អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​លោក​អូ​បា​ម៉ា ទទូច​ឲ្យ​ចិន «​ចៀសវាង​សម្ញែង​សាច់ដុំ​ដាក់​ប្រទេស​តូចៗ​ជាង​ខ្លួន​»​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
03, Sep 2016 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មុនពេល​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្ញើ​សារ​ដោយ​ប្រយោល​ដោយ​ទទូច​ឲ្យ​ក្រុង​ប៉េកាំង បង្ហាញ​ពី​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ក្នុងនាម​ជា​មហាអំណាច​ដែល​កំពុង​តែមាន​ឥទ្ធិពល​របស់​ពិភពលោក​។ លោក​ប្រធានាធិបតី​អាមេរិក​រូបនោះ ក៏​ទទូច​ឲ្យ​ចិន​ចៀសវាង​ការបង្ហាញ​សាច់ដុំ​ដាក់​ប្រទេស​តូច​ជាង​ខ្លួន ដូចជា​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​នោះ​។


​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន CNN លោក អូ​បា​ម៉ា ដែល​គ្រោង​នឹង​ជួប​លោក ស៊ី នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G20 ដែល​ចិន​ជា​ម្ចាស់​ផ្ទុះ​នាពេលខាងមុខ​ដ៏​ខ្លី បាន​អះអាងថា អាមេរិក គាំទ្រ​ចំពោះ​ការ​ងើបឡើង​នៃ​ឥទ្ធិពល​របស់​ចិន​បែប​សន្តិភាព ក៏ប៉ុន្តែ ក្រុង​ប៉េកាំង ក៏ត្រូវ​ដឹង​ដែរ​ថា ទន្ទឹមនឹង​ការកើនឡើង​នៃ​អំណាច​ឬ​ឥទ្ធិពល​របស់ខ្លួន ចិន ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​កាន់តែច្រើន​ផងដែរ​»​។ 
 
​លោក​ប្រធានាធិបតី​ជិត​អាណត្តិ​អាមេរិក​រូបនោះ ក៏បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​ប្រាកដ​ណាស់​អ្នក​(​ចិន​) ធំ​ជាង​ហ្វីលីពីន ឬ​វៀតណាម ឬ​ប្រទេស​ដទៃ​ផ្សេងទៀត​... តែ​នេះ​មិនមែនជា​ហេតុផល​ដែល​អ្នក​ត្រូវ​បង្ហាញ​សាច់ដុំ​ដើម្បី​សម្ញែង​លើ​ប្រទេស​ទាំងនោះ​នោះទេ​។ ប្រសិនបើ​អ្នកផ្តល់​ហត្ថលេខា​លើ​សន្ធិសញ្ញា​ហើយ អ្នក​ត្រូវបាន​ចងភ្ជាប់​តាមច្បាប់​អន្តរជាតិ​»​។ 
 
​បើទោះបីជា​ប្រធានាធិបតី​អាមេរិក មិនបាន​បញ្ជាក់​ចំៗ​ថា​តើ​ការបង្ហាញ​សាច់ដុំ​នោះ​ជា​អ្វី​ក៏ដោយ គេ​បានដឹង​ច្បាស់​ហើយ​ថា វា​គ្មានអ្វី​ក្រៅពី​កម្លាំងយោធា​នោះទេ​។ ហើយ​សេចក្តីថ្លែងការណ៍​នេះ ក៏​ទំនងជា​សំដៅ​ទៅលើ​សកម្មភាព​យោធា​ចុងក្រោយ​នេះ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន អះអាងថា​ជាការ​ធ្វើ​សមយុទ្ធ​ជាប្រចាំ​របស់​កងទ័ព​ខ្លួន​ដើម្បី​ត្រៀមលក្ខណៈ​ការពារ និង​ប្រឆាំងនឹង​សត្រូវ​ខាងក្រៅ ដែល​វា ក៏​ស្របពេល និង​ក្រោយ​ពេលដែល​តុលាការអន្តរជាតិ​កាត់ក្តី​ឲ្យ​ចិន​ចាញ់​ហ្វីលីពីន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា បើទោះបីជា អាមេរិក មិនមែនជា​ភាគី​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដូចជា​បណ្តា​សមាជិក​អាស៊ាន​ដែលជា​សម្ព័ន្ធមិត្ត​ខ្លួន​ហ្វីលីពីន និង​វៀតណាម​ក៏ដោយ អាមេរិក បាន​ប្រលូក​ខ្លួន​យ៉ាងជ្រៅ និង​សកម្ម​នៅក្នុង​ជម្លោះ​នោះ​។ ហើយ​នោះ​គឺ ក្រៅពី​ការចេញ​សេចក្តីថ្លែងការណ៍​រិះគន់​សកម្មភាព​ចិន​នៅ​តំបន់​ជម្លោះ​នោះ អាមេរិក បាន​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​របស់ខ្លួន​ជា​បន្តបន្ទាប់​ដើម្បី​ប្រឆាំង​ចិន​ក្រោមរូបភាព​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​ធ្វើ​នាវាចរណ៍​អន្តរជាតិ​។ 
 
​តាម​សេចក្តីប្រកាស​របស់​ទីប្រឹក្សា​សន្តិសុខ​រង​អាមេរិក​លោក Ben Rhod លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង នៅក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​G20 ដែល​ប្រព្រឹត្តឡើង​នៅក្នុង​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយនេះ​។ ហើយ​លោក អូ​បា​ម៉ា ក៏​គ្រោង​នឹង​លើក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជជែក​ផងដែរ​៕ 

Tag:
 អាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com