កីឡាជាតិ
ជាតិ
ចំបាប់​ស្វែងរក​ជើង​ខ្លាំង​តាម​បណ្តា​ខេត្ត​ដើម្បី​ត្រៀម​ប្រកួត​ជើងឯក​កីឡា​ជាតិ National Games
05, Sep 2016 , 8:39 pm        
រូបភាព
រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា
រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា
ដោយ:
​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់លោក Casey Barnet អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ស្វែងរក​កីឡាករ​កីឡាការិនី​ដែលមាន​សមត្ថភាព​នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ដើម្បី​ត្រៀម​ប្រកួត​ជើងឯក​កីឡា​ជាតិ​ប្រចាំឆ្នាំ​២០១៦ (National Games 2016) ។ ប្រកួត​នេះ នឹងធ្វើ​ឡើង​នៅ​ខែតុលា ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែវិច្ឆិកា ខាងមុខនេះ​។



​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចៅក្រម អាជ្ញាកណ្តាល​របស់​សហ​ព័ន្ធ​ចុះទៅ​តាម​បណ្តា​ខេត្ត ដើម្បី​រៀបចំ​ការប្រកួត​ការជ្រើសរើស​ជើងឯក​ប្រចាំខេត្ត​នីមួយៗ​។ ការប្រកួត​ជើងឯក​ប្រចាំខេត្ត​នេះ ក្នុង​គោលបំណង​ដើម្បី​ជ្រើសរើស​ជើង​ខ្លាំង​តាម​បណ្តា​ខេត្ត សម្រាប់​ត្រៀម​ប្រកួត​ជើងឯក​កីឡា​ជាតិ National Games  ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​លើកដំបូង​។​



​ជាក់ស្តែង​កាលពី​ថ្ងៃទី​៤-៥ ខែកញ្ញា សប្តាហ៍​មុន លោក ធិ​ន វិចិត្រ ដោយ​ទទួលបាន​ការចង្អុលបង្ហាញ​របស់ លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់លោក Casey Barnet បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់ខ្លួន​ទៅកាន់​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ខេត្តពោធិ៍សាត់​ប្រចាំឆ្នាំ​២០១៦ ។ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ខេត្ត​នេះ​សហព័ន្ធ​នឹងធ្វើ​យុទ្ធនាការ​ទៅកាន់​ខេត្ត​មួយចំនួនទៀត​ដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល និង​ខេត្តព្រៃវែង ជា​បន្តបន្ទាប់​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។



​បើ​យោងតាម​លោក​អគ្គលេខាធិការ​សហ​ព័ន្ធ​រូបនេះ ការចុះទៅ​ពង្រឹងសមត្ថភាព​តាម​បណ្តា​ក្លិប​-​សមាគម​នៅតាម​ខេត្ត​នេះ មិន​ត្រឹមតែ​ដើម្បី​ជ្រើសរើស​កីឡាករ​ដែលមាន​ទេពកោសល្យ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ជាតិ​នោះទេ​។ លើសពីនេះ​វា​ជាការ​រឹតចំណង​មិត្តភាពរ​វា​ង​សហព័ន្ធ​ជាមួយ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្ត ព្រមទាំង​ក្លិប​-​សមាគម​ផងដែរ​។ ម្យ៉ាងទៀត​ដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​កីឡា​ចំបាប់​ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ភាព​ផុសផុល និង​ដើម្បី​ឲ្យ​ពួកគេ​ស្គាល់ និង​ចូលរួម​លេង​កីឡា​នេះ​ឲ្យ​កាន់តែច្រើន​ទៀត​។  



​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​កីឡា​ជាតិ​ប្រចាំឆ្នាំ​២០១៦ National Games 2016 ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​២៥ ខែតុលា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។ ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​កីឡាករ​កីឡាការិនី និង​មន្ត្រី​បច្ចេកទេស សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នា​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕


Tag:
 ចំបាប់​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com