អន្តរជាតិ
អ្នកនេសាទហ្វីលីពីនទុកគជ់យក្សចោលក្រោមគ្រែអស់ជាង១០ឆ្នាំ
× អ្នកនេសាទហ្វីលីពីនម្នាក់ បានរក្សាទុកគជ់ខ្យងដ៏ធំបំផុតលើពិភពលោក ទុកក្រោមគ្រែរបស់ខ្លួនអស់ជាង១០ឆ្នាំ ដោយសារគាត់មិនបានដឹងពីតម្លៃមហាសាលរបស់វា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
កាលពីជាង១០ឆ្នាំមុន អ្នកនេសាទ បានរកឃើញគជ់ខ្យងយក្សដែលនៅក្បែរទូករបស់ខ្លួននៅកោះ Palawan ដែលជាកោះធំជាងគេនៅភាគខាងលិចប្រទេសហ្វីលីពីន។
អ្នកស្រី Cynthia Amurao អ្នកទទួលបន្ទុកផ្នែកទេសចរណ៍ប្រចាំក្រុង Puerto Princesa បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN ថា គជ់ខ្យងនោះ មានទម្ងន់រហូតដល់ទៅ ៣៤គីឡូក្រាម និងមានតម្លៃរាប់លានដុល្លារអាមេរិក។
អ្នកនេសាទ បានយកគជ់ដែលមានតម្លៃមហាសាល ទុកចោលក្រោមគ្រែរបស់ខ្លួន ដោយគ្រាន់តែចាត់ទុកថា វាជាវត្ថុត្រជាក់ត្រជុំប៉ុណ្ណោះ។ គាត់មិនបានដឹងពីតម្លៃដ៏មហាសាលរបស់វានោះឡើយ។
កាលពីខែកក្កដា កន្លងទៅ ក្មួយប្រុសរបស់អ្នកនេសាទ បានយកគជ់ទៅបង្ហាញម្តាយមីងម្នាក់ទៀតរបស់ខ្លួនគឺអ្នកស្រី Amurao។ អ្នកស្រី Amurao បានស្នើសុំអ្នកនេសាទដែលជាសាច់ញាតិរបស់ខ្លួនឲ្យយកគជ់ខ្យងបង្ហាញជាសាធារណៈ និងដើម្បីឲ្យបានដឹងពីតម្លៃពិតប្រាកដរបស់វា។
គជ់ខ្យងត្រូវបានវេចខ្ចប់ផ្ញើទៅសាលាក្រុង Puerto Princesa ដើម្បីរង់ចាំអ្នកជំនាញធ្វើការវាយតម្លៃ។ អ្នកនេសាទនៅតែម្ចាស់កម្មសិទ្ធិផ្តាច់មុខរបស់គជ់ខ្យងនោះ ពីព្រោះ គាត់មិនបានប្រកាសប្រគល់ឲ្យអាជ្ញាធរដែនដីនោះឡើយ។
ឈ្មោះអ្នកនេសាទ និងប្រភពច្បាស់លាស់នៃគជ់ខ្យងដ៏ធំនោះ មិនត្រូវបង្ហើបឲ្យដឹងនៅឡើយទេ។ បច្ចុប្បន្ន «គជ់ Allah» ឬ «គជ់ Lao Tzu» ដែលមានទម្ងន់១៤គីឡូក្រាម ជាប់ឈ្មោះជាគជ់ដែលមានទំហំធំជាងគេ។ គជ់នេះ ត្រូវបានរកឃើញកាលពីអំឡុងឆ្នាំ១៩៣០ នៅកោះ Palawan ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com