ជាតិ
សិល្បះ
កម្ពុជា​យក​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​ទៅ​ប្រកួត​ប្រឡង​ចម្រៀង​សម័យ​កម្រិត​អាស៊ាន​នៅ​ប្រទេស​ថៃ​
03, Sep 2016 , 5:39 pm        
រូបភាព
ដោយ:
 
​គណៈកម្មការ​មហោស្រព ចម្រៀង​និង​តន្ត្រីសម័យ​ថ្នាក់ជាតិ​លើក​ទី​៤ ឆ្នាំ ២០១៦ បានសម្រេច​យក​បទ​ច​ម្រៀ​ង​តែង​និពន្ធ​ថ្មី​មួយ​បទ ក្រោម​ចំណងជើង​ថា «​អំនួត​អ្នក​ចិញ្ចឹមសត្វ​» ទៅ​ប្រកួត​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​កម្រិត​អាស៊ាន នៅក្នុង​ប្រទេស​ថៃ នាពេលខាងមុខ​។​




​អនុប្រធាន​ប្រចាំការ​គណៈកម្មការ​មហោស្រព ចម្រៀង និង​តន្ត្រីសម័យ​ថ្នាក់ជាតិ​លើក​ទី​៤ ឆ្នាំ ២០១៦ លោក ជា ច័ន្ទ​បរិបូរណ៍ បាន​បញ្ជាក់ថា ការសម្រេច​បញ្ជូន​បទ​ចម្រៀង​និពន្ធ​ថ្មី​របស់​កូន​ខ្មែរ​ទៅ​ប្រឡង​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​សមា​ជិ​ក​គណកម្មការ​វាយតម្លៃ​បទ​ចម្រៀង​សម័យ​កម្រិត​អាស៊ាន​នៅ​ប្រទេស​ថៃ​។ លោក បរិបូរណ៍ បាន​ពន្យល់ថា មូលហេតុ​ដែល​ក្រុម​ងារ​របស់លោក​សម្រេចយក​បទ​ចម្រៀង​និពន្ធ​ថ្មី​ក្រោម​ចំណង «​អំ​នួន​អ្នក​ចិញ្ចឹមសត្វ​» ទៅ​ប្រឡង ដោយសារ​បទ​នេះ បាន​ជាប់​ចំណាត់​លេខ ១ នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព ចម្រៀង និង​តន្ត្រីសម័យ​ថ្នាក់ជាតិ​លើក​ទី​៤ ដែល​ទើប​បិទ​បញ្ចប់​កាលពី​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ​។​
 
​លោក ជា ច័ន្ទ​បរិបូរណ៍ ដែលជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ផង​នោះ បាន​បរិយាយ​ទៀតថា បទ ចម្រៀង​«​អំ​នួន​អ្នក​ចិញ្ចឹមសត្វ​» ជា​ស្នាដៃ​និពន្ធ​របស់​ក្រុម​តន្ត្រី​ខេត្ត​ពោធិ៍​សាត់ ដែលជា​ចង្វាក់​បែប​ខ្មែរ គឺ​ចង្វាក់​តាលុ​ង និង​មាន​ខ្លឹមសារ​ល្អ ។ « បទ​ចម្រៀង​នេះ វា​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​។ យើង​ប្រឡង​លើ​ឆាក​អន្តរជាតិ​បែបនេះ ត្រូវតែ​យក​របស់​ដែល​បង្កើតឡើង​ដោយ​ខ្មែរ​ទើប​វា​ជាមាន​មោទនភាព​ជាតិ​ពិតប្រាកដ​»​។ លោក បរិបូរណ៍​លើកឡើង​យ៉ាង​នេះហើយ ក៏​បន្ត​បង្ហាញ​ពី​អារម្មណ៍​បែបនេះ​ថា​៖« យើង​មាន​មោទនភាព​ជាតិ ហើយ​ក្រសួងពត៌មាន មាន​មោ​ទ​ភាព​ណាស់​ដែល​សម្រេច​ដាក់​បទ​ចម្រៀង​នេះ​ទៅ​ប្រឡង​លក្ខណៈ​អន្តរជាតិ​បែបនេះ​។ ហើយ​ខ្ញុំ​នៅតែ​មោទនភាព បើទោះបីជា​លទ្ធផល​នៃ​ការប្រឡង​ខាងមុខ​យើង​ធ្លាក់​ឬ​ជាប់​ក៏ដោយ​។ ខ្ញុំ​មានសង្ឃឹម​...»​។​

​បើតាម​លោក​អនុប្រធាន​ប្រចាំការ​គណៈកម្មការ​មហោស្រព ចម្រៀង និង​តន្ត្រីសម័យ​ថ្នាក់ជាតិ​លើក​ទី​៤ ខាងលើ ការប្រឡង​ចម្រៀង​សម័យ​កម្រិត​អាស៊ាន​នេះ មិន​តម្រូវ​ឲ្យ​កម្ពុជា​បញ្ជូន​ក្រុម​តន្ត្រី ឬ​អ្នកចម្រៀង​ទៅ​ប្រឡង​ដោយផ្ទាល់​ទេ ដោយ​គ្រាន់តែ​ថត​ចម្រៀង​នោះ ជា​DVD ហើយ​ប្រែ​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​តែប៉ុណ្ណោះ​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បន្ថែមថា កម្មវិធី​ប្រឡង  ចម្រៀង​សម័យ​កម្រិត​អាស៊ាន នេះ ធ្វើ​ឡើងជា​រឿង​រាល់​ឆ្នាំ តែ​កម្ពុជា​មិនដែល​បាន​ចូលរួម​នោះទេ ដោយ​លើក​នេះ​ជា​លើក​ទី ១ ។ យ៉ាងណា​លោក បរិបូរណ៍ នៅ​មិនទាន់​អាច​និយាយ បាន​ថា កម្មវិធី​ប្រឡង​នេះ នឹង​ចាប់ផ្តើម​នៅពេលណា​ឲ្យ​ប្រាកដ​ទេ ដោយ​លោក​គ្រាន់តែ​ដឹងថា កម្មវិធី​នេះ​ផុតកំណត់​ទទួល​ពាក្យ​ប្រឡង​នៅ​ថ្ងៃទី ៩ ខែកញ្ញា នេះ​៕
 

Tag:
 ជា ច័ន្ទ​បរិបូរណ៍​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com