សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២២,០០០ដុល្លារ ដល់ក្រុមកីឡាករបាល់ទាត់អាយុក្រោម១៥ឆ្នាំ នៃសាលាបាល់ទាត់ជាតិទន្លេបាទីដែលបាននាំពានជើងឯកពីព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅប្រទេសចិនជូនកម្ពុជា។ ក្រុមកីឡាករ U15 និងគណប្រតិភូកីឡាទាំងអស់បានមកដល់កម្ពុជាវិញកាលពីយប់ថ្ងៃទី២៩ ខែសីហា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកាលើកទឹកចិត្តម្នាក់១ពាន់ដុល្លារដល់ប្រតិភូគ្រូបង្វឹក និងក្រុមកីឡាករ U15 នៃសាលាបាល់ទាត់ជាតិទន្លេបាទីដែលបានពាំនាំពានជើងឯកពីព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅប្រទេសចិន ជូនកម្ពុជា។
គួរបញ្ជាក់ថា ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទីអាយុក្រោម១៥ឆ្នាំក្រោមការដឹកនាំរបស់លោក Inoue Kazunori ដែលបានចាកចេញពីកម្ពុជាតាំងពីថ្ងៃទី២៣ ខែសីហា បាននាំពានពីព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅប្រទេសចិន ជូនកម្ពុជាក្រោយយកឈ្នះក្រុមកាហ្សាក់ស្ថាន ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។