អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី​៖ ទំនាក់ទំនង​តួ​ក​គី​-​អាមេរិក រង្គោះរង្គើ ព្រោះ​អាមេរិក​មិន​ធ្វើ​បត្យាប័ន​លោក Gulen
23, Aug 2016 , 8:39 am        
រូបភាព
 
 
​ទំនាក់ទំនង​រវាង​តួ​ក​គី និង​អាមេរិក ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​រដ្ឋប្រហារ​មិនបាន​សម្រេច​ថ្ងៃទី​១៥ ខែកក្កដា​។ តួ​ក​គី បានទាមទារ​ឲ្យ​អាមេរិក​ធ្វើ​បត្យាប័ន​លោក Fethullah Gulen ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋាភិបាល​តួ​ក​គី​ថា នៅ​ពីក្រោយ​រដ្ឋប្រហារ​។ តែ​អាមេរិក​អល់អែក និង​មិនបាន​បញ្ជូន​លោក Gulen មក​ទៅ​តួ​ក​គី​តាម​ការស្នើ​ឡើយ ដែល​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​តួ​ក​គី​អះអាងថា ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ខូចខាត​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​

 
​នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Binali Yildirim និយាយថា បរាជ័យ​នៃ​ការធ្វើ​បត្យាប័ន​លោក Fethullah Gulen ដែលជា​មេក្លោង​នៃ​រដ្ឋប្រហារ​ថ្ងៃទី​១៥ ខែកក្កដា កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​តួ​ក​គី និង​អាមេរិក​ហើយ​។ លោក Yildirim ថ្លែង​ដូចនេះ នៅមុន​ដំណើ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក លោក Joe Biden មកកាន់​តួ​ក​គី សំដៅ​សម្រួល​ទំនាក់ទំនង​ដែល​កំពុងតែ​រង្គោះរង្គើ​នេះ​។​
 
​លោក Yildirim បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា​មក​នោះ អ្វីៗ​មិន​ដូច​ពីមុន​ទៀត​ទេ​។ អាមេរិក​ដឹង​ពី​រឿងនេះ ហើយ​តួ​ក​គី ក៏​ដឹងថា អាមេរិក​ដឹង​បញ្ជា​នេះដែរ​។ លោក​បន្តថា ពេលនេះ ទំនាក់ទំនង​តួ​ក​គី និង​អាមេរិក គឺមាន​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Sputnik​។​
 
​នៅក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​ជោគជ័យ រដ្ឋាភិបាល​តួ​ក​គី បាន​បើក​ប្រតិបត្តិការ​បោសសម្អាត​អ្នក​ជាប់​ពាក់ព័ន្ធ​ការប៉ុនប៉ង​នេះ ដោយ​រួមទាំង​ការឃុំខ្លួន​មនុស្ស​រាប់ម៉ឺន​នាក់ មាន​ទាំង​ប៉ូលិស ទាហាន និង​ជន​ស៊ីវិល​។ ប្រតិបត្តិការ​នេះ ក៏​ធ្លាយ​ទៅដល់​ការបិទ​ស្ថាប័ន​សារព័ត៌មាន សាលារៀន ព្រមទាំង​វិស័យ​ឯកជន​ផងដែរ ហើយ​អ្វីដែល​ធ្វើ​អាមេរិក និង​អឺរ៉ុប​បារម្ភ និង​រិះគន់​ខ្លាំងៗ​នោះ គឺ​ផែនការ​អនុវត្ត​ឡើងវិញ​ទោស​ប្រហារជីវិត​។​
 
​ជុំវិញ​បញ្ហា​នេះ ថ្នាក់ដឹកនាំ​តួ​ក​គី មិន​សប្បាយចិត្ត​នោះឡើយ និង​បាន​លើកឡើងថា អាមេរិក និង​អឺរ៉ុប ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច មិនបាន​គាំទ្រ​ខ្លូន​ឡើយ តែ​បែរជា​ទៅ​គាំទ្រ​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​ទៅវិញ​។ តួ​ក​គី​កាន់តែ​ខឹង នៅពេលដែល​អាមេរិក​មិន​ព្រម​ធ្វើតាម​សំណើ​របស់ខ្លួន ដែល​ចង់​ឲ្យ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជូន​លោក Gulen មក​តួ​ក​គី​វិញ​នោះ​។ 
 
​ការមើល​មុខ​គ្នា​មិនត្រូវ​ជាមួយ​លោកខាងលិច បង្ខំ​ឲ្យ​តួ​ក​គី​ងាក​ទៅ​សម្រួល​ទំនាក់ទំនង​ជាមួយ​រុស្សី ដែល​កន្លងមក​មិនសូវ​ជា​ត្រូវ​គ្នា​ប៉ុន្មាន​ដែរនោះ​។ ប្រធានាធិបតី​តួ​ក​គី បាន​ទៅ​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​សម្រួល​ទំនាក់ទំនង​ឡើងវិញ ដែល​នេះ​អាចជា​មូលហេតុ​នៃ​ទស្សនកិច្ច​របស់លោក​អនុ​ប្រធានាធិបតី Biden មកកាន់​តួ​ក​គី​។ បើទោះជា​មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​បោសសម្អាត​អ្នក​ជាប់​ពាក់ព័ន្ធ​រដ្ឋប្រហារ​ក៏ដោយ អាមេរិក​ប្រហែលជា​មិនសូវ​ជា​សប្បាយចិត្ត​ដែរ ពេល​ឃើញ​រុស្សី​មិន​ចែចង់​តួ​ក​គី ដែលជា​សមាជិក​ណា​តូ​នោះ​៕  
 
    
 
 

Tag:
 តួ​ក​គី​
 ​ អាមេរិក​
  ​រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com