ជាតិ
​​​ន​យោ​បាយ​ជាតិ​
កំពូល លើក​ពេល​បើកសវនាការ​លើ​មន្ត្រី​គជប និង​អាដហុក ខណៈ​សាលាដំបូង​កំពុង​ជំនុំជម្រះ​ករណី​លោក អ៊ុំ សំអាន
05, Sep 2016 , 9:55 am        
រូបភាព
 
 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ កញ្ញា​នេះ តុលាការកំពូល បានសម្រេច​លើក​ពេល​បើកសវនាការ​លើ​សំណុំរឿង​ប្ដឹង​សារទុក្ខ សុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គជប ក្រោម​ហេតុផល​ថា មេធាវី​ការពារ​ក្ដី​របស់​ជនជាប់ចោទ​ដែល​ដាក់ពាក្យ​ប្ដឹង​សារទុក្ខ​នេះ មិនមាន​វត្តមាន​ក្នុង​សវនាការ​។​




​បើតាម​មេធាវី​ការពារ​មន្ត្រី​អាដហុក លោក ឡោ ជុន​ធី មូលហេតុ​ដែល​តុលាការ​កំពូល​មិន​បើកសវនាការ ដោយសារតែ​លោក សំ សុខ​គង់ មេធាវី​របស់លោក នី ចរិយា ដែល​បានដាក់​ពាក្យ​ប្ដឹង​សារទុក្ខ ស្នើ​ឲ្យ​កូនក្ដី​ខ្លូន​សុំ​នៅក្រៅ​ឃុំ​នោះ មិនមាន​វត្តមាន​នៅក្នុង​សវនាការ ទើបបានជា​តុលាការ​សម្រេច​លើក​ពេល​សវនាការ​។ ប៉ុន្ដែ​តុលាការ​មិនបាន​បញ្ជាក់​ពេលវេលា​បើកសវនាការ​នៅពេលណា​ទេ​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប មន្ត្រី​អាដហុក​ទាំង​៤​រូប រង​បទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​លោក នី ចរិយា រង​បទ​ចោទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​។​
 
​នៅ​ព្រឹក​នេះដែរ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​កំពុងបើក​សវនាការ​ជំនុំជម្រះ​ករណី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក សំ សុខ​គង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន កំពុងមាន​វត្ត​មាននៅ​ក្នុង​បន្ទប់​សវនាការ​។​
 
​សូម​រម្លឹកថា តំណាងរាស្ត្រ ដែល​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ឥត​សំចៃមាត់​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​។ បន្ទាប់មក​តុលាការ​រាជធានី​ភ្នំពេញ ក៏​សម្រេច​បញ្ជូន លោក អ៊ុំ សំអាន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទ​ពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥​។ លើសពីនេះ​ទៀត សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ថែមទាំង​បាន​បោះឆ្នោត គាំទ្រ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​បន្ត​អនុវត្ត​នីតិវិធី ចំពោះ​លោក អ៊ុំ សំអាន ទៀតផង​៕
 
 
 
 
 

Tag:
 អាដហុក​
  ​គជប​
  ​អ៊ុំ សំអាន​
© រក្សាសិទ្ធិដោយ thmeythmey.com