អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​UN«​បាន គី​មូ​ន​» សរសើរ មាតា​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​«​ស៊ូ​ជី​»​និង​អ្នក​កែទម្រង់​«​ថេ​ន​សេន​»
31, Aug 2016 , 11:14 am        
រូបភាព
ដោយ:
 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន (Ban Ki-Moon) នៅ​ថ្ងៃទី​៣០ ខែសីហា​ម្សិលមិញ បាន​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​៥​ទៅកាន់​រដ្ឋ​កំពុង​រះ​ប្រជាធិបតេយ្យ​អាស៊ីអាគ្នេយ៍​មី​យ៉ាន់​ម៉ា​។ ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ បាន​ជួប​ជាមួយនឹង​ប្រមុខ​ការទូត​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ដោយ​លោក បានលើកឡើង​ពី​ផល​លំបាក​និង​បញ្ហា​ប្រឈម​របស់​មី​យ៉ាន់​ម៉ា ក៏ដូចជា សរសើរ​ការប្រឹងប្រែង​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី និង​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន (Thein Sein)​ផងដែរ​។​


«​ថ្ងៃនេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​ខ្ញុំ បាន​ព្រមព្រៀងគ្នា​ថា ប្រជាជន​មី​យ៉ាន់​ម៉ា ទោះបីជា​មានពូជ​សាសន៍​, សាសនា ឬ​កម្រិត​សេដ្ឋកិច្ច​, តម្រូវការ​សង្គម និង​ឱកាស​សេដ្ឋកិច្ច ក្នុង​បរិយាកាស​ណាក៏ដោយ គ្រប់គ្នា​ត្រូវតែ​ទទួលបាន​សេរីភាព ភាព​ស្មើភាព និង​ការធានាបាន​សន្តិសុខ​។​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​បាន ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​នឹង​លោកស្រី​ស៊ូ​ជី ក្រោយ​នៃ​កិច្ចប្រជុំ​ ដែលផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ។
 
​នាឱកាស​ដដែល​នោះ លោក​អគ្គលេខាធិការ​ជិត​ផុត​អាណត្តិ បាន​ថ្លែង​សរសើរ និង​គាំទ្រ​ចំពោះ​ការប្រឹងប្រែង​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ក្នុង​ការកសាង​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា ហើយ​លោក ក៏បាន​សម្តែង​ភាព​រីករាយ​ក្នុង​ការវិល​ត្រលប់​មកកាន់​មី​យ៉ាន់​ម៉ា​ក្នុង​ទិដ្ឋភាព​ថ្មី​ប្រកបដោយ​សន្តិភាព កិត្តិយស និង​គួរ​មោទនភាព នៃ​ការផ្លាស់ប្តូរ​ចុងក្រោយ​ដែលជា​ផ្នែក​មួយ​ដែល​ចេញពី​ការបោះឆ្នោត​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​។ 
 
​ក្រៅពី​ការលើកទឹកចិត្ត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ក្នុងការ​ប្រឹងប្រែង​កសាង​ប្រទេស​ពី​របប​គ្រប់គ្រង​ដោយ​យោធា ទៅ​ជាល​ទិ្ធ​ប្រ​ជា​ធិបតេយ្យ​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនោះ ក៏​មិន​ភ្លេច​មេដឹកនាំ​នយោបាយ​គំរូ​មី​យ៉ាន់​ម៉ា​មួយរូប ដែល​នោះ​គឺជា លោក​អតីត​ប្រធានាធិបតី ថេ​ន សេន​នោះឯង​។ លោក បាន គី​មូ​ន បាន​អះអាងថា លោក ពិតជា​សរសើរ​ពី​ភាព​ដឹកនាំ​របស់លោក​ថេ​ន សេន ដែល​បាន​ចូលរួមចំណែក​លើកស្ទួយ​ការកែទម្រង់​ប្រទេស​។​
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ មី​យ៉ាន់​ម៉ា បានរៀបចំ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​បំផុត​ក្នុង​រយៈពេល​៦​ទសវត្សរ៍​ចុងក្រោយ ក្រោម​ការដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី ថេ​ន សេន​។ ជា​លទ្ធផល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ដោយ​តំណាងរាស្ត្រ​បក្ស​លោកស្រី​ស៊ូ​ជី មាន​សមាសភាព​សរុប​នៅក្នុង​រដ្ឋសភា​២៥៥​នៃ​អាសនៈ​សរុប​៤៤០​និង​សមាសភាព​ក្នុង​ព្រឹទ្ធិ​សភា​១៣៥ នៃ​អាសនៈ​សរុប​២២៤​។ 
 
​ជា​រឿង​ដែល​គួរ​សរសើរ និង​កត់សម្គាល់​នោះ រដ្ឋាភិបាល​លោក​ថេ​ន សេន ដែល​បាន​ឡើងកាន់​អំណាច​ក្នុងដំណាក់កាល​អន្តរកាល​ពី​របប​យោធា​មកកាន់​របប​ប្រជាធិបតេយ្យ បានបង្ហាញ​ភាពចាស់ទុំ​ផ្នែក​នយោបាយ ដោយ​ហ៊ាន​ទទួលស្គាល់​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ខុសពី​ការបោះឆ្នោត​មុនៗ​របស់​មី​យ៉ាន់​ម៉ា​ដែល​រៀបចំ​ដោយ​យោធា​។ ភាព​ដឹកនាំ​ក្នុងការ​ផ្សះផ្សារ​ជាតិ រួម​ជាមួយនឹង​ភាពចាស់ទុំ​នយោបាយ​របស់លោក ថេ​ន សេន លោក ត្រូវបាន​គេ​ចាត់ទុកជា​«​អ្នក​កែទម្រង់​មី​យ៉ាន់​ម៉ា​»៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com