អន្តរជាតិ
ស្ថាបនិក «​ចលនា​ភូមិ​មួយ ផលិតផល​មួយ​» បាត់បង់​ជីវិត​ក្នុង​វ័យ​៩២​ឆ្នាំ​ ​
27, Aug 2016 , 8:39 pm        
រូបភាព
សម្តេច ហ៊ុន សែន សិក្សាបទពិសោធន៍ភូមិមួយ ផលិតផលមួយ ពីលោក Morihiko Hiramatsu នាអំឡុងទស្សនកិច្ចមួយទៅជប៉ុន
សម្តេច ហ៊ុន សែន សិក្សាបទពិសោធន៍ភូមិមួយ ផលិតផលមួយ ពីលោក Morihiko Hiramatsu នាអំឡុងទស្សនកិច្ចមួយទៅជប៉ុន
ស្ថាបនិក​ចលនា​ភូមិ​មួយ ផលិត​មួយ ដែល​កំពុង​រីកសាយ​ជុំវិញ​ពិភពលោក លោក Morihiko Hiramatsu បានទទួល​មរណភាព​ហើយ​ក្នុង​វ័យ​៩២​ឆ្នាំ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន ក្យូ​ដូ ដែល​បាន​ស្រង់​សំដី​ពី​សមាជិកគ្រួសារ​របស់​លោក Hiramatsu នៅ​ថ្ងៃទី​២៣ ខែសីហា​។


​អតីត​អភិបាលក្រុង OITA លោក Morihiko Hiramatsu ដែលជា​អ្នកផ្ដើមគំនិត​បង្កើត​ចលនា​ភូមិ​មួយ ផលិតផល​មួយ បាន​ស្លាប់​ក្នុង​វ័យ​៩២​ឆ្នាំ​។ ចលនា​ភូមិ​មួយ ផលិតផល​មួយ ដែលជា​ស្នាដៃ​របស់លោក កំពុងតែ​សាយភាយ​ពាសពេញ​ពិភពលោក ជាពិសេស​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​បាន​អនុវត្តតាម​គោលការណ៍​នេះ ក្នុងការ​អភិវឌ្ឍ​ភូមិ​ឃុំ​របស់ខ្លួន​។​

​លោក Morihiko Hiramatsu កាន់តំណែង​ជា​អភិបាលក្រុង OITA នៃ​កោះ​គ្យូស៊ូ​រយៈពេល​២៤​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៨០ មកដល់​ឆ្នាំ​២០០៣​។ ក្នុងពេល​កាន់តំណែង​ជា​អភិបាលក្រុង OITA លោក​បាន​បង្កើតជា​ចលនា​ភូមិ​មួយ ផលិតផល​មួយ​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន គោលការណ៍​ចលនា​នេះ ត្រូវបាន​ប្រើប្រាស់​នៅតាម​ប្រទេស​ក្រីក្រ​ជាច្រើន​។

​ជាមួយនឹង​ស្នាដៃ​នេះ ក្នុង​ឆ្នាំ​១៩៩៥ លោក Morihiko Hiramatsu បានទទួល​ពានរង្វាន់ Ramon Magsaysay ដែលមាន​តម្លៃ​ស្មើនឹង​ពានរង្វាន់​ណូបែល ចំពោះ​សមិទ្ធផល​របស់លោក​ក្នុងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ខ្លួនឯង​សម្រាប់​ទីក្រុង OITA​តាមរយៈ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​នេះ​។ លោក​ក៏​ទទួលបាន​គ្រឿងឥស្សរយស Grand Cordon of the Order of the Rising Sun ក្នុង​ឆ្នាំ​២០០៤​ដែរ​។

​ចលនា​ភូមិ​មួយ ផលិតផល​មួយ ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ឆ្នាំ​១៩៨០ ក្នុង​ទីក្រុង OITA បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​តំបន់​នានា​របស់​ជប៉ុន​។ តាមរយៈ​គោលការណ៍​នេះ សហគមន៍​នីមួយៗ នឹង​ផលិត​តែ​ផលិតផល​ណាមួយ​ដែល​ខ្លួន​មាន​សក្ដានុពល​ប្រកួតប្រជែង​លើ​ទីផ្សារ ជាជាង​ផ្ដោតលើ​ផលិតផល​ច្រើន ដើម្បី​បង្កើន​ប្រាក់ចំណូល​នៅតាម​សហគមន៍​របស់ខ្លួន​។   

​មកទល់ពេលនេះ ចលនា​ភូមិ​មួយ ផលិតផល​មួយ​នេះ ត្រូវបាន​ពង្រីក​ទៅកាន់​ប្រទេស​ជាច្រើន ជាពិសេស​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​អាហ្វ្រិក​។ ប្រទេស​ទាំងនោះ ថែមទាំង​បង្កើតជា​ស្ថាប័ន​សម្រាប់​សម្របសម្រួល​កា​រ​អនុវត្ត​គោលការណ៍​នេះ​នៅតាម​សហគមន៍​របស់ខ្លួន ក៏ដូចជា​សម្រាប់​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ផងដែរ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com