កីឡាជាតិ
ជាតិ
កីឡាករ វ៉ាន់ វ៉ុន ប្តេជ្ញាធ្វើឲ្យបានល្អនៅ Rio Paralympic កីឡាករ វ៉ាន់ វ៉ុន និងលោក យី វាសនា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានមុនចេញដំណើរទៅប្រេស៊ីល។ រូបថត Poeng Sareth
× កីឡាករពិការជម្រើសជាតិផ្នែកជិះរទេះ វ៉ាន់ វ៉ុនជាអត្តពលិកតែម្នាក់គត់ដែលតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រេស៊ីល (Rio 2016 Paralympic Games) បន្ទាប់ពីទទួលបានសិទ្ធអនុគ្រោះពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកពិភពលោកកាលពីដើមខែសីហា។ សម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះរូបគេមិនរំពឹងក្នុងការដណ្តើមបានមេដាយ ប៉ុន្តែប្តេជ្ញាថានឹងធ្វើឲ្យបានល្អ។
កីឡាករ វ៉ាន់ វ៉ុន និងប្រតិភូដែលដឹកនាំដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចាកចេញដំណើរទៅកាន់ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនៅថ្ងៃទី១ ខែកញ្ញា នេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកឆ្នាំ២០១៦ ។
ម្ចាស់មេដាយមាស ASEAN Para Games ឆ្នាំ២០១៥ នៅសិង្ហបុរី វ៉ាន់ វ៉ុនមិនហ៊ានដាក់កី្តរំពឹងខ្ពស់ក្នុងឈានដល់ដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល (Rio 2016 Paralympic Games) នោះទេ សម្រាប់ការចូលរួមជាលើកដំបូងនេះ ប៉ុន្តែគាត់បានប្តេជ្ញាថា នឹងធ្វើឲ្យបានល្អតាមរយៈការខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព។ ទោះបីវាលើកទី១សម្រាប់ការចូលរួមក៏ដោយ ប៉ុន្តែគាត់រំពឹងថា តាមរយៈការខិតខំប្រឹងប្រែង គាត់អាចបង្កើតកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា។
កីឡាករ វ៉ាន់ វ៉ុនជាបេក្ខភាពតំណាងកម្ពុជាតែម្នាក់គត់ ដែលទទួលបានសិទ្ធអនុគ្រោះពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកពិភពលោក និងត្រូវបានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបញ្ជូនឲ្យចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល។ សម្រាប់ការចូលរួមនេះវាឱកាសមួយដ៏ល្អសម្រាប់ វ៉ាន់ វ៉ុនក្នុងការសិក្សាស្វែងយល់ពីបទពិសោធន៍ និងបច្ចេកទេសរបស់កីឡាករដែលមកពីបណ្តាប្រទេសធំៗលើពិភពលោក ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀត។
ការចូលរួមព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកជាលើកដំបូងនេះ វ៉ាន់ វ៉ុនត្រូវប្រកួតលើវិញ្ញាសាជិះរទេះប្រណាំងចម្ងាយ១០០ម៉ែត្រលើប្រភេទពិការT54 ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី៧-១៨ ខែកញ្ញា ខាងមុខនេះ។ ហើយរូបគេព្រមប្រតិភូកីឡាកម្ពុជានឹងចាក់ចេញពីកម្ពុជានាវេលាម៉ោង៦ព្រឹកថ្ងៃទី១ ខែកញ្ញា ស្អែកនេះ។
គួរបញ្ជាក់ថា កីឡាករ វ៉ាន់ វ៉ុនមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ជាកូនទី១ក្នុងចំណោមបងប្អូន៥នាក់ ហើយគាត់បានពិការជើងទាំងពីរដោយសារការចាក់ថ្នាំតាំងពីអាយុ២ឆ្នាំ និងបានចូលប្រឡូកក្នុងវិស័យកីឡាតាំងពីឆ្នាំ២០០៩។ ក្នុងឆ្នាំ២០១១ វ៉ាន់ វ៉ុនបានចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិពិការផ្នែករទេះ និងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន។
ស្នាដៃដែលកីឡាករ វ៉ាន់ វ៉ុន ទទួលបានរួមមាន មេដាយប្រាក់២នាព្រឹត្តិការណ៍ ASEAN Para Games ឆ្នាំ២០១១ មេដាយមាស៣ ប្រាក់២ នាព្រឹត្តិការណ៍ ASEAN Para Games ឆ្នាំ២០១៣ និងមេដាយសំរឹទ្ធ១ទៀត នា ASEAN Para Games ឆ្នាំ២០១៥ ៕
Tag:
វ៉ាន់ វ៉ុន
Rio Paralympic Games
ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com