អន្តរជាតិ
តើ​អូស្ត្រាលី ត្រូវ​ជ្រើស​យក​សម្ព័ន្ធមិត្ត​អាមេរិក ឬ​មហា​យក្ស​ចិន​?
01, Sep 2016 , 9:39 pm        
រូបភាព
​អូស្ត្រាលី​មិន​ពាក់ព័ន្ធ​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង រវាង​ចិន និង​រដ្ឋ​ជា​សមាជិក​អាស៊ាន​បួន​ឡើយ​។ ប៉ុន្តែ​ជារឿយៗ អូស្ត្រាលី​តែង​បង្ហាញ​ការគាំទ្រ សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធមិត្ត​ខ្លួន គឺ​អាមេរិក​។ ជាមួយនឹង​ការប្រកាស​គាំទ្រ​នេះ អូស្ត្រាលី​ហាក់ដូចជា​មិន​ខ្វល់​នឹង​ចិន​នោះទេ បើទោះជា​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់ខ្លួន​ក្ដី ។​ប៉ុន្តែ​ក្រុង​កង់​បេ​រ៉ា ហាក់​រារែក​នឹង​ចូល​ជ្រៅ​ក្នុងការ​ប្រជែង​គ្នា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​។



​ភាពមិន​ដាច់ស្រេច​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ភាគី​ពាក់ព័ន្ធ​នៃ​រដ្ឋ​អាស៊ាន  មិន​ត្រឹមតែ​ជា​ក្តីបារម្ភ​ក្នុង​តំបន់​ប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​កំពុងស្ថិត​ក្នុងការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទៀត​ដែរ​។ អាមេរិក​រួមទាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​អូស្ត្រាលី​ដែល​រដ្ឋ​ខាងក្រៅ កំពុងតែ​ប្រឡូក​ខ្លួន​យ៉ាងជ្រៅ ក្រោមរូបភាព​រក្សា​សន្តិភាព និង​សន្តិសុខ ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន ដែល​កំពុងតែ​កើន​ឥទ្ធិពល​នៅក្នុង​តំបន់​។​

​យ៉ាងណាមិញ ទឹកប្រាក់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​របស់​ចិន​នៅ​អូស្ត្រាលី កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា ស្ទាក់ស្ទើរ​ចិត្ត​ចូលរួម​ឲ្យ​ពេញដៃពេញជើង​ទៅក្នុង​ការប្រឈមមុខរ​វាង​មិត្ត​និង​គូប្រជែង​របស់​មិត្ត​។ ម្ខាង​អូស្ត្រាលី ត្រូវ​រក្សា​ចំណងមិត្តភាព​ជា​ប្រពៃណី​យូរអង្វែង​ជាមួយ​អាមេរិក ឯ​ម្ខាង​ទៀត​អូស្ត្រាលី ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហា​យក្ស​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់ បើទោះជា​ផ្នែក​យុទ្ធសាស្ត្រ​យោធា ភាគី​ទាំងពីរ​ខ្វែងគំនិត​គ្នា​ក៏ដោយចុះ​។​

​តាមពិតទៅ ការរារែក​ចិត្ត​របស់​អូស្ត្រាលី កំពុង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក បារម្ភ​ខ្លាំង ដ្បិត​អូស្ត្រាលី នៅតែ​មិន​ហ៊ាន​ចេញមុខ​ប្រឆាំង​ចិន​ខ្លាំងៗ​នោះឡើយ ដែល​វា​មិនមែនជា​ការចង់បានរ​បស់​អាមេរិក​ទេ​។ ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​យោធា​អាមេរិក​មួយរូប បានបង្ហាញ​ជំហរ ឲ្យ​អូ​ស្រា្ត​លី​សម្រេចចិត្ត​ឲ្យ​ដាច់ស្រេច​រវាង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហា​យក្ស​ចិន​។  

​ក្នុង​បទសម្ភាសន៍​ជាមួយ​វិ​ទ្យ​អូស្ត្រាលី ABC លោក​វរសេនីយ៍ Tom Hanson នាយរង​សេនាធិការ​កងទ័ពជើងគោក​អាមេរិក និយាយថា វា​ជាការ​លំបាក​សម្រាប់​អូស្ត្រាលី​ដែល​ចង់​រក្សា​សម្ព័ន្ធភាព​ជាមួយ​អាមេរិក និង​រឿង​សេដ្ឋកិច្ច​ជាមួយ​ចិន ក្នុងពេល​តែមួយ​នោះ​។ ដោយ​បញ្ជាក់ថា អ្វីដែល​លោក​លើក​ឡើងជា​មតិ​ផ្ទាល់ខ្លួន លោក​បន្តថា អូស្ត្រាលី ត្រូវ​សម្រេចចិត្ត ជ្រើសរើស​ផ្លូវ​មួយ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ខ្លួន​។

១. អាមេរិក ត្រូវការ​អូស្ត្រាលី​សម្រាប់​ទប់ទល់​មហា​យក្ស​ចិន​នៅ​អាស៊ី
​ដូចដែល​ធ្លាប់​បានដឹង​រួចមកហើយ អូ​ស្រា្ត​លី ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក និង​តែងតែ​ចាប់ដៃ​ជាមួយ​អាមេរិក ប្រឡូក​ក្នុង​ប្រតិបត្តិការ​នានា​ជុំវិញ​ពិភពលោក តួយ៉ាង​សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។ ចំណែក​នៅ​អាស៊ី​វិញ អូស្ត្រាលី ក៏​ជា​ដៃគូ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​របស់​អាមេរិក​ដែរ ក្នុងការ​ប្រជែង​យក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី ជាមួយ​មហា​យក្ស​ចិន ដែល​កំពុង​រះ​ត្រដែត​ឡើង​នោះ​។

​អូស្ត្រាលី បាន​ស្វាគមន៍​ការពង្រាយ​កង​ម៉ា​រី​ន​អាមេរិក​មកកាន់​មូលដ្ឋាន Darwin ដែលជា​ផ្នែក​នៃ​«​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ឡើងវិញ​នៅ​អាស៊ី​» ចំពេល​ដែល​ចិន កំពុងតែ​ឡើង​កូដ​ខ្លាំង ទាំង​វិស័យ​ការទូត យោធា និង​សេដ្ឋកិច្ច​។ ការពង្រាយ​ទ័ព​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការ​រឹងមាំ​នៃ​ទំនាក់ទំនង​យោធា​រវាង​ក្រុង​វ៉ា​ស៊ី​តោន និង​ក្រុង​កង់​បេ​រ៉ា តាមរយៈ​ការធ្វើ​ប្រតិបត្តិការ ក៏ដូចជា​ហ្វឹកហាត់​រួមគ្នា​។​

​ក្រៅពីនេះ កាលពី​ខែមេសា​កន្លងទៅ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ជួយ​បង្កើន​សមត្ថភាព​យោធា​អូស្ត្រាលី ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាវុធ​អាមេរិក លក់ស​ពា្វ​វុ​ធ​ឲ្យ​អូស្ត្រាលី ក្រោម​កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ទឹកប្រាក់ ១.២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​សព្វាវុធ​ដែល​អូស្ត្រាលី​ទិញ​នោះ ក៏មាន​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ប្រភេទ AIM-120D ផងដែរ ហើយ​អូស្ត្រាលី ជា​ប្រទេស​ដំបូង​បំផុត ដែល​ទិញ​អាវុធ​ទំនើប​របស់​អាមេរិក​នេះ​ទៅប្រើ​។​

​វា​ច្បាស់​ណាស់​ថា ការពង្រឹង​សមត្ថភាព​កងទ័ព​អូ​ស្ត្រ​លី និង​ការពង្រាយ​កងទ័ព​នៅ​អូស្ត្រាលី ជា​យុទ្ធសាស្ត្រ​ហ៊ុំព័ទ្ធ​ចិន កុំ​ឲ្យ​ឥទ្ធិពល​យក្ស​មួយ​នេះ រីក​សាយភាយ​ពាសពេញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ម្យ៉ាងទៀត ការ​ដែលមាន​កងទ័ព​នៅ​ជិត​បែបនេះ ក៏​ជាការ​ងាយស្រួល ចល័ត​ទៅ​ជួយ​សម្ព័ន្ធមិត្ត​ដទៃទៀត ក្នុង​គ្រា​ដែលមាន​អាសន្ន​កើតឡើង​ដែរ​។ 

២. ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​អូស្ត្រាលី
​បើទោះជា​ចិន និង​អូស្ត្រាលី នៅតែ​ខ្វែងយោបល់គ្នា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយចុះ ប្រទេស​ទាំងពីរ​នៅតែ​ត្រូវការ​គ្នា​លើ​វិស័យសេដ្ឋកិច្ច ព្រោះ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​អូស្ត្រាលី​។ ដោយសារតែ​ទំហំ​ពាណិជ្ជកម្ម​ធំ​បែបនេះ អូស្ត្រាលី ត្រូវតែ​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុននឹង​លូកដៃ​កាន់តែ​ជ្រៅ​ចូលក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តាម​ការអូសទាញ​រប​ស់​អាមេរិក​នោះ​។

​បើតាម​របាយការណ៍រ​បស់​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី មហា​យក្ស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​អូស្ត្រាលី​ក្នុងការ​ជួញដូរ​ទំនិញ និង​សេវាកម្ម​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​២០១៥ មាន​ដល់​ទៅ ១៥៥​ពាន់​លាន​ដុល្លារ​។ បើ​និយាយ​ពី​ការ​ទំហំ​នាំចេញ​-​នាំចូល​វិញ ចិន​គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​អូស្ត្រាលី ក្នុង​ទំហំ​ទឹកប្រាក់ ៩១.៣​ពាន់​លាន​ដុល្លារ (​ឆ្នាំ​២០១៥) ។ ចំណែក​អូស្ត្រាលី ក៏​នាំ​ចេញទៅ​ផ្សារ​ចិន ក្នុង​ទំហំ​ទឹកប្រាក់​៦៤.៥​ពាន់​លាន​ដុល្លារ​ដែរ (​ឆ្នាំ​២០១៥)​។

​បន្ថែម​លើ​នេះ អូស្ត្រាលី និង​ចិន ក៏បាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅមក​ផងដែរ​។ ពាណិជ្ជករ​អូស្ត្រាលី កាន់តែច្រើន បាន​ទៅ​បណ្តាក់ទុន​រកស៊ី​លើទឹក​ដី​ចិន​។ ចំណែក​ឈ្មួញ​ចិន​ធំៗ ក៏​នាំគ្នា​សម្រុក​មក​ធ្វើ​ជំនួញ​នៅ​អូស្ត្រាលី ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា ក៏​ព្យាយាម​ទាក់ទាញ​សេដ្ឋី​ចិន ឲ្យ​បណ្ដាក់ទុន​ក្នុង​ទឹកដី​ខ្លួន​ផងដែរ​។​

​នេះ​ជា​កត្តា​មួយ​បង្ហាញថា អូស្ត្រាលី និង​ចិន ទំនាក់ទំនង​សេដ្ឋកិច្ច​ស្អិតល្មួត តាមរយៈ​ការដោះដូរ​ពាណិជ្ជកម្ម ជាពិសេស​អូស្ត្រាលី ដែល​ត្រូវការ​ចិន​ខ្លាំង ដើម្បី​បង្កើន​សេដ្ឋកិច្ច​របស់ខ្លួន​។ នេះ​ក៏​ដោយសារ​ពាណិជ្ជករ​ចិន សម្បូរ​លុយ និង​ហ៊ាន​ជះ​លុយ វិនិយោគ​លើ​វិស័យ​សំខាន់ៗ​របស់​អូស្ត្រាលី​។  
 
៣. ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង អូស្ត្រាលី ត្រូវ​ជ្រើសរើស​អាមេរិក ឬ​ចិន​?
​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ការ​លូកដៃ​របស់​អាមេរិក​ក៏​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ក្ដៅ តែ​មិនមែន​រវាង​ចិន និង​ប្រទេស​ទាមទារ​ផ្សេងទៀត​នោះទេ គឺ​រវាង​ចិន​និង​អាមេរិក​ទៅវិញ​។ ដោយសារតែ​ជម្លោះ​នេះ​មាន​ពាក់ព័ន្ធ​នឹង​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន អាមេរិក ដែល​កំពុង​ប្រជែង​ជាមួយ​ចិន​ស្រាប់​ហើយ​នោះ ក៏​ទាញ​បណ្ដា​សម្ព័ន្ធមិត្ត​របស់ខ្លួន ជាពិសេស​អូស្ត្រាលី ឲ្យ​ចូលមក​ជាប់ដៃ​ជាប់ជើង​ក្នុង​ជម្លោះ​នេះដែរ​។

​ទាំង​អាមេរិក និង​អូស្ត្រាលី បាន​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ក៏ដូចជា​យន្តហោះ​ស៊ើបការណ៍ មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិត​នៅក្បែរ​តំបន់​កោះ​សិប្បនិម្មិត​របស់​ចិន​។ សកម្មភាព​ដែល​គេ​មើលឃើញថា​ជាការ​លូកដៃ​ក្នុង​តំបន់​ជម្លោះ​នោះ ត្រូវបាន​អាមេរិក និង​អូស្ត្រាលី ចាត់ទុកថា គ្រាន់តែ​ជាការ​អនុវត្ត​សិ​ទិ្ធ​សេរី​នៃ​ការហោះហើរ និង​ការធ្វើ​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​។

​ថ្វីដ្បិតតែ​អូស្ត្រាលី​មាន​ជំហរ​គាំទ្រ​សម្ព័ន្ធមិត្ត​ចាក់​មិន​លិច​អាមេរិក​លើ​សេរីភាព​នាច​រណ៍​ក្នុង​ដែនទឹក​សមុទ្រ​ចិន​ក៏ដោយចុះ ក៏​អូស្ត្រាលី មិនដែល​ធ្វើ​សកម្មភាព​នាវាចរណ៍​ជា​ឯកតោភាគី​នៅ​តំបន់​ជម្លោះ​នោះដែរ ប៉ុន្តែ​ក្រុង​អង់កា​រ៉ា ធ្លាប់តែ​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​។ នេះ​ទំនងជា​អូស្ត្រាលី មិន​ចង់​ពាក់ព័ន្ធ​ខ្លាំង​នឹង​ជម្លោះ​រវាង​សម្ព័ន្ធមិត្ត និង​ចិន ដែលជា​អ្នកវិនិយោគ​ដ៏​ធំ​របស់ខ្លួន​។

​ជាមួយគ្នានេះ រដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​ត្រឹមតែ​ស្នើ​ឲ្យ​ចិន ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ជាជាង​ប្រើ​កម្លាំង​ទ័ព​។ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន បញ្ឈប់​សកម្មភាព​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ចៀស​ការប្រឈមមុខគ្នា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​។ លោក​បន្ថែមទៀតថា ចិន​គួរតែ​បន្ត​សែ្វ​ង​រក​ដំណោះស្រាយ និង​កសាង​ទំនុកចិត្ត​ជាមួយ​ប្រទេសជាតិ​ខាង ដែល​សំដៅលើ​ភាគី​ពាក់ព័ន្ធ​ជម្លោះ​នៃ​រដ្ឋ​អាស៊ាន​។​

​នៅពេលនេះ អូស្ត្រាលី កំពុងតែ​ស្ថិត​ក្នុ​ស្ថានភាព​ដែល​ពិបាក​សម្រេចចិត្ត​បំផុត​។ គេ​អាច​យល់បាន​ថា អូស្ត្រាលី នឹងមិន​បោះបង់​អាមេរិក​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​បានឡើយ ដ្បិត​ទំនាក់ទំនង​ជាមួយ​អាមេរិក ក្លាយជា​មិត្តភាព​ប្រពៃណី​ទៅហើយ​។ តែ​អូស្ត្រាលី ក៏បាន​មិនអាច​មិន​ស្រវា​រកម​ហាយ​ក្ស​ចិន ដែល​សម្បូរ​លុយ​បានដែរ ព្រោះ​អូស្ត្រាលី ក៏ត្រូវ​ការ​ធនធាន​ប​ម្រើ​សេដ្ឋកិច្ច​ខ្លួន​ដែរ​៕


Tag:
 អូស្ត្រាលី​
  ​អាមេរិក​
 ​ ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com