ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​CNRP កំពុង​ដើរ​ដាក់​ញត្តិ នៅតាម​ស្ថានទូត ​
05, Sep 2016 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
 
​ដូច​ការគ្រោងទុក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ដើរ​ដាក់​ញត្តិ​នៅតាម​បណ្ដា​ស្ថានទូត​មួយចំនួន​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ស្នើ​ទៅ​ប្រទេស​មហាអំណាច និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ឲ្យ​ជួយ​ការពារ​សិទ្ធិមនុស្ស​និង​ការពារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​


​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​លោកស្រី មួរ សុខ​ហួរ លោក ហូ វ៉ាន់ និង​លោក ឡុង ប៊ូ​តា ដែល​បាន​ដើរ​ដាក់​ញត្តិ​នៅតាម​ស្ថានទូត អូស្ត្រាលី រុស្ស៊ី បារាំង អង់គ្លេស អាមេរិក សិង្ហ​បុរី ជាដើម ។ បើតាម​លោកស្រី មួ សុខ​ហួរ ខាង​មន្ត្រី​តាម​ស្ថានទូត​ទាំង​នោះបាន​ចេញមក​ទទួល​ញត្តិ​នេះ​រួចរាល់​ហើយ ។ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដើរ​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​នានា តាម​គម្រោង​បន្តទៀត​។ 
 
​ការដាក់​ញត្តិ​របស់​តំណាងរាស្ត្រ​ទាំងនេះ ស្រប​ពេលដែល​អាជ្ញាធរ​កំពុង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ជិត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ តាំងពីព្រឹក​ព្រលឹម​ថ្ងៃទី​០៥ កញ្ញា​នេះ ដែល​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ស្ពាន​ព្រះមុនីវង្ស​(​ច្បារអំពៅ​)​។ ការបិទផ្លូវ​ដោយ​គ្មាន​ការជូនដំណឹង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ដង្ហែ​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច ជាពិសេស​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​ តែមកដល់ម៉ោង១១ ព្រឹកនេះ អាជ្ញាធរបានបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរ​ជាធម្មតា​វិញ​ហើយ។
 
​លោក អេង ឆៃអ៊ាង ដែល​បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ស្នាក់ការ​គណបក្ស​នៅ​ថ្ងៃទី ៤ ខែកញ្ញា​ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ប្រាប់​ប្រទេស​ទាំងនោះ​ថា រដ្ឋាភិបាល​បច្ចុប្បន្នកំពុង​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ បើតាម​លោក អេង ឆៃអ៊ាង គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ប្រទេស​ទាំងនោះ ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​ឲ្យ​គោរព​កិច្ចព្រមព្រៀង និង​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​មេដឹកនាំ​ទាំងពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​កាន់អំណាច​៕
 

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com