ជាតិ
ស្ត្រីជនជាតិ​អេ​ស្ប៉ា​ញ ចោទ​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ខ្លួន តែ​ប៉ូលិស​បដិសេធ​
03, Sep 2016 , 11:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នកស្រី Marga Bujosa Segado ត្រូវបាន​ចាប់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ព្រោះ​អ្នកស្រី​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​យុទ្ធនាការ​ផ្សេងៗ​ទៀត​ជាមួយ​សកម្មជន​សហគម​ន៍​បឹងកក់​។​

 
​លោក អ៊ុក ហៃ​សិលា ប្រធាន​ផ្នែក​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា​⁣​ក្រុមមន្ត្រី​របស់លោក​បាន​វាយ​អ្នកស្រី Marga Bujosa Segado អ្នកស្រាវជ្រាវ​ជនជាតិ​អេ​ស្ប៉ា​ញ​ដែល​ត្រូវបាន​និរទេស​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ខែសីហា ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​«​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​»​។​
​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិលា និយាយថា អ្នកស្រី Marga ទំនងជា​បាន​ប្រើប្រាស់​គ្រឿងញៀន ដោយ​លោក​សំអាង​ទៅលើ​កាយវិការ និង​សាច់ឈាម​។​
 
​លោក​បន្តទៀតថា អ្នកស្រី Marga Bujosa Segado ត្រូវបាន​ចាប់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ព្រោះ​អ្នកស្រី​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​យុទ្ធនាការ​ផ្សេងៗ​ទៀត​ជាមួយ​សកម្មជន​សហគម​ន៍​បឹងកក់​។ យុទ្ធនាការ​ទាំងនោះ​មានដូចជា​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន គឺ​លោកស្រី​ទេព វ​ន្នី និង​អ្នកស្រី​បូ​វ សោភា និង​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ស្វែងរក​ឃាតករ​សម្លាប់​លោក​កែម ឡី អ្នកវិភាគ​នយោបាយ​ជាដើម​។ អ្នកស្រី Marga Bujosa Segado ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែសីហា​។​
 
​អ្នកស្រី Marga សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើរ​ទៅ​កាសែត​ក្នុងស្រុក​មួយ​នាពេល​ថ្មីៗ​នេះ ដោយ​អះអាងថា ក្រុមមន្ត្រី​អន្តោប្រវេសន៍​វាយដំ​ទៅលើ​រូបអ្នក​ស្រី​ក្នុងកំឡុងពេល​អ្នកស្រី​ត្រូវបាន​គេ​ឃុំខ្លួន​។​
​ឆ្លើយតប​នឹង​សំណួរ VOA អំពី​អំពើហិង្សា​នេះ លោក អ៊ុក ហៃ​សិលា និយាយថា​⁣ ក្រុមមន្ត្រី​របស់លោក​មិនបាន​ធ្វើ​អ្វី​ទៅលើ​រូបអ្នក​ស្រី Marga ទេ ក្នុងកំឡុងពេល​ឃុំខ្លួន​អ្នកស្រី​។ ម្យ៉ាងវិញទៀត លោក​អះអាងថា ការណ៍​ដែល​ក្រុមមន្ត្រី​របស់លោក​លុបចោល​រូបភាព​ក្នុង​ទូរស័ព្ទ​របស់​អ្នកស្រី គឺ​ដោយសារ​លោក​បារម្ភ​អំពី​សុវត្ថិភាព​របស់​ក្រុម​មន្ត្រីក្រោមឱវាទ​របស់​លោក ខ្លាច​ថា នឹងមាន​ការធ្វើ​មន្តអាគម​អូមអាម​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​។​
 
​ក្រុម​អង្គការសិទ្ធិមនុស្ស​លីកាដូ​ក៏ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ពុំទាន់​អាច​បញ្ជាក់បាន​ទៅលើ​ករណី​ថា តើ​អ្នកស្រាវជ្រាវ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ពិតជា​ត្រូវបាន​ក្រុមមន្ត្រី​អន្តោប្រវេសន៍​វាយ​ទៅលើ​រូបគាត់​មែន ឬ​យ៉ាងណា​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com