ជាតិ
អង់គ្លេស​គ្រោង​បើក​សាកលវិទ្យាល័យ និង​សាលា​បណ្តុះបណ្តាល​នៅ​កម្ពុជា​
31, Aug 2016 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក Bill Longhurst ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ស្ថាប័ន​អប់រំ​របស់​ចក្រភព​អង់គ្លេស កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ គម្រោង​នេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា សាទរ និង​គាំទ្រ​ផងដែរ​។

 


​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក Bill Longhurst  បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ថា ចក្រភព​អង់គ្លេស បាន​និង​ង​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព បើក​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៅ​កម្ពុជា ក្នុង​បំណង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ការ​ថ្លែង​នេះ គឺធ្វើឡើង​នៅក្នុង​ពិធី​អបអរសាទរ និង​ជូន​ដំណើរ​និស្សិត​ជ័យលាភី​អាហារូបករណ៍ Chevening នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​។ លោក​ឯកអគ្គរាជទូត ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា ស្ថាប័ន​អប់រំ​របស់​ចក្រភព​អង់គ្លេស នឹង​ឈាន​ជើង​មកដល់​កម្ពុជា ហើយ​យើង​សង្ឃឹមថា នៅ​ថ្ងៃ​ខាងមុខ និស្សិត​កម្ពុជា នឹង​ទទួលបាន​ការអប់រំ​ជា​ន់​ខ្ពស់ ដែលមាន​ស្តង់ដារ​ពី​ចក្រភព​អង់គ្លេស​»​។

​យ៉ាងណា​ក៏ដោយចុះ លោក​ឯកអគ្គរាជទូត ពុំបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ ដោយ​លើក​ពី​មូល​ហេតុថា​៖«​យើង​ដឹង​ហើយ​ថា ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​ណាមួយ គឺ​ស្ថាន​ប័ន​ទាំង​អស់ហ្នឹង គឺ​ត្រូវការ​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិន​ល្អន់​ជាមុនសិន ដូច្នេះ ពួកគេ​ត្រូវការ​ពេលវេលា​»​។ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន មាន​ស្ថាប័ន​អប់រំ​របស់​ចក្រភព​អង់គ្លេស​ជាច្រើន បាន​ឈាន​ជើង​ចូល​ទីផ្សារ​នៅ​អាស៊ីអាគ្នេយ៍ ដោយ​បើក​ជា​សាកលវិទ្យាល័យ​ផង និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង ដើម្បី​ផ្តល់​សេវា​អប់រំ​ដ៏​ល្អ ដល់​និស្សិត​នៅក្នុង​តំបន់​រួចមកហើយ​។ 

​ទាក់ទង​នឹង​គម្រោង​បើក​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាលរ​បស់​ស្ថាប័ន​អប់រំ ចក្រភព​អង់គ្លេស​នេះដែរ លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន គ្រា​ដែល​លោក​ចូលរួម​ជូន​ដំណើរ​និស្សិត​ជ័យលាភី​អាហារូបករណ៍ Chevening  ថា  ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា គឺមាន​គាំទ្រ​ចំពោះ​គម្រោង​នេះ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​គេ​បើក​សាលា​កាន់តែច្រើន គឺ​កាន់តែ​ល្អ ពីព្រោះ ធ្វើ​កូន​ខ្មែរ​កាន់តែ​រីកចម្រើន​»៕        


Tag:
 Bill Longhurst
© រក្សាសិទ្ធិដោយ thmeythmey.com