អន្តរជាតិ
លោក Duterte ផ្ដល់រង្វាន់ជាង៤ម៉ឺនដុល្លារសម្រាប់ក្បាលប៉ូលិសការពារឈ្មួញគ្រឿងញៀន
× បន្ទាប់ពីឡើងកាន់អំណាចកាលពីចុងខែមិថុនា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ចេញកណ្ដាប់ដៃដែកក្នុងការបោសសម្អាតគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗចេញពីសង្គមហ្វីលីពីន បើទោះជារងការិះគន់យ៉ាងណាក្ដី។ នៅចុងក្រោយនេះ បុរសខ្លាំងរូបនេះ ក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើន សម្រាប់ក្បាលមន្ត្រីប៉ូលិសណាដែលជាប់ពាក់ព័ន្ធនឹងឈ្មួញគ្រឿងញៀន ដែលនេះបង្ហាញការប្ដេជ្ញាចិត្តរបស់លោក ក្នុងយុទ្ធនាការចម្រូងចម្រាសនេះ។
កងកម្លាំងប៉ូលិសហ្វីលីពីន បានដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការកម្ចាត់គ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ ប៉ុន្តែនៅពេលនេះ លោក Duterte បានសន្យាផ្ដល់ប្រាក់រង្វាន់ចំនួនពីរលានពឺសូ (៤៣០០០ដុល្លារ) សម្រាប់ក្បាលរបស់គ្រប់មន្ត្រីប៉ូលិសដែលការពារឈ្មួញគ្រឿងញៀន ដ្បិតកន្លងមកមានមន្ត្រីប៉ូលិសជាច្រើននាក់មកហើយ ដែលជាប់ខ្លួនពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន រួមទាំងការការពារឈ្មួញធំផងនោះ។
ក្រៅពីនេះ បុរសកណ្ដាប់ដៃដែកនេះ ក៏ប្រកាសជំហរមិនរាថយក្នុងការបោសសម្អាតគ្រឿងញៀន ដែលបានអុកឡុកហ្វីលីពីនជាយូរមកហើយនោះ។ ថ្លែងទៅកាន់អ្នកចូលរួមក្នុងថ្ងៃបុណ្យវីរជនជាតិ ថ្ងៃទី២៨ ខែសីហា លោក Duterte បញ្ជាក់ថា ប្រតិបត្តិការនេះ នឹងកាន់តែឃោរឃៅតាមតែអាចធ្វើបាន ហើយលោកក៏មិនមេត្តាដល់ពួកគេទាំងនោះដែរ។ លោកបន្តថា យុទ្ធនាការនេះនឹងនៅតែរហូត ហើយលោកនឹងបញ្ចប់សង្គ្រាមប្រឆាំងអំពើពុករលួយ គ្រឿងញៀន និងឧក្រិដ្ឋកម្មទាំងនេះ។
សារព័ត៌មាន GMA NEWS ផ្សាយថា ប្រធានាធិបតីហ្វីលីពីន ក៏បានប្រកាសផ្ដល់រង្វាន់សម្រាប់ក្បាលសមាជិកនៃប៉ូលិសជាតិហ្វីលីពីន ដែលការពារមេឈ្មួញថ្នាំញៀនផងដែរ។ លោក Duterte បន្ថែមថា លោកនឹងផ្ដល់រង្វាន់ទឹកប្រាក់ចំនួនពីរលានពឺសូ ដែលស្មើ៤៣០០០ដុល្លារសម្រាប់ក្បាលមួយ។
សូមរម្លឹកដែរថា តាំងពីមុនចូលកាន់តំណែងជាផ្លូវការក្នុងខែមិថុនា លោកប្រធានាធិបតី Duterte ក៏បានអំពាវនាវឲ្យប្រជាជនពលរដ្ឋទាំងអស់ ចូលរួមក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន ដោយពួកគេ ជាពិសេសអ្នកដែលមានកាំភ្លើង មានសិទ្ធិបាញ់សម្លាប់ឈ្មួញគ្រឿងញៀនបាន។ មួយវិញទៀត យុទ្ធនាការក្ដៅនេះ ត្រូវបានពង្រីកទៅដល់មន្ត្រីជាន់ខ្ពស់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែរ។
មន្ត្រីប៉ូលិស និងយោធាទាំងអស់ ដែលប្រើប្រាស់គ្រឿងញៀន ឬមានជាប់ពាក់ព័ន្ធនឹងការជួញដួរ ត្រូវចូលខ្លួនមកសារភាពជាបន្ទាន់។ ចំណែកកមន្ត្រីជាន់ខ្ពស់ ជាពិសេសអភិបាលខេត្តក្រុងដែលរកស៊ីជាមួយឈ្មួញគ្រឿងញៀន ក៏ត្រូវណែនាំឲ្យចូលខ្លួនផងដែរ ប្រសិនបើមិនចង់មានវាសនាអាក្រក់ទេនោះ ដ្បិតលោក Duterte បានដាក់បញ្ជាដាច់ខាតហើយ ក្នុងករណីដែលមិនព្រមចូលសារភាពតាមសម្រួលទេនោះ អាចនឹងត្រូវអស់ជីវិតមិនខាន៕
Tag:
ហ្វីលីពីន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com