អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ផ្ដល់​រង្វាន់​នាឡិកា G-Shock ឲ្យ​ទាហាន​មុន​ទៅ​កម្ទេច​ក្រុម Abu Sayyaf
26, Aug 2016 , 3:29 pm        
រូបភាព
 
 
​បុរស​ខ្លាំង​ហ្វីលីពីន លោក Rodrigo Duterte បានរៀបចំ​ពិធីជប់លៀង​ធំ​មួយ សម្រាប់​ទាហាន​ដែល​ត្រូវ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម Abu Sayyaf​។ ជាការ​លើកទឹកចិត្ត​ទាហាន​ទាំងអស់ លោក ក៏បានផ្ដល់​ទាហាន​ទាំងអស់​នាឡិកា​ម្នាក់​មួយគ្រឿង​ផងដែរ មុននឹង​ពួកគេ​ទៅ​កម្ទេច​ក្រុម Abu Sayyaf តាម​បញ្ជា​របស់លោក Duterte បន្ទាប់ពី​ក្រុម​ឧទ្ទាម​នេះ កាត់​ក្បាល​ចំណាត់​ខ្មាំង​ម្នាក់​រួចមក​។

 
​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte រៀបចំ​កម្មវិធី​អាហារ​ពេល​ល្ងាច ផ្លែ​ធូ​រេ​ន និង​ផ្ដល់​នាឡិកាដៃ Casio G-Shock ទៅ​ឲ្យ​ទាហាន​មួយ​ពាន់​នាក់​នៃ​កងពលតូច​ថ្មើរជើង​លេខ​៦៩​។ កងកម្លាំង​ទាំង​មួយ​ពាន់​នាក់​នេះ ធ្វើដំណើ​ទៅកាន់​ខេត្ត​Basilan និង​ខេត្ត​Sulu ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម Abu Sayyaf ដែល​ប្រកាស​ភ្ជាប់​ខ្លួន​នឹង​ក្រុម​រដ្ឋ​ឥស្លាម​។​
 
​កងកម្លាំង​នៃ​កងពលតូច​លេខ​៦៩ នៃ​កងពលធំ​ថ្មើរជើង​លេខ​១០ និង​កងពលតូច​តម្រួត​លេខ​២ ដែលមាន​មូលដ្ឋាន​នៅ Compostela Valley បាន​ចាក​ចេញពី​ទីក្រុង Davao នៅ​រសៀល​ថ្ងៃទី​២៤ និង​នៅ​ព្រឹក​ថ្ងៃទី​២៥ ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler​។ 
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា នៅ​រាត្រី​ថ្ងៃទី​២៤ ប្រធានាធិបតី​ហ្វីលីពីន លោក Duterte បាន​ចូលរួម​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​ទាហាន​នៅឯ​Magsaysay Park ហើយ​លោក​ក៏បាន​ពិសារ​ផ្លែ​ធូ​រេ​ន​ជាមួយ​ពួកគេ​ផងដែរ​។ លោក Christopher Lawrence Go ជា​រដ្ឋមន្ត្រី​នៅ​ការិយាល័យ​ជំនួយការ​ពិសេស​ប្រធានាធិបតី និយាយថា គ្រប់​ទាហាន​ទាំងអស់ ត្រូវ​ផ្ដល់​ឲ្យ​នាឡិកា G-Shock ម្នាក់​មួយគ្រឿង ជា​សញ្ញា​នៃ​ការគាំទ្រ​របស់​ប្រធានាធិបតី​។    
 
​ក្នុង​សន្និសីទ​នៅ​ថ្ងៃទី​២៥ ខែសីហា ក្នុង​ទីក្រុង Davao លោក Duterte បាន​រម្លឹក​ពីបទ​បញ្ជា​របស់លោក​ក្នុងការ​កម្ទេច​ក្រុម Abu Sayyaf​។ ការ​រម្លឹក​នេះ ធ្វើឡើង​បន្ទាប់ពី​ចំណាត់​ខ្មាំង​យុវជន​ម្នាក់ ត្រូវបាន​ក្រុម​នេះ​កាត់​ក្បាល បន្ទាប់ពី​មិនអាច​ទទួល​ប្រាក់​រំលស់​ចំនួន​មួយ​លាន​ពឺ​សូ​បាន​នោះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា  ក្រុម Abu Sayyaf គឺជា​ក្រុម​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រុម​នេះ ក៏​ធ្លាប់​ប្រកាស​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុលនិយម​ដែល​កំពុងតែ​បន្តសកម្មភាព​ប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា​ផងដែរ​។ មូលដ្ឋាន​សំខាន់ និង ក៏​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម នេះ គឺ​ស្ថិតនៅ​កោះ Jolo ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​។ រយៈពេល​ពេល​៤​ទសវត្សរ៍ មកហើយ​ដែល​ក្រុម​ឧ​ទា្ទ​ម​នេះ បាន​ប្រឆាំង និង​ទាមទារ​យក​តំបន់​គ្រប់គ្រង​ស្វ័យភាព​ពី​រដ្ឋាភិបាល​ហ្វីលីពីន​៕    

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com