ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ែម បុញ្ញឫទ្ធិ​ថា ពេល​CNRP ឈ្នះ ១​ឆ្នាំ​ផ្តល់​ថវិកា ៥០ ម៉ឺន​ដុល្លារ​ដល់​ឃុំ​សង្កាត់​នីមួយៗ​
03, Sep 2016 , 4:59 pm        
រូបភាព
ដោយ:
 
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​អះអាង​ពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា នៅ​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋ​ភិ​បាល គណបក្ស​នេះ នឹង​ផ្តល់​ថវិកា​ដល់​ឃុំ​-​សង្កាត់​នីមួយៗ​ចំនួន​ពីរពាន់​លាន​រៀល ឬ​ប្រមាណ ៥០ ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល ១ ឆ្នាំ ។​


​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បកស្រាយ​ពី​គោលនយោបាយ​វិមជ្ឈការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ផ្តល់ អំណាច ថវិកា និង​សេវាសាធារណៈ ដល់​ឃុំ​សង្កាត់ ដើម្បី​ប្រើប្រាស់​អភិវឌ្ឍ​មូលដ្ឋាន​។ អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូបនេះ ប្រកាសប្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី ២៧ សីហា ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល គណបក្ស​នេះ​នឹង​ផ្តល់​ថវិកា​ចំនួន ២ ពាន់​លាន​រៀល ឬ​ស្មើនឹង ៥០ ម៉ឺន​ដុ​លា្ល​រ​ដល់​ឃុំ​-​សង្កាត់​នីមួយៗ​ក្នុង​មួយឆ្នាំ​។​
 
​លោក បុញ្ញឫទ្ធិ បាន​រិះគន់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិនអាច​ឲ្យ​ឃុំ​សង្កាត់​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​មូលដ្ឋាន​បានទេ ព្រោះ​ការផ្តល់​ថវិកា​ដល់​ឃុំ​សង្កាត់​ចន្លោះ​តែ​ពី ១ ម៉ឺន ទៅ ៥ ម៉ឺន​ដុ​លា្ល​រ​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ បញ្ជាក់ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បានធ្វើ​ចំណាកស្រុក​ទៅធ្វើជា​កម្មករ​នៅក្រៅ​ប្រទេស ដោយសារតែ​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ប្រទេស ដែល​ផ្ទុយ​ពី​ការអះអាង​របស់​រដ្ឋាភិបាល​ថា ពលរដ្ឋ​កម្ពុ​ជាមាន​ការងារ​ធ្វើ​ដល់​ទៅ ៩៩ ភាគរយ​។​
 
​លោក យ៉ែម បុញ្ញឫទ្ធិ ពន្យល់​បន្ថែមថា គោលនយោបាយ​ផ្តល់​ថវិកា ៥០ ម៉ឺន​ដុល្លារ​ដល់​ឃុំ​សង្កាត់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ អាច​ឲ្យ​ឃុំ​សង្កាត់ មានលទ្ធភាព​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​មូលដ្ឋាន​បាន ហើយ​ជាពិសេស​អាចបង្កើត​ការងារ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ទៀតផង​។ លោក​ថា កម្ពុជា​បច្ចុប្បន្ន​មាន​ធនធានមនុស្ស និង​ធនធានធម្មជាតិ សម្រាប់​អភិវឌ្ឍ​ប្រទេស​បាន ឲ្យ​តែ​ចេះ​កែច្នៃ​ធនធាន​ទាំងនោះ​។ 
 

Tag:
 យ៉ែម បុញ្ញឫទ្ធិ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com