ពីនេះ ពីនោះ
កុំ​ចូលចិត្ត​គិត​អវិជ្ជមាន ព្រោះ​វា​នាំ​ឲ្យ​ខួរក្បាល​ផ្ទុក​ដោយ​គំនិតអាក្រក់ នាំ​សង្គម​ជួប​បញ្ហា​
07, Sep 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ក្នុង​ផ្លូវ​អវិជ្ជមាន មើល​អ្នកដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន រិះគន់​អ្នកដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន ដោយ​ខ្វះ​មូលដ្ឋាន​ហេតុផល គឺជា​កំហុស​របស់​មនុស្ស​ម្នាក់ៗ ដែល​មិនបាន​ផ្ដល់​ផលចំណេញ​អ្វី​ទាំងអស់​។ មនុស្ស​ដែល​ចូលចិត្ត​គិតតែ​ចំណុច​អវិជ្ជមាន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកផ្សេង​មិន​ស្រឡាញ់​ចូលចិត្ត​ប៉ុណ្ណោះ​ទេ អាច​នាំ​ឲ្យ​ជាតិ​មាន​បញ្ហា បុគ្គល​ខ្លួនឯង​ក៏​ប្រឈម​ជាមួយ​បញ្ហា​ផ្នែក​គំនិត​។​



​ក្នុង​ដំណើរ​ជីវិត របស់​មនុស្ស​ម្នាក់ៗ​អ្នកណា​ក៏មាន​រឿង​ល្អ និង​អាក្រក់​ចំពោះ​ខ្លួនឯង​។ រឿងរ៉ាវ​នៅក្នុង​សង្គម តែងតែមាន​រូបភាព​ល្អ និង​អាក្រក់​ដែល​កើតមាន​។ នៅក្នុង​ការគ្រប់គ្រង​ដឹកនាំ​សង្គម តែងតែ​ភ័យខ្លាច​បញ្ហា​អាក្រក់​កើតឡើង ហើយ​សប្បាយចិត្ត​ជាមួយ​រឿង​ល្អ​ដែល​កើតមាន​។ ប៉ុន្តែ​ភ្នាក់ងារ​គិត​គឺ​មនុស្ស អ្នកមាន​ការព្រួយបារម្ភ​គឺ​មនុស្ស អ្នក​ភ័យខ្លាច​គឺ​មនុស្ស អ្នក​វិនាស​ក៏​ចាប់ពី​មនុស្ស​។

​តាម​ការពិតទៅ មានរឿង​ច្រើន​ដែល​មនុស្ស ទាំង​យុវជន ក៏ដូចជា​យុវ​ចាស់ ត្រូវ​ផ្ដើម​កែប្រែ​ខ្លួនឯង​ឡើងវិញ ក្នុងការ​ប្រើប្រាស់​ខួរក្បាល ដើម្បី​គិត​លើ​បញ្ហា​អ្វីមួយ​ដោយ​កុំ​ព្យាយាម​ចាប់​យកតែ​ផ្លូវ​អវិជ្ជមាន​ជាមុន ហើយ​បោះចោល​គំនិត​ត្រជាក់​ផ្នែក​វិជ្ជមាន​។​

​ឧទាហរណ៍​៖ ជា​បុគ្គល​នៅពេល​មាន​អារម្មណ៍​ថា​ខ្លួន​ដុនដាប ជីវិត​កើតមក​នឿយហត់ លំបាក ឈឺចាប់ គួរ​កុំ​ចាត់ទុកថា​វា​ជា​វាសនា​អាក្រក់​សម្រាប់​ជីវិត​ខ្លួនឯង​។ ព្រោះ​រឿង​គ្រប់យ៉ាង​មនុស្ស​ជា​អ្នកច្នៃ និង​កែប្រែ ហើយ​លិទ្ធ​ផល​ទៅជា​យ៉ាងណា គឺ​ស្ថិត​ទៅលើ​សកម្មភាព​នៃ​ទង្វើ​។ នៅពេល ដែល​អ្នក​ចង់​ធ្វើ​អ្វីមួយ កុំ​រារែក ត្រូវ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច​។ កុំ​ព្យាយាម​មើល​អ្នកដទៃ តែ​ផ្លូវ​អាក្រក់​, កុំ​ច្រណែន​នឹង​ភាពជោគជ័យ​របស់​អ្នកដទៃ​, កុំ​ដេកចាំ​ភ័ព្វសំណាង ព្រោះ​ទង្វើ​នៃ​ការគិត​ទាំងនេះ វា​នាំ​ឲ្យ​គំនិត​ច្របូកច្របល់ ព្រោះ​គិត​សុទ្ធតែ​ផ្លូវ​អវិជ្ជមាន គ្មាន​បានការ និង​មិនអាច​កើតមាន ដែល​រឹតតែ​ធ្វើបាប​ផ្លូវចិត្ត​ខ្លួនឯង​។​

​ខាងលើនេះ និយាយ​ពី​​បុគ្គល ប៉ុន្តែ​ចុះបើ​និយាយ​ពី​អ្នកគ្រប់គ្រង អ្នកដឹកនាំ វិញ តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ បុគ្គល និង​សង្គមជាតិ​ទាំងមូល​? ការគិត​អវិជ្ជមាន​ទាំងអស់ បាន​នាំ​ឲ្យ​បុគ្គល​ចេះតែ​ភ័យខ្លាច ហើយ​ឆ្លើយតប​ជាមួយ​រឿងរ៉ាវ​មួយចំនួន គឺ​តែងតែ​ផ្ដើម​ជាមួយ​រឿង​អវិជ្ជមាន​ដូចគ្នា​។  ការគិត​អវិជ្ជមាន​នេះ បើ​គិតតែ​ខ្លួនឯង ហើយ​ប៉ះពាល់​តែ​ខ្លួនឯង នោះ​វា​ជា​លទ្ធផល​របស់​បុគ្គល​។ ប៉ុន្តែ​ខ្លួនឯង​អ្នក​គិត​ប៉ុន្តែ​នាំ​គ្រួសារ នាំ​សង្គម នាំ​ប្រជាជន ឲ្យ​មាន​បញ្ហា​ទៅតាម​ទំហំ​នៃ​គិត និង​សម្រេចចិត្ត​របស់ខ្លួន​ទៅវិញ​។ នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​មនុស្ស​។  កុំ​ធ្វើជា​មនុស្ស​ដែល​មើល ឃើញ​បញ្ហា​គ្រប់​ឱកាស ប៉ុន្តែ​ត្រូវ​ធ្វើជា​មនុស្ស​ដែល​មើលឃើញ​ឱកាស​គ្រប់​បញ្ហា​៕


© រក្សាសិទ្ធិដោយ thmeythmey.com