ជាតិ
​តួ​ក​គី​ដាក់សំណើ​ផ្លូវការ​ឲ្យ​កម្ពុជា​បិទ​សាលា ZAMAN
22, Aug 2016 , 2:35 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​តួ​ក​គី បានស្នើ​ជា​ផ្លូវការ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​សាលា​អន្តរជាតិ  ZAMAN នៅ​កម្ពុជា​តែម្តង​ពីព្រោះ​រដ្ឋាភិបាល​តួ​ក​គី​យល់ថា សាលា​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រដ្ឋប្រហារ​បរាជ័យ​កាលពី​ថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ​។ ឆ្លើយតប​នឹង​សំណើ​នេះ មន្ត្រី​ទូត​ជាន់ខ្ពស់​កម្ពុជា នឹង​ពិនិត្យ​សំណើ​របស់​តួ​ត​គី​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។​


​នៅ​ទីបំផុត រដ្ឋាភិបាល​តួ​ក​គី បានស្នើ​ជា​ផ្លូវការ​ឲ្យ​កម្ពុជា បិទ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ (ZAMAN) ដែលមាន​សាខា​នៅ​ប្រទេស​កម្ពុជា​ចោល​។ សំណើ​នេះ​ធ្វើ​ឡើយ​ដោយ លោក Ilhan Khemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា នៅពេលដែល​លោក​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស​នៅ​ថ្ងៃ​ចន្ទ​នេះ​។ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា និង​ជា​អ្នក​ដែលមាន​វត្តមាន​ក្នុង​បន្ទប់​ប្រជុំ​រវាង​លោក ប្រាក់ សុខុន ជាមួយ​មន្ត្រី​ទូត​តួ​ក​គី​ផង​នោះ បាន​ប្រាប់​អ្នកកាសែត​ពី​ចម្លើយ​របស់លោក ប្រាក់ សុខុន ទៅកាន់​មន្ត្រី​ទូត​តួ​ក​គី​យ៉ាងនេះ​ថា​៖« ក្រសួងការបរទេស​ក​ម្ពុ​ជា​នឹងធ្វើ​ការពិនិត្យ​ពិចារណា​នូវ​សំណើ​នេះ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​»​។ 
 
​តែ​យ៉ាងណា លោក សុន្ទរី មិន​ហ៊ាន​និយាយ​ឲ្យ​ច្បាស់​ប្រាប់​អ្នកការ​សែត​អំពី​មូល​ហេតុដែល​រដ្ឋាភិបាល​តួ​ក​គី​ស្នើ​ឲ្យ​កម្ពុជា​បិទ​សាលារៀន​ដ៏​ល្បី​នៅ​កម្ពុ​ជាមួយនេះ​ទេ​។ ថ្វីបើ​លោក​មិន​ប្រាប់​ក៏​គេ​អាច​ដឹង​ដែរ​ថា មូលហេតុ​ដែល​តួ​ក​គី​ចង់​ឲ្យ​កម្ពុជា បិទ​សាលា​ហ្សា​ម៉ាន់ ដោយសារ​រដ្ឋាភិបាល​នេះ​ចោទ​សាលា​ហ្សា​ម៉ាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​ណ្តា​ញ​សមាជិក​ចលនា​អន្តរជាតិ​របស់លោក Fethullas Gulen ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​តួ​ក​គី​កាលពី​ថ្ងៃទី ១៥ ខែកក្កដា​។ ការចោទប្រកាន់​ចំៗ​នេះ ធ្វើឡើង​ដោយ​លោក Ilhan Khemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា​តែម្តង នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ស្ថានទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ ។ 
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបកស្រាយ​ពី​លោក ដេ​ត សុខ​ឧ​ត្ត​ម សកលវិទ្យា​ធិ​ការរង​នៃ​សកលវិទ្យា​ល័យ ZAMAN បានទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ តែ​កាលពី​ចុងខែ​កក្កដា កន្លងទៅ​លោក សុខ​ឧ​ត្ត​ម ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ថ្នាក់ដឹកនាំ​សាលា​អន្តរជាតិ​របស់លោក គ្រោង​នឹង​ជួប​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ពន្យល់​ពី​បញ្ហា​នេះ​។ 
 
​ជាមួយគ្នានេះ កាលពី​ថ្ងៃទី ១៨ ខែកក្កដា លោក Ejder Klic ប្រធាន​ក្រុមហ៊ុន ហ្សា​ម៉ាន់​Co.,Ltd បានចេញ​សេចក្តីថ្លែងការណ៍ បដិសេធ​នឹង​ការចោទប្រកាន់​របស់​ឯក​អគ្គរដ្ឋទូត​តួ​គី​ប្រចាំ​នៅ​កម្ពុជា​មកលើ​សាលា​អន្តរជាតិ​ZAMAN ហើយ​ក្រុមហ៊ុន​របស់លោក ក៏​ថ្កោលទោស​អំពើ​រដ្ឋប្រហារ​នៅ​តួ​គី​នោះដែរ​។ លោក Ejder Klic បានបញ្ជាក់​បែបនេះ​ថា​៖ «​យើង​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ មកលើ​សាលា​យើង ដែល​បាន​ដំណើរការ​ជាង ២០ ឆ្នាំ​មកហើយ​ថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដ៏​សាហាវ​នេះ​»​។  
 
​បើតាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ លោក Ejder Klic ទទួលស្គាល់ថា ស្ថាបនិក​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ បានចាប់ផ្តើម​ស្ថាបនា​ដោយ​ផ្អែកលើ​ស្មារតី និង​ទស្សនៈវិស័យ​ពី​លោក ហ្វេ​ធូ​ឡា ហ្គូ​ឡិន​(Fethullas Gulen ) ពិតមែន​។ ប៉ុន្តែ​លោក ហ្គូ​លិ​ន មិនដែល​បាន​ចូលរួម​ក្នុង​ការងាររដ្ឋបាល ឬ​ជា​ម្ចាស់​ស្របច្បាប់​ណាមួយ​របស់​សាលា​ហ្សា​ម៉ាន់​ឡើយ​។ « លោក ហ្គូ​ឡិន មិនដែល​បានផ្តល់​ការសម្រេចចិត្ត​ណាមួយ​ក្នុងការ​បង្កើត ឬ​ក្នុង​ដំណើរការ​សាលា​នេះ​ទេ​។ សរុបមក​អ្វីដែល​ទាក់ទង​នឹង​លោក ហ្គូ​ឡិន គឺ​គ្រាន់តែ​ស្មារតី និង​ទស្សនៈវិស័យ​តែប៉ុណ្ណោះ​»​។ នេះ​ជាការ​បកស្រាយ​បន្ថែម​របស់ លោក Ejder Klic ទន្ទឹមនឹង​អះអាង​យ៉ាងនេះ​ទៀតថា​៖«​សាលា​នេះ​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ដែលជា​របស់​ក្រុមហ៊ុន​ហ្ស៊ា​ម៉ាន់ ហើយ​បាន​ចុះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ផងដែរ​។ ដូច្នេះ​សាលា​នេះ គឺជា​សាលា​របស់​ប្រជាជន​កម្ពុជា ដែលមាន​ការចុះ​អធិការកិច្ច ការបង់ពន្ធ​ជាប្រចាំ និង​រៀបចំ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់​សាលា​»៕
 
 
 

Tag:
 ZAMAN
  ប្រាក់ សុខុន​
  ជុំ សុន្ទរី​
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com