្ដើម​ការ​ចម្រាញ់​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម ដើម្បី​ឈានទៅ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង ដែល​បាន​បាញ់​មី​ស៊ី​ល និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាច្រើនលើក​មក​នោះ បាន​ប្រាប់​គេឯង​ពី ដំណើការ​ផលិត​សារធាតុ​នេះ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន​។​

​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​១៨ ខែសីហា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-gyun និយាយថា ប្រសិនបើ​កូរ៉េខាងជើង​ពិតជា​បាន​ផលិត​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ដូច​ការរាយការណ៍​មែន វា​ជា​រឿង​ខុស​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ហាម​កូរ៉េខាងជើង ធ្វើ​សកម្មភាព​ទាំងអស់​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​។ លោក​បន្តថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នឹង​ពិភាក្សា​ជាមួយ​ភាគី​ផ្សេងទៀត ដើម្បី​ឆ្លង​តប​នឹង​សកម្មភាព​នេះ​។​

​នៅ​ថ្ងៃទី​១៧ ខែសីហា ទីភ្នាក់ងា​ព័ត៌មាន Kyodo រាយការណ៍​ពី​ដំណើការ​ផលិត​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​មរ​បស់​កូរ៉េខាងជើង តាមរយៈ​ការអះអាង​របស់​វិទ្យាស្ថាន​ថាមពល​អា​តូ​មិ​ក​របស់​កូរ៉េខាងជើង​។ វិទ្យា​ស្ថា​នេះ​អះអាងថា ខ្លួន​បាន​ដំណើការ​រ៉េ​អា​ក់ទ័រ ហើយ​ថែមទាំង​ផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ចាំបាច់​សម្រាប់​ថាមពល និង​អាវុធ​នុយក្លេអ៊ែរ​ទៀតផង​។​

​យោងតាម​សារព័ត៌មាន The Japanese Time វិទ្យាស្ថាន​ការ​ខាងលើ ទទួលបន្ទុក​លើ​ការងារ​នៅ​រោងចក្រ​បរិក្ខារ​នុយក្លេអ៊ែរ Nyongbyon ដែលជា​រោងចក្រ​នុយក្លេអ៊ែរ​សំខាន់​មួយ​របស់​កូរ៉េខាងជើង​។ ហើយ​នោះ ក៏​ជា​លើកទីមួយ​ដែល​ស្ថាប័ន​ធំ​នេះ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​បរទេស ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​បែ​បប​នេះ​។​

​ក្រៅពី​រង​ការរិះគន់​របស់​កូរ៉េខាងត្បូង អាមេរិក​ក៏បាន​ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​បញ្ហា​នេះ​ផងដែរ​។ លោក Mark Toner អ្នកនាំពាក្យ​រង​ក្រសួង​ការ​បរ​ទស​អាមេរិក និយាយ​ដែរ​ថា អាមេរិក បានដឹង​ពី​ព័ត៌មាន​ទាំងនេះ ហើយ​ប្រសិន​នេះ​ជាការ​ពិត វា​ជាការ​ល្មើស​នឹង​បម្រាម​អង្គការសហប្រជាជាតិ​ច្បាស់ក្រឡែត ហើយនឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ រង​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​ពី​សហគមន៍​អន្តរជាតិ​មិន​ខាន​។​


Tag:
 អាមេរិក​
 ​ កូរ៉េខាងត្បូង​
 ​ កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com