កីឡាជាតិ
ជាតិ
កីឡាការិនី ស៊ន សៀវម៉ី លុះត្រាតែសម្រេចគោលដៅឆ្នាំ២០២០ទើបគិតរឿងរៀបការ
× កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ក្រោយត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិកនៅ Rio ប្រទេសប្រេស៊ីលដោយមិនបានពាំនាំមេដាយ និងសាងកំណត់ត្រាថ្មីជូនកម្ពុជា។ នាងបានបញ្ជាក់នៅមុខអ្នកសារព័ត៌មានថា លុះត្រាតែនាងបានសម្រេចគោលដៅឆ្នាំ២០២០ ទើបនាងគិតរឿងរៀបការ ទោះបីនាពេលកន្លងមករូបគេធ្លាប់បានប្រាប់ថា នឹងគិតរឿងអនាគតនៅឆ្នាំនេះក៏ដោយ។
ដោយបានកំណត់ និងដាក់គោលដៅច្បាស់លាស់សម្រាប់ថ្ងៃអនាគត បានធ្វើឲ្យកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលធ្លាប់ប្រាប់ថានឹងគិតគូរឿងអនាគតនៅឆ្នាំនេះ បែរជាសម្រេចចិត្តឈប់គិតពីបញ្ហានេះ ដោយយកពេលវេលាទាំងនោះមកហ្វឹកហាត់ពង្រឹងបច្ចេកទេស និងសមត្ថភាពរបស់ខ្លួនទៅវិញ។ នាងបានបញ្ជាក់នៅមុខអ្នកសារព័ត៌មានថា លុះត្រាតែបានសម្រេចគោលបំណងឆ្នាំ២០២០ទើបនាងគិតរឿងរៀបការម្តងទៀត។
នៅពេលអ្នកសារព័ត៌មានសួរថា ដោយសារកញ្ញាធ្លាប់ប្រាប់ថា កញ្ញានឹងគិតគូរឿងអនាគត់នៅឆ្នាំនេះ តើបើសិនកញ្ញារៀបការរួចតើនៅបន្តឆន្ទៈក្នុងការស្វែងរកមេដាយជូនជាតិទៀតឬមួយយ៉ាងណា? ឆ្លើយតមទៅនឹងសំនួរនេះកីឡាការិនី ស៊ន សៀវម៉ី បានបញ្ជាក់ថា៖«និយាយរួមពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំអត់ទាន់គិតទេឥឡូវនេះ។ បើនិយាយពីរឿងរៀបការលុះត្រាខ្ញុំចប់បេសកកម្ម បើសិនជាខ្ញុំមានឈ្មោះប្រកួតជម្រុះអូឡាំពិកនៅទីក្រុង Tokyo ហើយខ្ញុំមានឈ្មោះក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Tokyo ឆ្នាំ២០២០ ដូច្នេះលុះត្រាតែខ្ញុំប្រកួតចប់ទើបខ្ញុំគិតគូរពីបញ្ហានេះ និយាយរួមលុះត្រាតែខ្ញុំសម្រេចគោលដៅឆ្នាំ២០២០»។
កីឡាការិនី ស៊ន សៀវម៉ី មុនថ្ងៃចាកចេញពីកម្ពុជាដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីលធ្លាប់បានបង្ហើបឲ្យដឹងថា នាងនឹងគិតរឿងអនាគតក្រោយត្រឡប់មកពីចូលរួមការប្រកួតនេះ។ ប៉ុន្តែអ្វីបានផ្ទុយពីការពិត ដោយកាលពីពេលថ្មីៗនាងបែរជាបញ្ជាក់ថា លុះត្រាតែសម្រេចគោលបំណងអូឡាំពិកឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសប្រេស៊ីលទៅវិញ។
ការលើកឡើងបែបនេះបន្ទាប់ពីកីឡាការិនីម្ចាស់ជើងឯកមេដាយអាស៊ីឆ្នាំ២០១៤ រូបនេះមិនបានសម្រេចគោលបំណងរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល។ ម្យ៉ាងទៀតដោយសារនាងចង់បង្កើតកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកសម្រាប់កម្ពុជា មុនថ្ងៃបញ្ចប់អាជីពជាកីឡាការិនី៕
Tag:
តេក្វាន់ដូ
ស៊ន សៀវម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com