អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​ថា ខ្លួន​គ្មាន​ផែន​ការទិញ​នាវាមុជទឹក​ប្រើ​ថាមពលនុយក្លេអ៊ែរ​ទេ​
30, Aug 2016 , 3:58 pm        
រូបភាព
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ។ រូបថត Yonhap
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ។ រូបថត Yonhap
​បន្ទាប់ពី​កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​នាវាមុជទឹក​រួចមក សមាជិកសភា​កូរ៉េខាងត្បូង ក៏បាន​រួមគ្នា​សើ្ន​រដ្ឋាភិបាល​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​បង្កើន​សមត្ថភាព​កងទ័ព​តាមរយៈ​ការប្រើប្រាស់​នាវាមុជទឹក​ប្រើ​ថាមពលនុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង​។ យ៉ាងណាក្ដី យោធា​កូរ៉េខាងត្បូង បញ្ជាក់​វិញ​ថា ខ្លួន​គ្មាន​ផែន​ការទិញ​នាវាមុជទឹក​នោះឡើយ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ឆ្លើយតប​នឹង​សំណើ​សមាជិកសភា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែសីហា និយាយថា ខ្លួន​មិនមាន​ផែន​ការបញ្ជាទិញ​នាវាមុជទឹក​ប្រើ​ថាមពល​នុយ​ក្ល​អ៊ែរ ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​ឡើយ​។ សំណើ​ខាងលើ​ធ្វើឡើង បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក ដែល​អាចរ​ត់ដល់​ទៅ​ចម្ងាយ​៥០០​គីឡូ​ម៉ែត និង​ត្រូវ​ចាត់ទុកជា​ការរីកចម្រើន​ទៅមុខ​មួយ​ជំហាន​ទៀត​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ 

​ការសាកល្បង​កាលពី​សប្ដាហ៍​មុន ធ្វើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​បារម្ភ​យ៉ាងខ្លាំង ដ្បិត​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាមុជទឹក​នោះ មិន​ងាយ​នឹងត្រូវ​រ៉ា​ដា​ចាប់​បានឡើយ ដែល​នេះ​ផ្ទុយ​ពី​មី​ស៊ី​លបាញ់​ចេញពី​ជើង​ទម្រ​លើដី ងាយស្រួល​ចាប់​ដាន​បាន​។ ដោយសារតែ​បញ្ហា​នេះ ទើប​សមាជិកសភា​១២​រូប​មកពី​គណបក្សកាន់អំណាច Saenuri នៅ​ថ្ងៃទី​២៨ ខែសីហា ស្នើ​ឲ្យ​ទិញ​នាវាមុជទឹក​ដែរ ដើម្បី​ការពារ​សន្តិសុខ​ប្រទេស ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។​

​យ៉ាងណាមិញ យោងតាម​កាសែត Jakarta Post ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បញ្ជាក់ដែរថា នឹងមិន​មាន​ផែន​ការទិញ​នោះឡើយ ប៉ុន្តែ​មិនបាន​ប្រាប់​មូលហេតុ​អ្វី​ទេ​។ ប៉ុន្តែ​គេ​អាច​យល់បាន​ថា ការទិញ​នាវាមុជទឹក​មកប្រើប្រាស់ ជា​រឿង​គួរ​ឲ្យ​រសើប​សម្រាប់​ក្រុង​សេ​អ៊ូ​ល ដ្បិត​វា​ច្បាស់​ណាស់​ថា ក្រុង​ព្យុងយ៉ាង នឹង​ប្រឆាំង​ដាច់ខាត​នឹង​បញ្ហា​នេះ​។ ហើយ​ដូច​រាល់​ដងនោះ ក្រុង​ព្យុងយ៉ាង នឹង​ចាត់ទុកជា​រឿង​ជាការ​បង្កហេតុ ព្រមទាំង​អាច​បង្ក​ជាការ​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។

​មិន​ត្រឹមតែ​កូរ៉េខាងជើង​ទេ សូម្បីតែ​ចិន និង​អាមេរិក​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច ក៏​ទំនងជា​មិន​ពេញ​ចិត្តនឹង​ផែនការ​ខាងលើ​នេះដែរ ប្រសិនបើ​លេច​ជា​រូបរាង​មែន​នោះ​។ នាពេល​កន្លងមក ក្រុង​ប៉េកាំង មិនសូវ​ពេញចិត្ត​នឹង​ការបង្កើន​ការ​ប្រជែង​សព្វាវុធ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ហើយ​សូម្បីតែ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​ដោយ​កូរ៉េខាងត្បូង ក៏​ចិន​ប្រឆាំង​ដែរ និង​ទាមទារ​ឲ្យ​លុបចោល​ទៀតផង​។​

​ចំពោះ​អាមេរិក​វិញ កងទ័ព​ចំនួន​ជិត​បី​ម៉ឺន​នាក់​ដែល​តាំងនៅ​កូរ៉េខាងត្បូង​តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​មក​នោះ ក៏​អាចធ្វើ​ឲ្យ​កូរ៉េខាងជើង​ញញើត​នឹង​ឈ្លានពាន​កូរ៉េខាងត្បូង​ដែរ​។ មួយវិញទៀត​នោះ អាមេរិក​មិនមែន​មិន​ចង់​ឲ្យ​កូរ៉េខាងត្បូង​មាន​នាវាមុជទឹក ដើម្បី​ការពារ​ខ្លួន​នោះទេ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់ ដ្បិត​អាចធ្វើ​ឲ្យ​ចិន​ខឹង​ខ្លាំង ដែល​នេះ​មិនមែនជា​រឿង​ល្អ​នោះទេ​៕     


Tag:
 កូរ៉េខាងត្បូង​
 ​ កូរ៉េខាងជើង​
 ​ នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com