ជាតិ
ក្រុង​សៀមរាប​ធ្វើ​ស្ពាន​ឆ្លងស្ទឹង​២​បន្ថែមទៀត​ដើម្បី​សម្រួល​ចរាចរណ៍​
02, Sep 2016 , 9:19 pm        
រូបភាព
​សៀមរាប​៖ ស្ពានថ្ម​ចំនួន​២​ខ្សែ​បន្ថែមទៀត បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២ កញ្ញា​នេះ​។ អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​គម្រោង​សាងសង់​ស្ពានថ្ម​នេះ​ឡើង ដោយហេតុថា ស្ពានថ្ម​កាត់​ស្ទឹង​សៀមរាប ដែល​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៦​នោះ មានតែ​មួយ​ខ្សែ ហើយ​វា​តែង​បង្ក​ការកកស្ទះ​ជារឿយៗ នៅពេល​មាន​បុណ្យទាន​ម្តងៗ​។​



​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានថ្ម​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​២ កញ្ញា អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង ថ្លែង​ទាំង​មោទន​ថា វត្តមាន​ស្ពាន​ថ្មី​ដែល​គ្រោង​នឹង​ដំណើរការ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ នឹង​សម្រួល​ដល់​ចរាចរណ៍​ក្នុង​ខេត្ត​របស់លោក ឲ្យ​កាន់តែ​ប្រសើរឡើង​។ លោក​ថា ស្ពាន​មួយ​ខ្សែ​ត្រូវបាន​សង់​នៅជាប់​ស្ពានថ្ម​ចាស់ ដែល​ស្ថិត​នៅមុខ​ព្រះរាជដំណាក់ និង​មួយ​ខ្សែ​ទៀត ស្ថិត​នៅមុខ​វត្ត​ពោធិ៍​លង្កា​។​

​លោក ឃឹម ប៊ុន​សុង​បញ្ជាក់ទៀតថា នៅពេល​ស្ពានថ្ម​មួយ​ខ្សែ​ទៀត ដែល​សង់​ជាប់​នឹង​ស្ពានថ្ម​ចាស់​មុខ​វត្ត​ដំណាក់ វា​នឹង​ក្លាយជា​ស្ពាន​ភ្លោះ​ដំបូង​គេ​នៅ​ទីក្រុង​សៀមរាប​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ការសាងសង់​ស្ពាន​ថ្មី​នៅក្បែរ​ស្ពាន​បុរាណ​មុខ​ព្រះរាជដំណាក់ នឹង​ប្រើ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះ​ស្ពាន​បុរាណ ដែលមាន​អាយុកាល​ជិត​មួយ​សតវត្ស​មួយ​ហើយ​នោះ​។​

​អភិបាលខេត្ត​សៀមរាប​មាន​ជំនឿ​ចិត្ត​ថា វត្តមាន​ស្ពាន​ថ្មី​ដែល​សាងសង់ឡើង​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​នៅពេលនេះ គឺ​នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ រួម​និង​លើក​សោ​ភណ្ឌ​ភាព​ទីក្រុង​សៀមរាប ឲ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​។ លោក​ថា គម្រោង ស្ពាន​ថ្មី​នេះ គ្រោង​នឹង​ប្រើពេល ៧​ខែ ដើម្បី​បញ្ចប់​ការសាងសង់ ជារួម​គឺ​មុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្ពាន​ដែល​កំពុងបើក​ការដ្ឋាន​សាងសង់​នៅពេលនេះ គឺមាន​ប្រវែង​បណ្តោយ ៤៦​ម៉ែត្រ និង​ទទឹង ៨,២០​ម៉ែត្រ​៕


Tag:
 ស្ពាន​
  ឃឹម ប៊ុន​សុង
© រក្សាសិទ្ធិដោយ thmeythmey.com