ជាតិ
ក្រសួង​សាធារណការ នឹង​បង្ក្រាប​រថយន្ត​កែច្នៃ​ដឹក​លើស​ទម្ងន់ ចាប់ពី​ថ្ងៃ​៩ ខែកញ្ញា​តទៅ​
04, Sep 2016 , 3:23 pm        
រូបភាព
ដោយ:
 
​ចាប់ពី​ថ្ងៃទី​៩​ក​ខែកញ្ញា​តទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន​។​


​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឲ្យ​ម្ចាស់​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ទាំងអស់ យក​យានយន្ត​ទៅ​កែ​ម្រូ​វ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើងវិញ​។ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​សាធារណការ កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ពីបទដ្ឋាន​លក្ខណៈ​បច្ចេកទេស​អំពី​ទំហំ​រថយន្ត រថយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក (​សឺ​មី​រ៉ឺម៉ក សំដៅ​ដល់​យាន​សម្រាប់​ថ្ពក់​ជាប់​នឹង​ក្បាល​រថយន្ត​សណ្តោង​) និង​ទំហំ​ទ្រុង​រថយន្ត​ដឹកទំនិញ ដូចតទៅ​៖ ប្រវែង​ទទឹង​អតិបរមា​មិន​ឲ្យ​លើសពី​២,៥​ម៉ែត្រ លើកលែងតែ​យាន​យ​ន្តុ​បក​រណ៍​ដែល​មិនត្រូវ​ឲ្យ​លើសពី​៣​ម៉ែត្រ ខណៈ​ប្រវែង​កម្ពស់​អតិបរមា​មិនត្រូវ​ឲ្យ​លើសពី​៤,២​ម៉ែត្រ​។ 
 
​ចំណែក​ប្រវែង​បណ្ដោយ​អតិបរមា​នៃ​រថយន្ត​នីមួយៗ​មិនត្រូវ​ឲ្យ​លើសពី​១២,២​ម៉ែត្រ ។ ឯ​ប្រវែង​បណ្ដោយ​អតិបរមា​រថយន្ត​ដែលមាន​សណ្ដោង​សឺ​មី​រ៉ឺម៉ក មិនត្រូវ​ឲ្យ​លើសពី​១៦​ម៉ែត្រ​។ រីឯ​ប្រវែង​បណ្ដោយ​អតិបរមា​រថយន្ត​ដែលមាន​សណ្ដោង​រ៉ឺម៉ក មិនត្រូវ​ឲ្យ​លើសពី​១៨​ម៉ែត្រ​។ ចំពោះ​កម្ពស់​អតិបរមា​នៃ​ទ្រុង​ធម្មតា មិនត្រូវ​ឲ្យ​លើសពី​០,៥​ម៉ែត្រ គិតពី​ដំបូល​យាន និង​ទទឹង​ទ្រុង​អតិបរមា​មិនត្រូវ​ឲ្យ​លើសពី​ទទឹង​កាប៊ីន​។ ដោយឡែក​កម្ពស់​អតិបរមា​នៃ​ទ្រុង​ជា​ប្រអប់​បិទ​ជិត​វិញ មិនត្រូវ​ឲ្យ​លើសពី​០,៨​ម៉ែត្រ គិតពី​ដំបូល​យាន និង​ទទឹង​ទ្រុង​អតិបរមា​មិនត្រូវ​ឲ្យ​លើសពី​ទទឹង​ការ​ប៊ី​ន​៕
 

Tag:
 រថយន្ត​កែច្នៃ
© រក្សាសិទ្ធិដោយ thmeythmey.com