ជាតិ
សេដ្ឋកិច្ច
កំណើន​នៃ​ការលក់​ខុន​ដូ និង​ផ្ទះ​បូរី​ថយចុះ​ពី​«៣០​ទៅ​៥០%»
03, Sep 2016 , 9:39 pm        
រូបភាព
 
​ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ​បាន​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប៉ុន្តែ​កម្លាំង​រីកចម្រើន​បាន​បន្ថយឥទ្ធិពល​រប​ស់វា​។ ជាក់ស្តែង ស្ថានភាព​នៅពេលនេះ បាន​បង្ហាញថា សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ សកម្មភាព​លក់​ខុន​ដូ​បាន​ធ្លាក់ចុះ​ពី​៣០​ទៅ​៥០​ភាគរយ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​កន្លងមក​។ សកម្មភាព​លក់​ផ្ទះ​នៅក្នុង​បូរី​បាន​ធ្លាក់ចុះ​ប្រមាណ​ជា​៣០​ភាគរយ ក្នុង​រយៈពេល​ដូចគ្នា នឹង​ខុន​ដូ​ដែរ​។


​កញ្ញា គ្រុយ ណារិន អនុប្រធាននាយកដ្ឋាន​នៃ​នាយកដ្ឋាន​គោ​លន​យោន​បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វិស័យ​អចលនទ្រព្យ​មិនទាន់​ស្ថិតក្នុង​ស្ថានភាព​ហានិភ័យ​នៅឡើយ​ទេ​។ តែ​អ្វីដែល​អ្នកជំនាញ​ទូទៅ​អាចនិយាយបាន គឺថា ទីផ្សារ​អចលនទ្រព្យ​កំពុងផ្តល់​សញ្ញា​ថា ការផ្គត់ផ្គង់​កំពុង​លើស​តម្រូវការ​។ ទោះបីជា​ការផ្គត់ផ្គង់​កំពុង​លើស​តម្រូវការ​យ៉ាងណាក៏ដោយ ក៏​កញ្ញា គ្រុយ ណារិន បាន​ពិពណ៌នា​ថា តម្លៃ​នៃ​អចលនទ្រព្យ​មិនទាន់​ត្រូវបាន​គេ​កែសម្រួល​នៅឡើយ​ទេ ពោល គឺ​តម្លៃ​នៅ​ខ្ពស់​ដដែល​។ 
 
​តម្លៃ​នៅ​ដដែល​មែន​។ តែ​របាយការណ៍​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា កំណើន​នៃ​ការលក់​អចលនទ្រព្យ​មួយចំនួន​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ កំណើន​នៃ​ការលក់​ខុន​បាន​ថយចុះ​រហូតដល់​ទៅ​៥០%​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៦ ស្រប​ពេលដែល​កំណើន​នៃ​ការលក់​ផ្ទះ​នៅតាម​បូរី បាន​ថយចុះ​ប្រមាណ​ជា​៣០%​។ 


 
​ក្នុងខណៈ​ពេលដែល​វិស័យ​អចលនទ្រព្យ​ទំនងជា​ប្រឈម​នឹង​បញ្ហា​នោះ គេ​សង្កេតឃើញ​ឥណទាន​ពី​ធន​គារ​បាន​ថមថយ​កំណើន​ពី​៣៤%​នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម​៣០%​នៅ​ឆ្នាំ​២០១៥ ហើយ​វា​នឹង​បន្ត​ថមថយ​កំណើន​ទៀត​នៅ​ឆ្នាំ​២០១៦​នេះ​ផងដែរ​។ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ កំណើន​ឥណទាន​បាន​ថមថយ​មក​ក្នុង​អត្រា​ប្រមាណ​ជា​២២%​ដែល​ទាប​ជាង​អត្រា​៣៦%​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​កន្លងមក​។ កំណើន ទាំង​ឥណទាន និង​ប្រាក់​បញ្ញើ​កំពុងតែ​មានការ​ថមថយ ហើយ​នេះ ត្រូវបាន​គេ​វាយតម្លៃថា គឺជា​សញ្ញា​ល្អ​។ ប៉ុន្តែ​អ្នករៀបចំ​គោលនយោបាយ​ក៏ត្រូវ​តែ​បន្ត​តាមដាន​ឲ្យ​ដិតដល់​បន្ថែមទៀត ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ និង​ទំនាក់ទំនង​រវាង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ 
 
​កញ្ញា គ្រុយ ណារិន អនុប្រធាននាយកដ្ឋាន​នៃ​នាយកដ្ឋាន​គោ​លន​យោន​បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពន្យល់​បន្ថែមទៀត​ថា ការ​ថមថយ​ផ្នែក​ឥណទាន​នេះ គឺជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ ព្រោះថា ការផ្តល់​កម្ចី​ហួសហេតុ​ពេក​«​វា​អាច​បង្ក​ហានិភ័យ​»​។ តែ​សម្រាប់​ពេលនេះ វា​មិនទាន់មាន​ហានិភ័យ​ទេ​»​។ ចុះបើ​កាត់បន្ថយ​ឥណទាន វា​អាចធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​ជួប​បញ្ហា​ឬទេ​? 
 
​កញ្ញា គ្រុយ ណារិន បាន​ពន្យល់ថា អ្នកជំនាញ​ពាក់ព័ន្ធ នឹងមិន​កាត់បន្ថយ​រហូតដល់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​បញ្ហា​កំណើន​នោះទេ​។ តែ​អ្នកជំនាញ​ចង់​ធ្វើការ​កែសម្រួល​កម្ចី​ដើម្បី​ឲ្យ​តម្រូវការ និង​ការផ្គត់ផ្គង់​អចលនទ្រព្យ​វា​ស៊ីចង្វាក់​គ្នា​តែប៉ុណ្ណោះ​៕ 

Tag:
 សេដ្ឋកិច្ច
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com