អន្តរជាតិ
កូរ៉េខាងត្បូង​ប្រាប់​ចិន​ថា កម្មវិធី​នុយ​ក្ល​អ៊ែរ​កូរ៉េខាងជើង​ប៉ះពាល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​
05, Sep 2016 , 8:59 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនពីង ស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនពីង ស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (Xinhua)
​នាពេល​ចុង​ក្រោយនេះ ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េខាងត្បូង កំពុង​រង្គោះរង្គើ លើ​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស ដោយសារ​ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​ជា​បន្ត​បន្ទាប់ពី​សំណាក់​កូរ៉េខាងជើង​។ ឆ្លៀតពេល​ជំនួប​ក្នុង​ក្រុង​ហាង​ចូ​វ ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយ​ដោយ​ត្រង់​ទៅកាន់​សម​ភាគី​ចិន​ថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ ព្រោះតែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទៅវិញ​ទេ ហើយ​ប្រមុខរដ្ឋ​ចិន ក៏​ប្រាប់​វិញ​ថា ចិន ប្រឆាំង​ដាច់ខាត​នឹង​ការពង្រាយ​ខែល​ការពារ THAAD​។​



​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) បាន​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) នៅក្រៅ​ជំនួប​កំពូល G-20 នៅក្នុង​ហាង​ចូ​វ​។ បញ្ហា​ល្អក់កករ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​ការពង្រាយ​ប្រព័ន្ធ​ការពារ​នៅ​កូរ៉េខាងត្បូង ត្រូវបាន​លើក​មក​ពិភាក្សា​ក្នុងជំនួប​កំពូល​នេះ ហើយ​មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​ជំហរ​ដាច់ខាត​រៀងៗ​ខ្លួន​ដែរ​។

​ក្នុងជំនួប​នៅ​ថ្ងៃទី​៥ ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង និយាយថា ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺជា​គំរាមកំហែង​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ ហើយ​សកម្មភាព​ប្រហើ​ន​ទាំងនេះ ក៏​ជា​បាន​ប៉ះពាល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​ឧបទ្វីប​កូរ៉េ និង​តំបន់​អាស៊ី​បូព៌ា​ផងដែរ​។​

​រដ្ឋ​កុម្មុយនីស្ត​កូរ៉េខាងជើង តែងតែ​ធ្វើ​សកម្មភាព​ផ្គើន​នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ម្ដង​ហើយ​ម្ដងទៀត​។ កូរ៉េខាងជើង បាន​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ផង បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផង ដោយ​មិន​ខ្វល់​ពី​ការ​គំរាម​របស់​អន្តរជាតិ​ឡើយ​។ ដោយសារតែ​បញ្ហា​នេះ ទើប​អាមេរិក និង​កូរ៉េខាងត្បូង ឯកភាពគ្នា​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល (THAAD) ដែល​រឿងនេះ ធ្វើ​ឲ្យ​ចិន​ក្ដៅ​ចិត្តខ្លាំង និង​ទាមទារ​ឲ្យ​លុបចោល​គម្រោង​នេះ​។

​នៅ​ជំនួប​ក្នុង​ក្រុង​ហាង​ចូ​វ ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក៏បាន​ប្រាប់​ដោយផ្ទាល់​ទៅ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ថា ខ្លួន​ប្រឆាំង​ដាច់ខាត​ការពង្រាយ​ខែល​ការពារ​នៅ​កូរ៉េខាងត្បូង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua ប្រមុខរដ្ឋ​ចិន​បាន​បន្តថា ដំណោះស្រាយ​បញ្ហា​ដោយ​មិន​សមស្រប នឹងមិន​អាចជួយ​អ្វី​ដល់​ស្ថិរភាព​តំបន់​ឡើយ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​ផង ហើយ​ចិន​នៅតែ​ប្ដេជ្ញាចិត្ត ក្នុងការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ ជា​តំបន់​គ្មាន​នុយក្លេអ៊ែរ​ផងដែរ​។​

​កន្លងមក ក្រុង​ប៉េកាំង តែង​បារម្ភ​ចំពោះ​ការដាក់​តាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ដោយ​ចាត់ទុកជា​ការគំរាមកំហែង​មកលើ​សន្តិសុខ​ខ្លួន បើទោះជា​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​អះអាងថា ខែល​ការពារ​នេះ​សំដៅលើ​កូរ៉េខាងជើង​ក៏ដោយចុះ​។ ក្រៅពីនេះ ចិន ក៏​មិន​ទុកចិត្ត​សម្ព័ន្ធមិត្ត​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ ព្រោះ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ក៏​អាច​តាមដាន​ការ​ចល័ត​កងកម្លាំង​យោធា​ចិន​ថែម​ទៀតផង​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា បន្ទាប់ពី​ជំនួប​រវាង​លោក ស៊ី ជិន​ពីង និង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បញ្ចប់ទៅ កូរ៉េខាងជើង​ឯណោះ ក៏បាន​បាញ់​មី​ស៊ី​ល​ចំនួន​បី​គ្រាប់​ចេញពី​ភាគ​ខាងកើត​។ គេ​មិនទាន់​ដឹង​ពី​ប្រភេទ​នៃ​មី​ស៊ី​ល​ដែល​បាន​បាញ់​ឡើយ ប៉ុន្តែ​នេះ​គឺ​ច្បាស់​ណាស់​ថា កូរ៉េខាងជើង មិន​សប្បាយ​ចិត្តនឹង​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន និង​កូរ៉េខាងត្បូង ដែល​លើកយក​បញ្ហា​កូរ៉េខាងជើង​មក​ជជែក​គ្នា​នោះ​៕   


Tag:
 ចិន​
 ​ កូរ៉េខាងត្បូង​
 ​ កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com