ជាតិ
ក្រសួង​ការងារ ប្រាប់​កម្មសិក្សាការី​ខ្មែរ​កុំ​ឲ្យ​ចាញ់បោក​មេខ្យល់ ពេល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​
04, Sep 2016 , 9:19 pm        
រូបភាព
ដោយ:
 
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល បាន​ក្រើនរម្លឹក​ដល់​កម្មសិក្សាការី​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន កុំ​ឲ្យ​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​រ​បស់​ខ្លួន​ជាដាច់ខាត ព្រោះថា​វា​នឹង​នាំ​ឲ្យ​អ្នក​ទាំងនោះ ក្លាយជា​កម្មសិក្សាការី​ខុសច្បាប់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង នៅ​ថ្ងៃទី​១​ខែកញ្ញា​។​


​សេចក្ដីជូនដំណឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ​មាន​កម្មសិក្សាការី​ខ្មែរ​មួយចំនួន​បាន​ចាញ់បោក​មេខ្យល់​អូសទាញ​ឲ្យ​ក្លាយជា​កម្មសិក្សាការី​ខុសច្បាប់ ក្រោមរូបភាព​ផ្ដល់​កន្លែងធ្វើការ​ថ្មី​ដែល​ស្របច្បាប់ ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាង​មុន និង​ទទួល​សិទ្ធិ​ស្នាក់នៅ​ស្របច្បាប់​នៅ​ប្រទេស​ជប៉ុន​។ ក្រសួង​បញ្ជាក់ថា ការរត់​គេចខ្លួន​(​ការប្ដូរ​កន្លែងធ្វើការ​) នេះ នឹង​បង្ករ​ផល​លំបាក​ដល់​កម្មសិក្សាការី​ផ្ទាល់​ឲ្យ​ក្លាយជា​កម្មសិក្សាការី​ខុសច្បាប់ ខាតបង់​ប្រាក់​ឲ្យ​មេខ្យល់ ប្រឈម​នឹង​ការចាប់ខ្លួន និង​បាត់បង់​ឱកាស​រកប្រាក់​។ ចំណែក​ក្រុមគ្រួសារ​កម្មសិក្សាការី ក៏​អាច​ប្រឈម​នឹង​ពាក្យបណ្ដឹង​ដោយសារ​ការមិន​អនុវត្តតាម​កិច្ចសន្យា​របស់​កម្មសិក្សា​ការី​។ ហើយ​កត្តា​នេះ ក៏​ធ្វើ​កម្ពុជា​បាត់បង់​ទីផ្សារការងារ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​
 
​ករណី​ដែល​មា​បញ្ហា​អ្វីមួយ​កើតឡើង​នៅ​កន្លែង​ការងារ កម្មសិក្សាការី​ត្រូវ​ស្វែងរក​អន្តរាគមន៍​ពី​សមាគម​គ្រប់គ្រង ឬ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន តាមរយៈ​ទូរស័ព្ទ​លេខ ០៨០ ៤៦៨៩ ៩៣៧៤ ឬ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Royal Embassy of Cambodia in Japan ។​
 
​ជាមួយគ្នានេះ ក្រសួង​បាន​ណែនាំ​ដល់ទី​ភ្នាក់ងារ​ឯកជន ដែល​ធ្វើការ​ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​កម្មសិក្សាការី​ខ្មែរ​ទៅធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង ផ្ដល់​ប្រឹក្សា និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ម​សិក្សា​ការី​របស់ខ្លួន​ឲ្យ​បាន​ជិតស្និទ​។ នៅពេល​មាន​ករណី​កម្មសិក្សាការី​រត់គេចខ្លួន ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ត្រូវ​រូស​រាន់​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ប្រទេស​ជប៉ុន ជាពិសេស​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​។ បន្ទាប់មក​ត្រូវ​ជូនដំណឹង​ដល់​ក្រុមគ្រួសារ​កម្មសិក្សាការី ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​ដឹងឮ​។ បន្ទាប់មកទៀត ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ត្រូវ​ផ្ញើ​របាយការណ៍​ពាក់ព័ន្ធ​ទាំងនោះ មក​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើនេះ​៕

Tag:
 ការងារ​
  កម្មសិក្សាការី​
© រក្សាសិទ្ធិដោយ thmeythmey.com