កីឡាជាតិ
ជាតិ
កីឡាការិនី ចូវ សុធារ៉ា ប្រកាន់គោលជំហរខុសគ្នាពីកីឡាការិនី ស៊ន សៀវម៉ី ក្នុងអាជីពកីឡា
× កីឡាការិនីចំបាប់ជើងចាស់ ចូវ សុធារ៉ា ហាក់ដូចជាប្រកាន់គោលជំហរខុសគ្នាពីកីឡាការិនី ស៊ន សៀវម៉ី ដោយរូបគេនៅតែបន្តប្រកាន់ជំហរនឹងបញ្ចប់អាជីពជាកីឡាការិនីក្រោយត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិកនៅ Rio។ ចំណែកកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលធ្លាប់ប្រាប់ថា នឹងឈប់ចូលរួមប្រកួតកីឡាអូឡាំពិក បែរជាប្តេជា្ញនឹងបន្តអាជីពរហូតដល់កីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុនទៅវិញ។
កីឡាការិនីចំបាប់ ចូវ សុធារ៉ា ក៏ដូចជាកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មុនថ្ងៃចាកចេញពីកម្ពុជាដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកនៅ Rio សុទ្ធតែបានអះអាងថា នឹងអាចបញ្ចប់អាជីពជាកីឡាការិនីក្រោយត្រឡប់មកពីចូលរួមព្រឹត្តិការណ៍នេះ។ ប៉ុន្តែកីឡាការិនីទាំងពីរហាក់ដូចជាប្រកាន់គោលជំហរខុសគ្នាដោយកីឡាការិនី ចូវ សុធារ៉ា ប្រកាន់គោលជំហរបញ្ចប់អាជីពជាកីឡាកររបស់ខ្លួនដដែល។ ចំណែកកីឡាការិនី ស៊ន សៀវម៉ី បែរជាប្តេជា្ញបន្តអាជីបរហូតបានសម្រេចគោលបំណងក្នុងកីឡាអូឡាំពិកឆ្នាំ២០២០នៅទីក្រុង Tokyo ប្រទេសជប៉ុន។
កីឡាការិនីចំបាប់ម្ចាស់មេដាយមាសស៊ីហ្គេមពីរជំនាន់ ចូវ សុធារ៉ា ក្រោយត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិកនៅ Rio ប្រទេសប្រេស៊ីលកាលពីពេលថ្មីៗបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំ គឺមានគោលដៅច្បាស់លាស់ក្រោយត្រឡប់មកពីចូលរួមអូឡាំពិកគឺខ្ញុំត្រូវតែបញ្ចប់អាជីពជាកីឡាករ ព្រោះខ្ញុំគិតថា វាជាកីឡាលំដាប់ពិភពលោកខ្ពស់ជាងគេអស់ហើយបង»។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីម្ចាស់មេដាយមាសស៊ីហ្គេមពីរជំនាន់រូបនេះ មិនបានបោះបង់ និងមិនឃ្លាតឆ្ងាយពីវិស័យកីឡាចំបាប់ឡើយ ដោយរូបគេនឹងបន្តអាជីពជាគ្រូបង្វឹកកីឡាចំបាប់ជំនួសវិញ។
ដោយឡែក កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានបញ្ជាក់ថា៖«ខ្ញុំនៅតែមានគោលដៅបន្តចង់ចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុង Tokyo ប្រទេសជប៉ុន ព្រោះខ្ញុំបានដាក់គោលដៅរួចហើយថា នឹងធ្វើឲ្យសម្រេចគោលដៅក្នុងឆ្នាំ២០២០»។ ការដាក់គោលដៅបែបនេះមិនត្រឹមតែធ្វើឲ្យនាងមានផ្លាស់ប្តូរអាជីពកីឡាប៉ុណ្ណោះទេ លើសពីនេះសូម្បីតែរឿងអនាគតក៏មានការប្រែប្រួលផងដែរ។
កត្តាដែលធ្វើឲ្យកីឡាការិនីម្ចាស់ជើងឯកមេដាយមាសអាស៊ានហ្គេមឆ្នាំ២០១៤ មានប្រែប្រួលបែបនេះ ដោយសាររូបគេមិនអាចពាំនាំនូវមេដាយ ឬសាងកំណត់ថ្មីសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio សម្រាប់ការចូលរួមជាលើកដំបូង។ ម្យ៉ាងទៀតកីឡាការិនីរូបនេះបានចាត់ទុកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Tokyo ជាផ្តល់ឱកាសដ៏ល្អសម្រាប់នាងក្នុងការបង្កើតកំណត់ថ្មីម្តងទៀតជូនកម្ពុជា។
គួរបញ្ជាក់ថា ការបង្ហាញវត្តមានរបស់កីឡាការិនី ចូវ សុធារ៉ា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio លើកនេះ ទោះបីជាមិនអាចទទួលបានលទ្ធផលល្អក៏ពិតមែន។ ប៉ុន្តែជាការសាងប្រវត្តិសាស្ត្រដ៏ល្អមួយសម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា ព្រោះតាំងពីចាប់ផ្តើមបង្កើតសហព័ន្ធរហូតមកដល់បច្ចុប្បន្ន គឺមានតែកីឡាករពីរនាក់ប៉ុណ្ណោះដែលបានចូលរួមព្រឹត្តិការណ៍នេះ។ ដោយលើកទី១គឺ លោក វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបច្ចុប្បន្ន និងលើកទី២កីឡាការិនី ចូវ សុធារ៉ា នេះតែម្តង។
ឬឯ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាកីឡាការិនីកម្ពុជាម្នាក់គត់ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់កម្ពុជា គឺតាមរយៈការទទួលបានសិទ្ធពេលលេញសម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅ Rio ដោយមិនបាច់ប្រើសិទ្ធអនុគ្រោះ ព្រោះជាងរយៈពេល៦០ឆ្នាំមកហើយកម្ពុជាមិនដែលមានកីឡាកររូបណាអាចចូលរួមកីឡាអូឡាំពិកដោយពេញសិទ្ធបែបនេះនោះទេ៕
Tag:
ចំបាប់
តេក្វាន់ដូ
ចូវ សុធារ៉ា
ស៊ន សៀវម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com