ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក សុខ ឥសាន អះអាងថា គ្មាន​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទេ បើ​ចេញ​ក្រៅ​ទីស្នាក់ការ​
04, Sep 2016 , 10:00 pm        
រូបភាព
ដោយ:
 មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ប្រសិនបើ​ឯកឧត្តម កឹម សុខា ចេញពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គ្មាន​សមត្ថកិច្ច​ណា​ចាប់ខ្លួន​នោះទេ​។ តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បញ្ជាក់ថា ឯកឧត្តម កឹម សុខា បានសម្រេច​ចិត្ត​មិន​ឈានជើងដើរ​ចេញពី​គណបក្ស​ឡើយ​។​



​លោក សុខ ឥសាន ហ៊ាន​ធានាថា គ្មាន​កងកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ ប្រសិនបើ​ឯកឧត្តម កឹម សុខា ចេញពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។  ការអះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​រិះគន់ថា ការប្រកួត​ប្រ​ជែក​សម្រាប់​ការបោះឆ្នោត​មិន​ស្មើភាព​គ្នា​ទេ ដោយសារ​មេដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​គឺ​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម សម រង្ស៊ី ត្រូវ​រដ្ឋាភិបាល​ប្រើ​ប្រព័ន្ធតុលាការ​ដើម្បី​គាបសង្កត់​លោក​ទាំងពីរ​។​
 
​មុន​និយាយ​ករណី​ឯកឧត្តម សម រង្ស៊ី លោក ឥសាន  និយាយ​ពី​ករណី​ឯកឧត្តម កឹម សុខា ថា បើ​សមត្ថកិច្ច​ពិត​ជាមាន​ចេតនា​ចង់​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា មែន​នោះ មិន​ពិបាក​ឡើយ ពោលគឺ​តែមួយ​នាទី គឺ​ចាប់បាន​។ « មិនចាំបាច់​ធ្វើ​របាំង​ដែក​ការពារ​ទេ បើ​គេ​ចង់ចាំ​តែមួយ​នាទី​ទេ​។ តែ​គេ​មិន​ចាប់​ឡើយ​។ តុលាការ​គ្រាន់តែ​ហៅ​ទៅ​សួរ​តើ​។ លោក កឹម សុខា ឃុំ​ខ្លួនឯង ធ្វើបាប​ខ្លួនឯង​ទេ​។  លោក កឹម សុខា អាច​ទៅ​ចុះ​ឈ្មះ​បោះឆ្នោត​បាន​តើ តែ​គាត់​មិន​ទៅ​។ នេះ​រឿង​ខ្លួនឯង​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​តំណាងរាស្ត្រ​វ័យ ៥០ ឆ្នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ ហើយក៏​បន្ត​លើកឡើង​ពី​កររ​ណី​ឯកឧត្តម សម រង្ស៊ី​។ 
 
​លោក ឥសាន បាន​ហៅ​ឯកឧត្តម សម រង្ស៊ី ថា ជា​«​អនុ​ជន​»  ព្រោះ​លោក​យល់ថា ឯកឧត្តម សម រង្ស៊ី គឺជា​ទណ្ឌិត ដោយមាន​សាលដីការ​ស្ថាពរ​រួចហើយ​។ លោក​ថា ឯកឧត្តម សម រង្ស៊ី បាត់​សិទ្ធិ​ជា​ពលរដ្ឋ មិនអាច​ចុះឈ្មោះ​បោះឆ្នោត និង​ធ្វើ​នយោបាយ​ទេ ដែលជា​ហេតុ​នៃ​ការប្រកួតប្រជែង​នយោបាយ​មិន​ស្មើគ្នា​។ លោក បញ្ជាក់​បែបនេះ​ថា​៖ «​ពិត​ហើយ វា​មិនអាច​ស្មើគ្នា​ទេ បើ​ម្ខាង​គណបក្ស​ប្រជាជន​មិន​ធ្វើ​ខុសច្បាប់ តែ​ម្ខាង​ទៀត​ធ្វើ​ខុសច្បាប់ ត្រូវតែ​ទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ តែ​មេបក្ស​ដទៃ​មិន​ធ្វើ​ខុសច្បាប់ គេ​ប្រកួតប្រជែង​ធម្មតា​តើ​»​។​
 
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ស្នាក់ការ​គណបក្ស​នៅ​ថ្ងៃទី ៤ ខែកញ្ញា ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។  ដោយសារ​បញ្ហា​នេះ នៅ​ថ្ងៃទី ៥ ខែកញ្ញា ក្រុម​សម​ជិ​ក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ញត្តិ​ទៅ​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី ដើម្បី​ដាក់​សម្ពាធ​មកលើ​រដ្ឋបាល​ឲ្យ​គោរព​កិច្ចព្រមព្រៀង និង​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​មេដឹកនាំ​ទាំងពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​កាន់អំណាច​។​
 
​ករណី​ឯកឧត្តម កឹម សុខា កន្លងមក​លោក អេង ឆៃអ៊ាង ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឯកឧត្តម កឹម សុខា បានសម្រេច​ចិត្ត​មិន​ឈានជើងដើរ​ចេញពី​គណបក្ស​ឡើយ​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ឯកឧត្តម កឹម សុខា បាន​ប្ដេជ្ញាចិត្ត​រួចហើយ ថា លោក​សុខចិត្ត​ឃុំខ្លួន​នៅ​គណបក្ស ដើម្បី​ធ្វើ​កូដកម្ម​តស៊ូ​មតិ​ប្រឆាំងនឹង​សេចក្ដីសម្រេច​របស់​តុលាការ ដែល​រំលោភ​លើ​អភ័យឯកសិទ្ធិ​លោក និង​តំណាងរាស្ត្រ​កន្លងមកនេះ​។​
 
 

Tag:
 សុខ ឥសាប
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com