ជាតិ
​តុលាការ នៅតែ​បន្ត​សវនាការ​កាត់ទោស​លោក អ៊ុំ សំអាន ទោះបី​មេធាវី ដើរ​ចេញពី​បន្ទប់​សវនាការ​
05, Sep 2016 , 11:54 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ជំនុំជម្រះ​រឿងក្តី​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ប៉ុន្តែ សហ​មេធាវី សម្រេចចិត្ត​ដើរចេញ​ពី​បន្ទប់​សវនាការ​។



​នៅក្នុង​បន្ទប់​សវនាការ ក្រុម​មេធាវី​របស់លោក អ៊ុំ សំអាន  និង​ចៅក្រម​ជំនុំជម្រះ បាន​ប្រទាំង​ប្រទូស​គ្នា ទៅលើ​ផ្លូវច្បាប់​។ នៅ​ទីបំផុត ក្រុម​មេធាវី បាន​ដើរ​ចេញពី​បន្ទប់​សវនា​ការ ខណៈដែល ចៅក្រម​ជំនុំជម្រះ នៅតែ​បន្ត​នីតិវិធី​នៃ​ការជំនុំជម្រះ​របស់ខ្លួន​។ ការសម្រេចចិត្ត​ដើរចេញ​បែបនេះ គឺ​ដោយសារតែ​ក្រុម​មេធាវី យល់ថា សវនាការ ដំណើរការ​ទៅ ដោយ​ខុស​នីតិវិធី​។

​ក្រោយ​ចាក​ចេញពី​បន្ទប់​សវនាការ លោក ហែម សុជាតិ មេធាវី​១​រូប​របស់លោក អ៊ុំ សំអាន បានផ្តល់​បទ​សម្ភាស​ដ​ល់​ក្រុម​អ្នកសារព័ត៌មាន​។ លោក ហែម សុជាតិ បាន​លើក​ហេតុផល​ថា ក្រុម​មេធាវី បានដាក់​លិខិត ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ទាត់ចោល​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពួកលោក យល់ថា សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ចំពោះ​កូនក្តី​របស់ខ្លួន កន្លងមក​។

​ប៉ុន្តែ រហូតមកដល់​ពេលនេះ តុលាការ​កំពូល មិនទាន់​បើកសវនាការ​លើ​បណ្តឹង​របស់​ក្រុម​មេធាវី នៅឡើយ​ទេ​។ ដូច្នេះ សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​ជំនុំជម្រះ​លើ​អង្គសេចក្តី​នោះទេ ដរាបណា តុលាការ​កំពូល​មិនទាន់​សម្រេច លើ​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​។ នេះ​ជាការ​បន្ថែម​របស់លោក ហែម សុជាតិ​។​

​លើសពីនេះ​ទៀត លោក​មេធាវី​ខាងលើ បាន​លើកយក​អភ័យឯកសិទ្ធិ​របស់លោក អ៊ុំ សំអាន ក្នុងនាម​ជា​តំណាងរាស្ត្រ មក​ធ្វើជា​ហេតុផល ក្នុង​ការដើរ​ចេញពី​បន្ទប់​សវនាការ​។ លោក ហែម សុជាតិ ពន្យល់ថា លោក អ៊ុំ សំអាន គឺជា​តំណាងរាស្ត្រ ដែល​កំពុង​តែមាន​អភ័យឯកសិទ្ធិ​ជាប់​នឹង​ខ្លួន ដូច្នេះ តុលាការ​មិនអាច ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក​បាន​ទេ​។

​លោក ហែម សុជាតិ បន្ថែមថា តុលាការ អាច​ចាត់ការ​លើ​លោក អ៊ុំ សំអាន បាន លុះត្រាតែ អភ័យឯកសិទ្ធិ​របស់​លោក ត្រូវបាន​ព្យួរ​ជាមុនសិន​។  លោក​សង្កត់ធ្ងន់ៗ​ដូច្នេះ​ថា​៖«​ដោយសារតែ​តុលា​ការបន្ត​នីតិវិធី ដែល​យើងខ្ញុំ​យល់ថា​ខុស អ៊ីចឹង​មេធាវី​ទាំងអស់ មិនអាច​ចូលរួម​ក្នុង​សវនាការ ដែល​ខុសច្បាប់​បានទេ​»​។​

​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​៖«​តំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិសភា​។ តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុងការ​បំពេញ​មុខងា​រ​របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។ [……] »

​សូម​រម្លឹកថា តំណាងរាស្ត្រ ដែល​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ឥត​សំចៃមាត់​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​។ បន្ទាប់មក​តុលាការ​រាជធានី​ភ្នំពេញ ក៏​សម្រេច​បញ្ជូន លោក អ៊ុំ សំអាន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទ​ពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥​។ លើសពីនេះ​ទៀត សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ថែមទាំង​បាន​បោះឆ្នោត គាំទ្រ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​បន្ត​អនុវត្ត​នីតិវិធី ចំពោះ​លោក អ៊ុំ សំអាន ទៀតផង​៕


Tag:
 អ៊ុំ សំអាន​
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com