អន្តរជាតិ
ក្មេងស៊ីរីដ៏កម្សត់បាន​ជួបជុំគ្រួសារវិញហើយ
19, Aug 2016 , 8:00 pm        
រូបភាព
 ក្មេងប្រុស​ស៊ី​រី Omran Daqneesh វ័យ​៥​ឆ្នាំ​បាន​ជួប​ជាមួយ​ឪពុកម្តាយ​របស់គេ​វិញ ហើយ​ក្រោយពី​បានទទួល​ការជួយ​សង្គ្រោះ​ពីក្រោម​បំណែក​អាគារ​និង​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្នុង​តំបន់​។  ក្មេងប្រុស​ដ៏​ក្លាហាន​ដែលជា​និមិត្តរូប​នៃ​សោកនាដកម្ម​នៅក្នុងសង្គ្រាម​ស៊ី​រី​និង​ធ្វើ​ឲ្យ​ពិភពលោក​ស្លុតចិត្ត​នោះ មិនបាន​រងរបួស​ធ្ងន់​ឡើយ ប៉ុន្តែ​គេ​រង​ការប៉ះទង្គិច​ផ្លូវចិត្ត​ខ្លាំង​។​

​ក្មេងប្រុស​ស៊ី​រី Omran Daqneesh ដែល​រងរបួស​ដោយសា​រ​ការទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង Aleppo ដែល​ធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត​និង​សោកសង្រេង​នោះ បាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្លួន​វិញ​ហើយ​។ ឪពុកម្តាយ Daqneesh បាន​ទៅតាម​មើល​កួន​របស់ខ្លួន​នៅ​មន្ទីរពេទ្យ ក្រោយ​​កូន​ខ្លួន​ត្រូវបាន​គេ​ជួយសង្គ្រោះនិងបញ្ជូនទៅ​មន្ទីរពេទ្យ​។​
 
​បើតាម​សារព័ត៌មាន Daily Mail ឪពុកម្តាយ និង​បងប្អូន​របស់ Daqneesh ចំនួន​៣​នាក់​ផ្សេងទៀត​នោះ​សុទ្ធតែ​រួច​ផុតពី​គ្រោះថ្នាក់ ក្រោយ​ការទម្លាក់​គ្រាប់បែក​កម្ទេច​ផ្ទះ​របស់​ពួកគេ​។​
 
​លោក Abu Rajab ជា​សមាជិក​ក្រុម​អ្នក​វេជ្ជសាស្ត្រ​អាមេរិក​-​ស៊ី​រី បាន​អះអាងថា ថ្វីបើ Omran Daqneesh ត្រូវបាន​សង្កត់​ដោយ​គំនរ​នៃ​សំណង់​អាគារ​ក៏ដោយ តែ​ក្បាល​របស់គេ​គ្រាន់តែ​រងរបួស​សើ​ស្បែក​ប៉ុណ្ណោះ​។ គ្រូពេទ្យ​បាន​ជួយ​រុំ​របួស​ក្បាល និង​ភ្នែក​ក្រោយយក​កម្ទេច​ចេញពី​ភ្នែក​អស់ហើយ​នោះ​។ 
 
​លោក Abu Rajab ជឿជាក់ថា កុមារ Omran Daqneesh ក្មេង​ម្នាក់នេះ​មិន​រងរបួស​ធ្ងន់​ដោយសារ​ការរង​ការ​សង្កត់​ដោយ​សំណង់​អាគារ​ឡើយ តែ​គេ​អាច​រង​ការប៉ះទង្គិច​ផ្នែក​ផ្លូវ​ចិត្តខ្លាំង​ទៅវិញ​ទេ​។​
​បើតាម​វីដេអូ​ដែល​ចែកចាយ​ដោយ​បណ្តាញសារព័ត៌មាន​អន្តរជាតិ​និង មជ្ឈមណ្ឌល​ព័ត៌មាន Aleppo  (Aleppo Media Center) ក្មេងប្រុស​ម្នាក់​ខាងលើ​អង្គុយ​ស្ងៀម​ទ្រឹង​ដូចជា​ភ្លឹក ហើយ​មាន​ឈាម​ជោក​ក្បាល​ក្នុង​ទឹកមុខ​ស្រ​ងោ​ត​ស្រងាត់​បំផុត តែ​មិន​យំ​ឡើយ ក្រោយ​ត្រូវគេ​ជួយសង្គ្រោះ​នោះ​។ គេ​ហាក់បីដូចជា​ភ័យរន្ធត់​ខ្លាំងណាស់​ក្រោយ​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​កងកម្លាំង​រដ្ឋាភិបាល​នោះ​។ 
 
​ហើយ​កុមារ Omran Daqneesh មិន​និយាយ​អ្វី​ទាំងអស់​ក្រោយពេល​គេ​នាំយកទៅ​ដាក់​ក្នុង​រថយន្ត​សង្គ្រោះ តែ​ក្មេង​នេះ​ឆ្លើយ​នៅពេលដែល​គេ​សួរនាំ​ពី​ឪពុកម្តាយ​។ ហើយ​បន្ទាប់មក​ក្មេង​ម្នាក់នេះ​ក៏​ចាប់ផ្តើម​ទ្រហោយំ​តែម្តង ពេល​បាន​ជួប​ឪពុកម្តាយ​ខ្លួន​។​
 
​ត្រលប់​មកវិញ ខាង​មជ្ឈមណ្ឌល​ព័ត៌មាន Aleppo បាន​អះអាងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ សីហា ម្សិលមិញ​នេះដែរ វា​មាន​ក្មេងៗ​រងរបួស​ដោយសារ​កា​រ​វាយប្រហារ​ផ្លូវអាកាស​ប្រហែល  ១២​នាក់ ហើយ​ពួកគេ​ភាគច្រើន​មាន​អាយុ​ក្រោម ១៥​ឆ្នាំ​។​
 
​សូមបញ្ជាក់ថា សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០១១ ក្រោយ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កើតឡើង​ផុសផុល​ដើម្បី​ទាមទារ​ផ្តួល​រលំ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ​។ តែ​សង្គ្រាម​នេះ​បន្ត​អូសបន្លាយ​រហូតមក ដោយសារ​គ្មាន​ភាគី​ណាមួយ​អាច​ឈ្នះ​សង្គ្រាម​ដាច់​ណាត់ ហើយ​មកទល់ពេលនេះ​សង្គ្រាម​ស៊ី​រី​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រហែល​ជាង ៤​សែន​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង​៧​លាន​នាក់​ផ្សេងទៀត​បាត់បង់​ជំរក​និង​រត់​ភៀសខ្លួន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com