ពីនេះ ពីនោះ
យុវជន​គិត​ចង់​ធ្វើ​ធំ តែ​គ្មាន​សមត្ថភាព ប្រយ័ត្ន​មាន​បញ្ហា​ផ្នែក​គំនិត
06, Sep 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខួរក្បាល​របស់​មនុស្ស​ម្នាក់ៗ​មាន​ទំហំ និង​ទម្ងន់​លើសខ្វះ​គ្នា បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ​។ ប៉ុន្តែ​មនុស្ស​មាន​សិទ្ធិ​ផ្ទាល់ខ្លួន​ក្នុង​ការប្រើ​ខួរក្បាល គិតពិចារណា ដើម្បី​រៀបចំ​គោលដៅ​ជីវិត​ខ្លួនឯង​។ តែ​ក៏​មិនអាច​បណ្ដោយ​ឲ្យ​ក្បាល​ចេះតែ​គិត ប៉ុន្តែ​មិន​ធ្វើ​សកម្មភាព ហើយ​រឹតតែ​មិនអាច​ទៀត គឺ​ធ្វើ​សកម្មភាព​ដោយ​មិនបាន​គិតពិចារណា​។​



​យុវជន​មួយចំនួន​បច្ចុប្បន្ន មិនសូវ​ចេះ តែ​ចង់​ធ្វើ​ធំ សួរថា​តើ​អាច​ទៅ​ដឹកនាំ​អ្នកផ្សេង​បាន​ដោយ​របៀប​ណា​? ចំណែក​សុភាសិត​ខ្មែរ​លោក​ក៏បាន​លើ​ឡើង​ថា «​បើ​ខ្លួន​ល្ងង់​កុំ​ធ្វើ​ចេះ បើ​ខ្លួន​គ្មាន​ចំណេះ​កុំ​ចង់​ធ្វើ​ធំ​» នោះ​គឺ​មិនមែនជា​រឿង​គ្មាន​មូលដ្ឋាន​គិត​នោះឡើយ​។ ចាស់​បុរាណ​លោក​មានការ​គិតពិចារណា និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​អ្នកដឹកនាំ​។  ហើយក៏​មិនមែន​ការយក ចំណេះ មក​ប្រើ​ដើម្បី​ប្រកួតប្រជែង​យក​ឋានៈ បុណ្យស័ក្តិ ឬ​លាភ​សក្ការ​នោះដែរ​។​

​ហេតុនេះ គ្រប់យ៉ាង​ស្ទើរតែ​ជា​រឿង​ដែល​សាមញ្ញ ទៅហើយ​ដែល​យុវជន​ត្រូវ​ដឹងថា តំណែង តួនាទី កាន់តែ​ធំ ភាព​ទទួលខុសត្រូវ​កា​ន់​តែ​ខ្ពស់ សមត្ថភាព​ក៏​ពង្រីក​ឲ្យ​កាន់តែខ្លាំង និង​ទូលាយ ទើប​អាចធ្វើ​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព​។ មិនមែន​ងាយស្រួល​ដូច​ការគិត​នោះទេ​។ ដូច្នេះ កុំ​ព្យាយាម​អង្គុយ​ស្រមៃ​ថា​ខ្លួន​បានធ្វើ​ធំ ទាំង​មិនបាន​គិតគូរ​ពង្រឹងសមត្ថភាព​ខ្លួនឯង ព្រោះ​នៅពេល​ចេះតែ​គិត តែ​លទ្ធផល​មិនបាន​សម្រេច នោះ​អាច​ឈានទៅរក​ការ​មាន​បញ្ហា​ខួរក្បាល​។​


© រក្សាសិទ្ធិដោយ thmeythmey.com