ជាតិ
អ្នកស្រាវជ្រាវ​រកឃើញ​ថា​នៅ​បរិវេណ​អង្គរ​មាន​មនុស្ស​រស់នៅ​ប្រមាណ​៧៥​ម៉ឺន​នាក់​ក្នុងសម័យ​អង្គរ​
03, Sep 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សៀមរាប​៖ អ្នក​បុរាណ​វិទូ​បានធ្វើការ​ស្រាវជ្រាវ​ពី​ការរស់នៅ​របស់​ប្រជាជន ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​។ ឆ្លងកាត់​តាម​ការ​កំណាយ និង​ការស្រាវជ្រាវ​ផ្សេងៗ អ្នក​បុរាណ​វិទូ​បាន​សន្ម​ត់​ថា នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​មាន​មនុស្ស​រស់នៅ​ប្រហែល ៧៥​ម៉ឺន​នាក់​។ ការរកឃើញ​ថ្មី​នេះ ខុសពី​ការគិត​របស់​មនុស្ស​ទូ​ទៅ ដែល​ធ្លាប់​យល់ថា ប្រាសាទអង្គរវត្ត គឺ​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ​ក្រាស់ និង​ពុំមាន​មនុស្ស​រស់នៅ​។​


​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​អត្ថបទ​របស់​បណ្ឌិត Alison Kyra Carter ដោយនិយាយ​អំពី​អ្នកស្រាវជ្រាវ​មួយក្រុម​សាកល្បង​ស្វែងយល់​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុងសម័យ​អង្គរ ហើយ​អត្ថបទ​នេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ សូម​អាន​អត្ថបទ​ទាំងស្រុង​ខាងក្រោម​នេះ​៖
 
​បើ​យើង​នឹក​ស្រមៃ​ពី​អង្គរវត្ត យើង​ប្រហែល​គិត​ទៅដល់​ប្រាសាទ​ដ៏​ល្អ​ត្រកាល ហើយ​ធំ​សម្បើម ព័ទ្ធជុំវិញ​ទៅដោយ​ព្រៃ​ក្រាស់​។ នៅពេល​ថ្មីៗ​នេះ បុរាណ​វិទូ​បាន​ឲ្យ​ដឹងថា ចាប់ពី​ប្រាសាទអង្គរវត្ត​បាន សាងសង់ មាន​ដី​ទួល​ជាច្រើន​ព័ទ្ធជុំវិញ ដី​ទួល​នេះ​ទំនងជា​កន្លែង​មនុស្ស​រស់នៅ​។ ប្រាសាទអង្គរវត្ត ជា​បេះដូង​នៃ​អាណាចក្រ​អង្គរ​លាតសន្ធឹង​លើ​ផ្ទៃដី​១០០០​គ​.​ម​២ ហើយ​ប្រហែល​មាន​មនុស្ស​រស់នៅ​ដល់ ទៅ ៧៥០.០០០​នាក់​។ គម្រោង​មហា​អង្គរ GAP (Great Angkor Project) បាន​ចោទ​សួរថា តើ ប្រជាជន​សម័យអង្គរ​រស់នៅ​កន្លែង​ណា​?​។ គម្រោង​នេះ ជា​កម្មវិធី​ស្រាវជ្រាវ​រួម​របស់​សាកលវិទ្យាល័យ​ស៊ីដនី ដឹកនាំ​ដោយ​បណ្ឌិត Roland Fletcher និង​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​ដើម្បី​ចាប់ផ្តើម​យល់ដឹង​ពី​ជីវិត​របស់​មនុស្ស​សាមញ្ញ​នៅ​សម័យអង្គរ បុរាណ​វិទូ​បាន​ជីកដី​រក សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​របស់​ប្រជាជន​ជំនាន់​នោះ​។ តាមរយៈ​កំណាយ​នៃ​កន្លែង​រស់នៅ​របស់គេ យើង អាច​យល់ដឹង​ពី​ទម្លាប់​ក្នុងការ​រស់នៅ​របស់គេ​ក្នុង​អតីតកាល​។ ការងារ​នេះ​អាច​ផ្តល់ព័ត៌មាន​បន្ថែម ស្តីពី​ភាពខុសគ្នា​រវាង​គ្រួសារ សហគមន៍ និង​កន្លែង​រស់នៅ​ផ្សេងៗ ព្រមទាំង​រវាង​អ្នកមាន​វណ្ណៈ​ខ្ពស់ និង​មនុស្ស​សាមញ្ញ ដូច្នេះ យើង​អាច​ចាប់ផ្តើម​យល់ដឹង​ពី​សង្គម​នៅ​សម័យអង្គរ​ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​។​
 
​ការសិក្សា​បុរាណវិទ្យា​នៅ​សម័យអង្គរ​បាន​ផ្តោត​ដំបូង​ទៅលើ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​ដែលមាន​សិលាចារឹក​ប្រាប់​យើង​អំពី​អាទិទេព ស្តេច និង​វីរជន​។ យើង​មាន​ព័ត៌មាន​តិចតួច​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់ មនុស្ស​សាមញ្ញ​នៅ​សម័យអង្គរ​។ នៅក្នុង​ឆ្នាំ​១២៩៦ បេសកជន​ចិន​ម្នាក់​ឈ្មោះ ជីវ តាក្វាន់​បានមក ទស្សនា​ក្រុង​អង្គរ ហើយ​បាន​រៀបរាប់​អំពី​អ្វីដែល​លោក​បានឃើញ​។ លោក​បានសរសេរថា មនុស្ស​ក្នុង វណ្ណៈ​ខ្ពស់​រស់នៅ​ក្នុងផ្ទះ​ធំ​ដែលមាន​ដំបូល​ប្រក់​ក្បឿង ហើយ​មនុស្ស​សាមញ្ញ​រស់នៅក្នុង​ផ្ទះ​តូច​ដំបូល ប្រក់​ស្បូវ​។ នេះ​គឺជា​ភស្តុតាង​ជាក់ស្តែង​តែមួយគត់​ស្តីពី​គេហដ្ឋាន​សម័យអង្គរ​។ តែ​យើង​ក៏បាន​ដឹង​ពី​ការ រស់នៅ​ជំនាន់​អង្គរ​តាមរយៈ​រូបចម្លាក់​នៅ​ប្រាសាទបាយ័ន​ដែល​បានបង្ហាញ​ពី​គេហដ្ឋាន និង​ជីវិត​រស់នៅ ប្រចាំថ្ងៃ​ជំនាន់​នោះ​។ ក្រៅពីនេះ មាន​បុរាណ​វិទូ​បារាំង និង​ខ្មែរ​មួយក្រុម​បានធ្វើ​កំណាយ​ស្រាវជ្រាវ​អំពី ផ្ទះសម្បែង​នៅ​តំបន់​ក្រៅ​បរិវេណ​អង្គរ ឯ​ចំណែក​ការសិក្សា​ពី​កន្លែង​រស់នៅ​នៅ​តំបន់​កណ្តាល​អង្គរ​ដែល​ជាទី​ប្រមូលផ្តុំ​នៃ​ប្រាសាទ ហើយ​មាន​មនុស្ស​រស់នៅ​ច្រើន យើង​មាន​ព័ត៌មាន​តិចតួច​ណាស់​។​
 
​ក្នុងការ​សិក្សា​ច្រើនលើក​របស់​គម្រោង​GAP លោកស្រី​បណ្ឌិត Miriam Stark បានធ្វើ កំណាយ​នៅក្នុង​បរិវេណ​ប្រាសាទ​ដូចជា អង្គរវត្ត ដើម្បី​រក​ភស្តុតាង​នៃ​លំនៅដ្ឋាន​របស់​ប្រជាជន ព្រោះ សិលា​ចារិក​បាន​បញ្ជាក់ថា មាន​មនុស្ស​មួយចំនួន​រស់នៅ​ជុំវិញ​ប្រាសាទ ឧទាហរណ៍ សិលា​ចារិក​នៅ ប្រាសាទតាព្រហ្ម បាន​រៀបរាប់​អំពី​មនុស្ស​ដែលមាន​ទំនាក់ទំនង​នឹង​ប្រាសាទ ដែល​គេ​ប៉ាន់​ស្មានថា​មាន ចំនួន​ប្រហែល​២០០០​នាក់ រស់នៅក្នុង​កំពែង​ប្រាសាទ​។​
 
​នៅ​ឆ្នាំ​២០១២ ការស្រាវជ្រាវ​លើ​ប្រធានបទ​នេះ​បានទទួល​ជំនួយ​ពី​បច្ចេកទេស​ថ្មី LiDAR ដែល ប្រើ​កាំរស្មី Laser អាច​មើល​ធ្លុះ​គម្រប​ព្រៃ ដូច្នេះ​អាច​មើលឃើញ​រចនាសម្ព័ន្ធ​លើដី​ដែល​រុក្ខជាតិ​បាន គ្របដណ្តប់​។ ក្នុងករណី​ប្រាសាទអង្គរវត្ត LiDAR បានបង្ហាញ​ឲ្យ​ឃើញ​នៅ​ជុំវិញ​ប្រាសាទ​នូវ​ដី​ទួល និង ដី​ទំនាប​ជាប់ៗ​គ្នា​រៀបរយ​ជា​ក្រឡា​ចក្រ​ត្រ​ង្គ​តាម​ខ្សែ​បន្ទាត់ស្រប​ទៅ​ទិស​ទាំង​បួន​។​
 
​ក្នុង​ឆ្នាំ​២០១០ និង​២០១៣ គម្រោង​GAP បាន​សិក្សា​លើដី​ទួល​ទាំងនេះ​ដោយបាន​កាយ​រណ្តៅ តូចៗ​ទំហំ ១​ម​x២​ម ក្នុង​កន្លែង​ជាច្រើន​ជុំវិញ​អង្គរវត្ត​។ ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ភស្តុតាង​បញ្ជាក់ថា ដី​ទួល​ជាទី​កន្លែង​ដែល​មនុស្ស​រស់នៅ​។ បច្ចេកទេស​ធ្យូង​វិទ្យុសកម្ម​បានបង្ហាញ​ថា​ដី​ទួល​ទាំងនោះ​ត្រូវ បានរៀបចំ​សម្រាប់​រស់នៅ​ពី ស​.​វ​.​ទី​១០ ដល់ ស​.​វ​.​ទី​១៣​។ ការស្រាវជ្រាវ​របស់​យើង​ក៏បាន​បញ្ជាក់ បន្ថែមថា នៅលើ​ដី​ទួល​ទាំងនោះ​មាន​មនុស្ស​រស់នៅ​ក្រោយ​សម័យ​អង្គរ​ពីស​.​វ​.​ទី​១៥ ដល់​ស​.​វ​.​ទី​១៧​។​
 
​លទ្ធផល​ទាំងនេះ​បានធ្វើ​ឲ្យ​យើង​មានការ​រំភើបចិត្ត តែ​កំណាយ​តូចៗ​បន្ទាប់មក​បាន​បំផុស សំណួរ​យ៉ាងច្រើន​។ ក្នុង​ខែមិថុនា និង​កក្កដា ២០១៥ ក្រោយពី​បានទទួល​ជំនួយ​របស់​អង្គការ National Geographic ខ្ញុំ​បានរៀបចំ​ក្រុម​ស្រាវជ្រាវ​តំណាង​ដោយ​សាកលវិទ្យាល័យ​ស៊ីដនី និង​អាជ្ញាធរ​អប្សរា​(​លោក ឆាយ រចនា​) ដើម្បី​ពង្រីក​កំណាយ​លើដី​ទួល​តែមួយ​ស្ថិតក្នុង​កំពែង​អង្គរវត្ត​។ 
​ចំណុច​ដែល​ត្រូវ​ស្រាវជ្រាវ​មាន​ដូចតទៅ​៖
 
១.​យើង​ចង់ដឹងថា តើ​ពិត​ជាមាន​ប្រជាជន​រស់នៅ​លើដី​ទួល​មែន ឬទេ​? រណ្តៅ​តូចៗ​ដែល​យើង បាន​ជីក​បានផ្តល់​ចម្លើយ​វិជ្ជមាន​លើ​សំណួរ​នេះ​។ យើង​សង្ឃឹមថា កំណាយ​ទំហំ​ធំ អាច​ឲ្យ​យើង​រកឃើញ​សំណល់​នៃ​បំណែក​ផ្ទះ និង​ភស្តុតាង​ផ្សេងទៀត​នៃ​ការរស់នៅ​លើដី​ទួល​នេះ​។​
 
២.​យើង​ចង់ដឹងថា តើ​មនុស្ស​សាមញ្ញ​បានរស់នៅ​លើដី​ទួល​នេះ ឬទេ​? យើង​ជឿថា​រឿងនេះ ទំនងជា​ពិត ពីព្រោះ​ដី​ទួល​នោះ​មាន​ទំហំ​តូច​ដែល​អាច​ឲ្យ​គេ​គិតថា​ផ្ទះ​ក៏​តូច​ដែរ​។ ការរកឃើញ​ភស្តុតាង ពី​សំណង់ផ្ទះ និង​ប្រភេទ​នៃ​របស់​ប្រើប្រាស់​ដោយ​គ្រួសារ នឹងធ្វើ​ឲ្យ​យើង​យល់​កាន់តែច្បាស់​នូវ​សម្ភារ​ផ្សេងៗ​ដែល​គេ​បាន​ប្រើប្រាស់​។​
 
.​យើង​ចង់ដឹងថា តើ​ដី​ទួល​នោះ​អាច​បាន​ប្រើប្រាស់​ជា​យូរអង្វែង​ហើយ​ច្រើនដង ឫ​ទេ​? ។​
 
​ក្នុង​ឳ​កាស យើង​ចុះទៅ​ស្រាវជ្រាវ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ យើង​បាន​ជីក​លើដី​ទួល​ដែល បាន​ពិ​ព័ណ៌នា​ខាងលើ​នូវ​រណ្តៅ​ចំនួន​២២ លើ​ផ្ទៃដី​សរុប​៤១​ម​២ ។ លទ្ធផល​៖ ថ្វីបើ​យើង​មិនបាន​រក ឃើញ​ទម្រង់​ផ្ទះ​ទាំងមូល យើង​បាន​ប្រទះឃើញ​នូវ​ស្នាមជើង​សរសរ​ដែល គេ​អាច​ចាត់ទុកថា​ជា ចំណែក​មួយ​នៃ​ផ្ទះ​។ យើង​ក៏បាន​រកឃើញ​ដែរ​៖
 
១.​ផ្ទាំង​ថ្មភក់​ជាច្រើន​៖ យើង​ជឿថា​អ្នក​ដែល​រស់នៅក្នុង​តំបន់​អង្គរវត្ត​ប្រហែលជា​យក​ថ្មភក់​នេះ ដែល​សល់​ពី​ការសាងសង់​អង្គរវត្ត​មក​ប្រើ តែ​យើង​មិនទាន់​ដឹង​ច្បាស់​ថា គេ​យក​ថ្ម​ទាំង​នោះមក​ប្រើ​ធ្វើ​អ្វី​។ យើង​គិតថា ប្រហែល​គេ​យក​វា​ទៅ​ក្រាល​ជា​ផ្លូវ ឬ​ក្រាល​នៅក្រោម​ផ្ទះ ឫ​ក្រាល​ជុំវិញ​ផ្ទះ​។​
 
២.​ភស្តុតាង​នៃ​សកម្មភាព​ក្នុង​គ្រួសារ​ទាក់ទង​នឹង​ការដាំ​ស្លរ​។ នៅត្រង់​ផ្នែក​មួយ​នៃ​ដី​ទួល យើង បាន​រកឃើញ​ឥដ្ឋ និង​ដីឥដ្ឋ​ដុត ព្រមទាំង​៖ 
- ធ្យូង និង​បំណែ​កច​ង្ក្រា​ន្ត​ដែលជា​ភស្តុតាង​នៃ​ការប្រើ​ភ្លើង សម្រាប់​ដាំ​ស្លរ​នៅ​សម័យអង្គរ​
- កុលាលភាជន៍ ភាគច្រើន​ជា​កុលាលភាជន៍​ប្រភេទ​ផុយ ហើយ​មាន​ខ្លះ​មាន​ស្នាម​នៃ​ការឆេះ​ពី ក្រៅ​ដែល​អាច​បណ្តាលមកពី​ការដាក់​ដាំ​ស្លរ​នៅលើ​ភ្លើង​។ មាន​បំណែក​ក្រឡ​ជំនាន់​អង្គរ​ដែលមាន ស្រទាប់​រលោង​ពណ៌​បៃតង ឬ​ពណ៌​ត្នោត ព្រមទាំង​ភាជន៍​នាំចូល​ពី​ប្រទេស​ចិន​។ យើង​ក៏បាន​រកឃើញ ខួច​ដែល​នៅ​រូបរាង​ទាំងមូល​ចំនួន​មួយ នៅ​ទីតាំង​ដែល​យើង​សន្និដ្ឋានថា​ជា​លំនៅដ្ឋាន​។​
 
- ក្រៅពី​ភាជន៍​អ្នកជំនាញ​ផ្នែក​រុក្ខជាតិ គឺ​លោកស្រី Cristina Castillo បាន​ស្រាវជ្រាវ​រកឃើញ គ្រាប់ស្រូវ បំណែក​សំបក​ក្រូច គ្រាប់​រុក្ខជាតិ​ក្នុង​អំបូរ​ខ្ញី ព្រមទាំង​សំណល់​រុក្ខជាតិ​ខ្លះ​ដែល​គេ​បាន​ប្រើ ប្រាស់​ធ្វើជា​ឱសថ​។ ការងារ​នេះ​ចាប់ផ្តើម​អោយ​យើង​ស្វែងយល់​អំពី​រុក្ខជាតិ ផ្លែឈើ និង​បន្លែ​ដែល មនុស្ស​រស់នៅ​លើដី​ទួល​នោះ​ប្រហែលជា​បាន​បរិភោគ និង​បាន​ប្រើប្រាស់​។​
 
​ក្រៅពីនេះ យើង​បាន​ជីករណ្តៅ​នៅលើ​ដី​ទំនាប​៖ ថ្វីបើ​គេ​សង្ស័យថា​ទីនេះ​ជា​ស្រះ​ទឹក អ្នកជំនាញ ធរណី​សាស្ត្រ​របស់​យើង​បាន​រកឃើញថា ទីនេះ​មានទឹក​ដក់​តែ​នៅ​រដូវភ្លៀង​ទេ​។ ដូច្នេះ មិនអាច​ដើរតួនាទី​ជា​ស្រះ​ផ្តល់​ទឹក​ខួបប្រាំងខួបវស្សា​ឡើយ​។​
 
​ការងារ​ទាំងនេះ​ត្រូវ​បន្ត​ដើម្បី​ឆ្លើយតប​នឹង​សំនួរ​ជាច្រើន​ដែល​នៅ​សេសសល់ ដូច្នេះ​យើង​សង្ឃឹមថា អាច​បន្ត​ការស្រាវជ្រាវ​រក​ភស្តុតាង​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នៅ​សម័យអង្គរ​។​
​ជាការ​សន្និដ្ឋាន យើង​យល់ឃើញថា​ការស្រាវជ្រាវ​មិនត្រូវ​ផ្តោត​តែ​លើ​ប្រាសាទ​ទេ ត្រូវផ្តោត​ផង ដែរ​ទៅលើ​ជីវភាព​រស់នៅ និង​សមិទ្ធផល​នៃ​ប្រជាជន​សម័យអង្គរ​៕
 

















© រក្សាសិទ្ធិដោយ thmeythmey.com