អន្តរជាតិ
អាមេរិក​បង្ហាញ​ការព្រួយបារម្ភ ក្រោយ​មនុស្ស​ជិត​២​ពាន់​នាក់​ត្រូវ​បាញ់សម្លាប់​នៅ​ហ្វីលីពីន​
23, Aug 2016 , 2:18 pm        
រូបភាព
​មកទល់ពេលនេះ អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប្រហែល​១៨០០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន ចាប់តាំងពី​លោក Rodrigo Duterte ចូលកាន់​តំណែង​ប្រធានាធិបតី​មក​។ អង្គការសហប្រជាជាតិ បាន​រិះគន់​ខ្លាំង​នឹង​ចំណាត់ការ​នេះ ដោយ​អះអាងថា មិន​គោរព​សិទ្ធិមនុស្ស​ឡើយ ហើយ​ពេលនេះ អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ហ្វីលីពីន ក៏បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ប្រតិបត្តិ​ការសម្លាប់​នេះដែរ​។



​អគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន​លោក​ឧ​ត្ត​ម​សេនីយ៍ Ronald de la Rosa បាន​ថ្លែង​ទៅកាន់​គណៈកម្មាធិការ​ព្រឹទ្ធសភា ថា ជនសង្ស័យ​ចំនួន​៧១២​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ពេលដែល​ប៉ូលិស​កំពុងតែ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ខណៈ មនុស្ស​១០៦៧​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្រៅ​ប្រតិបត្តិការ​របស់​ប៉ូលិស​។ ការសម្លាប់​ក្រៅ​ប្រតិបត្តិការ​របស់​ប៉ូលិស រាប់បញ្ចូល​ទាំង​សកម្មភាព​របស់​ជន​ស៊ីវិល​ក្នុងការ​ចូលរួម​បង្ក្រាប​ផងដែរ​។  

​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់លោក Duterte បង្ក​ជាការ​ខ្វែងគំនិត​គ្នា​រវាង​ហ្វីលីពីន និង​អង្គការសហប្រជាជាតិ ដោយ​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ​អះអាងថា ការសម្លាប់​ភាគច្រើន គឺ​ធ្វើ​នៅក្រៅ​ប្រព័ន្ធតុលាការ​។ នៅ​ខណៈ​នេះ សហរដ្ឋអាមេរិក ដែល​កន្លងមក​មិនសូវ​ជា​ចេញមុខ​រិះគន់​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​នោះ ក៏បាន​ចេញមក​បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​បញ្ហា​នេះដែរ​។​

​តាមពិតទៅ អាមេរិក​មិនសូវ​ជា​រិះគន់​ខ្លាំងៗ​លើ​ចំណាត់ការ​របស់លោក​ប្រធានាធិបតី Duterte ព្រោះ​អាមេរិក ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន ដែលជា​កូនអុក​របស់​ខ្លូន​ដើម្បី​ទប់ទល់​ចិន​។ យ៉ាងណាក្ដី អាមេរិក ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ជ្រាលជ្រៅ ចំពោះ​របាយការណ៍​នៃ​ការសម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​។ ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Mark Toner បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ធានា​ការគោរព​សិទ្ធិមនុស្ស ពេល​អនុវត្ត​បទបញ្ជា​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​ខាងលើ ក៏បាន​បញ្ជាក់​ជំហរ​របស់​អាមេរិក​ទៅ​ហ្វីលីពីន​។ នោះ​គឺ​អាមេរិក តែងតែ​បារម្ភ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ អាមេរិក​ក៏​រក្សា​ការប្ដេជ្ញាចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បន្ត​ពង្រឹង​មិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ នៅ​ស្របពេល​នៃ​ការកើនឡើង​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សូមបញ្ជាក់​ផងដែរ​ថា សង្គ្រាម​ប្រឆាំង​ឈ្មួញ​គ្រឿងញៀន ជា​គោលនយោបាយ​អាទិភាព​របស់លោក Duterte ក្នុងការ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​។ ការបាញ់សម្លាប់​មនុស្ស​យ៉ាងច្រើន​ក្នុង​ប្រតិបត្តិការ​នេះ រង​ការរិះគន់​ខ្លាំង ប៉ុន្តែ​លោក Duterte មិនបាន​ខ្វល់​ពាក្យសំដី​ទាំង​នោះ​ឡើយ និង​បានដាក់​បញ្ជា​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បន្តការងារ​របស់ខ្លួន​ទៅមុខទៀត​៕


Tag:
 អាមេរិក​
 ​ ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com