ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ចាត់ទុក​ការបិទផ្លូវ​របស់​អាជ្ញា​ធរ​ជាការ​រំលោភ​លើ​សិទ្ធិ​ធ្វើដំណើរ​របស់​ពលរដ្ឋ​
05, Sep 2016 , 10:13 am        
រូបភាព
ដោយ:
 
​នៅ​ព្រឹក​នេះ អាជ្ញាធរ បាន​បិទ​ផ្លូវជាតិ​លេខ ២ នៅក្បែរ​ស្នាក់កា​រកណ្តា​លគ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក អេង ឆៃអ៊ាង បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ និង​ចាត់ទុក​ទង្វើ​នេះ​ថា ជាការ​រំលោភ​លើ​សិទ្ធិ​ដើរហើរ​របស់​ប្រជាពលរដ្ឋ​។​


​ការបិទផ្លូវ​របស់​អា​ជ្ញា​ធរ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជួបជុំ​អ្នកគាំទ្រ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស និង​គម្រោង​ឲ្យ​អ្នកតំណាងរាស្ត្រ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​នៃ​ទីក្រុង​ប៉ារីស​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចាត់ទុក​ការបិទផ្លូវ​នៅក្បែរ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ធ្វើឡើង​ក្នុង​គោលបំណង​ហាម​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ញត្តិ​ទៅ​ដា​ក់នៅ​បណ្តា​ស្ថានទូត​នានា និង​ជាការ​រំលោភ​លើ​សិទ្ធិ​ក្នុងការ​ដើរហើរ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​
 
​លោក ឆៃអ៊ាង បន្ថែមថា សិទ្ធិ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ គឺមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​។​« បិទផ្លូវ ធ្វើ​ប្រជាពលរដ្ឋ​ខក​ទៅ​ធ្វើការ​។ សិស្ស​ទៅ​រៀន មិនកើត​។ អ្នកផ្សារ​ទៅ​លក់ដូរ​មិនកើត​។ នេះ​ជាការ​រំលោភសិទ្ធិ​ថ្មី​មួយទៀត​។ បើ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​ញត្តិ យើង​អាច​និយាយ​គ្នា​បាន​តើ​ថា តើ​ត្រូវធ្វើ​ទ្រង់ទ្រាយ​យ៉ាងណា ព្រោះ​យើង​ជា​ខ្មែរ​ដូចគ្នា​។ ញត្តិ​យើង​គ្រាន់តែ​ឲ្យ​តំណាងរាស្ត្រ​យើង​ដាក់​ឡាន​ទៅ​ដាក់​ក៏បាន​ដែរ​»​។ លោក អេង ឆៃអ៊ាង និយាយ​ដូច្នេះ តែ​លោក​មិនទាន់​អាច​បញ្ជាក់ថា នៅ​ម៉ោង ១០ កន្លះ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ញត្តិ​ទៅ​ដា​ក់នៅ​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះទេ ដោយ​លោក ឲ្យ​ទៅ​សួរ​លោក សុន ឆ័យ ដែលជា​អ្នកទទួលបន្ទុក​ផ្នែក​ញត្តិ​នេះ​។ សារព័ត៌មាន​ថ្មីៗ នៅ​មិនទាន់​អាចទាក់ទង​លោក សុន ឆ័យ បានទេ​នៅ​ព្រឹក​នេះ​។ 
 
​លោក ឃួ​ង ស្រេង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបិទផ្លូវ​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​ប្រជាពលរដ្ឋ​។ លោ​កប​បញ្ជាក់​បន្ត​យ៉ាងនេះ​ថា​៖«​ដ្បិតតែ​ពួកគាត់​ទៅធ្វើ​ការ​យឺត​មែន ប៉ុន្តែ​សុវត្ថិភាព​របស់គាត់ ត្រូវបាន​ធានា​»​។   

Tag:
 អេង ឆៃអ៊ាង​
  ឃួ​ង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com