កីឡាជាតិ
ជាតិ
RIO: ស៊ន សៀវ​ម៉ី តទល់​ជាមួយ​កីឡាការិនី​ហូ​ឡង់ Reshimie Oogink នៅ​យប់​នេះ​
20, Aug 2016 , 9:00 am        
រូបភាព
ស៊ន សៀវម៉ី នាពេលហ្វឹកហាត់ជាមួយ​លោក ឆយ យ៉ុងសុក ដែល​ជាគ្រូបង្វឹក។ រូបថត NOCC
ស៊ន សៀវម៉ី នាពេលហ្វឹកហាត់ជាមួយ​លោក ឆយ យ៉ុងសុក ដែល​ជាគ្រូបង្វឹក។ រូបថត NOCC
ដោយ: រួបរួម
​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​អាស៊ាន​ហ្គេម​ឆ្នាំ​២០១៤ នឹងធ្វើ​ការប្រកួត​លើ​ប្រភេទ​ទម្ងន់​លើស​៦៧​គីឡូក្រាម​ជាមួយ​កីឡាការិនី​ហូ​ឡង់ Reshimie Oogink នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​២០ ខែសីហា នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។​

 
 
​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី អាយុ​២០​ឆ្នាំ គឺជា​ក្តី​រំពឹង​ដ៏​ខ្ពស់​របស់​កម្ពុជា ក្នុងចំណោម​អត្ត​ព​លិ​ក​៦​រូប​ដែល​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំ​២០១៦ នេះ​។  ក្នុងការ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​លើស​៦៧​គីឡូក្រាម ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី​ឆ្នាំ​២០១៤ និង​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៣ រូបនេះ ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ហូ​ឡង់ Reshimie Oogink នាវ​គ្គ​១៦​នាក់​ចុងក្រោយ​លើស​ង្វៀន Carioca Arena 3 ។​
 
Reshimie Oogink អាយុ​២៦​ឆ្នាំ ជា​កីឡាការិនី​ដែល​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ក្នុង​អាជីព​របស់ខ្លួន​។ ក្នុងចំណោម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​១២០​លើក Reshimie ឈ្នះ​៧៧​លើក ដែល​ស្មើ ៦៤,២​ភាគរយ​។​
 
​នៅ​ឆ្នាំ​២០០៥ Reshimie ឈ្នះ​មេដាយមាស​ទ្វីបអឺរ៉ុប​លើ​ប្រភេទ​ទម្ងន់​ក្រោម​៥៩​គីឡូក្រាម​។ ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៦ កីឡាការិនី​ហូ​ឡង់​រូបនេះ ឈ្នះ​មេដាយមាស​ជា​បន្តបន្ទាប់​១៩​លើក​ក្នុង​ព្រឹត្តិការណ៍ German Open (៤​លើក​), Paris Open, Belgian Open,  German Open, Dutch Open (៣​លើក​), Trelleborg Open, Fujairah Open (៣​លើក​), Grand Prix, US Open, Russian Open, Luxor Open និង​ចុងក្រោយ World Presidents Cup ប្រចាំ​ទ្វីបអឺរ៉ុប ក្នុង​ឆ្នាំ​២០១៦ ។​
 
 
​យោងតាម​តារាង​កម្មវិធី ការប្រកួត​តេ​ក្វាន់​ដូ​ក្នុង​ប្រភេទ​ទម្ងន់​លើស​៦៧​គីឡូក្រាម នឹង​ចាប់ផ្តើម​ពី​វេលា​ម៉ោង​៧​ល្ងាច (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​)​។ ជំនួប​រវាង ស៊ន សៀវ​ម៉ី និង Reshimie Oogink នឹង​ប្រព្រឹត្តទៅ​បន្ទាប់ពី​ការ​ប៉ះគ្នា​រវាង​កីឡាការិនី​ព័រ​តូ​រី​កូ Crystal Weekes និង​កីឡាការិនី​អាមេរិក Jackie Galloway​។​
 
​គូប្រកួត​ផ្សេងទៀត​ក្នុង​ប្រភេទ​ទម្ងន់​លើស​៦៧​គីឡូក្រាម​រួមមាន កីឡាការិនី​ម៉ា​រ៉ុ​ក Wiam Dislam ប៉ះ​កីឡាការិនី​សាធារណរដ្ឋ​ដូ​មី​និក Katherine Rodriguez  កីឡាការិនី​ម៉ិ​ក​ស៊ិ​ក Maria Espinoza ជួប​កីឡាការិនី​ហ្វីលីពីន Kirstie Alora កីឡាការិនី​នេ​ប៉ាល់ Nisha Rawal ប៉ះ​កីឡាការិនី​ចិន Zheng Shuyin កីឡាការិនី​បារាំង Gwladys Epangue តទល់​ជាមួយ​កីឡាការិនី​កូត​ឌី​វ័រ Mamina Kone កីឡាការិនី​ន័​រវេ​ស Tina Roe Skaar ជួប​កីឡាការិនី​សែ​ប៊ី Milica Mandic និង​ជំនួប​ចុងក្រោយ គឺជា​ការ​ប៉ះគ្នា​រវាង​កីឡាការិនី​អង់គ្លេស Bianca Walkden និង​កីឡាការិនី​ប៉ា​ពួ​នូ​វេ​ល​ហ្គី​ណេ Samantha Kassman៕

Tag:
 RIO2016
  ស៊ន សៀវ​ម៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com