ជាតិ
សិល្បះ
មហោស្រព​របាំ​សហ​សម័យ បង្កើន​ឱកាស​ដល់​យុវជន​ក្នុង​ការកសាង​សង្គម​សន្តិភាព​
25, Aug 2016 , 1:53 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុម​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​ក្រុមយុវជន​រីកសាយ បានរៀបចំ​កម្មវិធី​មហោស្រព​របាំ​សហ​សម័យ «​ចលនា​ចងចាំ​» ជា​លើក​ទី​២ ដែល​នឹង​រៀបចំ​រយៈពេល​៤​រាត្រី​។ មហោស្រព​នេះ ផ្តល់ឱកាស​ដល់​សិល្បករ​វ័យក្មេង បង្ហាញ​ស្នាដៃ​ថ្មីៗ​របស់​ពួកគេ ទៅកាន់​ទស្សនិកជន និង​រួមចំណែក​ក្នុង​ការកសាង​សង្គម​សន្តិភាព​។​



​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​ក្រុមយុវជន​រីកសាយ បានរៀបចំ​កម្មវិធី​មហោស្រព​របាំ​សហ​សម័យ «​ចលនា​ចងចាំ​» ជា​លើក​ទី​២ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ខ្មែរ និង​ចូលរួម​អភិរក្ស​នៅ​ទម្រង់​សិល្បៈ​ខ្មែរ​មួយ​ប្រភេទ​នេះ​ឲ្យ​មហាជន​បាន​ស្គាល់​កាន់តែ​ទូលំទូលាយ​។ របាំ​សហ​សម័យ គឺជា​ទម្រង់​របាំ​មួយ ដែល​មានការ​ច្របាច់​ប​ញ្ជូ​ល​គ្នា រវាង​របាំសម័យ និង​របាំ​បុរាណ​។

អ្នកស្រី យ៉ុ​ន សុខ​ខន ជា​អ្នកសម្របសម្រួល​កម្មវិធី នៃ​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ បាន​បង្ហាញថា ការរៀបចំ​កម្មវិធី​នេះ បាន​ផ្សារភ្ជាប់​អ្នកទស្សនា​ជាមួយនឹង​សិល្បៈ ដើម្បី​យល់ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​សិល្បៈ និង​ការចូលរួម​កសាង​សង្គម ប្រកបដោយ​សុខសន្តិភាព​។ កញ្ញា យ៉ុ​ន សុខ​ខន បាន​បន្ថែមថា មហោស្រព​នេះ ចង់​បង្កើន​ទំនាក់ទំនង​រវាង​យុវជន ឲ្យ​មានការ​ចូលរួម​ច្រើន និង​សម្រាប់​សិល្បករ​វ័យក្មេង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

​បន្ថែម​លើ​នេះ មហោស្រព​របាំ​សហ​សម័យ មានការ​ចូលរួម​សម្ដែង​ដោយ ក្រុម​នាដកា​សហ​សម័យ សិល្បករ​ថ្មី​នៃ​កម្ពុជា និង​ក្រុម​សិល្បករ​មកពី​អង្គការ អេ​ពិ​កអាត ដែល​ប្រើ​ក្បាច់​រាំ ដើម្បី​ស្វែងរក​ការចងចាំ​ពី​អតីតកាល​របស់​ពួកគេ ហើយក៏​ការសម្ដែង​ដែល​បញ្ជាក់​អំពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​(​សម័យ​ខ្មែរក្រហម​)​ផងដែរ​។

​មហោស្រព​របាំ​សហ​សម័យ «​ចលនា​ចងចាំ​»​លើក​ទី​២ នឹងត្រូវ​រៀបចំឡើង​រយៈពេល​៤​រាត្រី​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ ជាមួយនឹង​ការសម្តែង​ឈុត​ឆាក​ផ្សេងគ្នា​។ សំបុត្រ​ចូលរួម​ទស្សនា មានតម្លៃ ១​ម៉ឺន​រៀល ដែលមាន​លក់​នៅ​ការិយាល័យ​សិល្បៈ​ខ្មែរ​អមតៈ សារមន្ទីរ​ជាតិ សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​សកល​វិទ្យាល័យ​ភ្នំពេញ​អាមេរិក​។​

​កម្មវិធី​ថ្ងៃទី​១ ខែកញ្ញា នឹង​ប្រព្រឹត្តទៅ នា​សកល​វិទ្យាល័យ​ភ្នំពេញ​អាមេរិក ចាប់ពី​ម៉ោង ៥​កន្លះ ដល់ ៧ យប់ ថ្ងៃទី​២ ខែកញ្ញា នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ចាប់ពី​ម៉ោង ៦ ដល់ ៧​កន្លះ​យប់​។ ដោយឡែក​នៅ​ថ្ងៃទី ៣ និង​ទី​៤ ខែកញ្ញា នឹង​ប្រព្រឹត្ត​នៅ​សារមន្ទីរ​ជាតិ ចាប់ពី​ម៉ោង ៧ ដល់​៨ យប់​៕


Tag:
 របាំ​
 ​ យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com