ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​អាមេរិក ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​ពីសុវត្ថិភាពផ្ទាល់​ខ្លួន​
04, Sep 2016 , 11:20 pm        
រូបភាព
ដោយ:
​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ និង​កំពុងធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រុងប្រយ័ត្ន​ចំពោះ​ការតវ៉ា​នយោបាយ​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​ទី ៥ ខែកញ្ញា​។



​សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​អាមេរិក បន្តថា គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​គម្រោង​តវ៉ា​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស ក៏ដូចជា​ការតវ៉ា​នៅមុខ​បរិវេណ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​។ តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​ ​ស្ថានទូត​អាមេរិក​ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ទៀតថា បើទោះបីជា​ការតវ៉ា​ដោយ​សន្តិវិធី​ក្តី តែ​ការប្រឈមមុខ​ដាក់គ្នា និង​អំពើហិង្សា​អាច​នឹង​កើតមានឡើង​។​
 
​ដើម្បី​សុវត្ថិភាព ទូត​មហាអំណាច​មួយ​នេះ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ទៅ​កន្លែង​បាតុកម្ម ឬ​កន្លែង​ជួបជុំ​ទាំងនោះ និង​ត្រូវ​តាមដាន​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​។ 
 
​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៥ ខែកញ្ញា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មានគម្រោង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច ជាពិសេស​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ស្នាក់ការ​គណបក្ស​នៅ​ថ្ងៃទី ៤ ខែកញ្ញា ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ប្រាប់​ប្រទេស​ទាំងនោះ​ថា រដ្ឋាភិបាល​បច្ចុប្បន្នកំពុង​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ លោក អេង ឆៃអ៊ាង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មកជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​ច្រើន ហើយ​នៅ​ម៉ោង ១០ កន្លះ ព្រឹក​ថ្ងៃទី ៥ ខែកញ្ញា សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​ទាំងនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com