ពីនេះ ពីនោះ
តើ​ពាក្យ​«​ត្បិត និង ដ្បិត​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​ក្នុងការ​ប្រើប្រាស់​»?
07, Sep 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើប្រាស់​ពាក្យ​«​ត្បិត​» និង​ពាក្យ​«​ដ្បិត​»​សព្វថ្ងៃនេះ ប្រាកដ​ណាស់​មាន​អ្នក​ច្រឡំ​ច្រើន​អំពី​លក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ ហើយក៏​នាំ​ឲ្យ​មាន​កំហុស​ផ្នែក​អត្ថន័យ​នៅក្នុង​ប្រយោគ ផងដែរ​។ តើ​ពាក្យ​ទាំងពីរ​នេះ​មានការ​ប្រើប្រាស់​ខុសគ្នា​ដូចម្ដេច​? តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងពីរ​នេះ មាន​លក្ខណៈ​ខុសគ្នា​ដូចខាងក្រោម​៖



​ពាក្យ​«​ត្បិត​» ជា​ប្រភេទ​ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រឹត​។ ឧទាហរណ៍ រឹតត្បិត គឺ​ប្រិត​ខ្លាំង​, ក្បិតក្បៀត​ពេកៈ កុំ​បណ្ដែតបណ្ដោយ​ពេក ត្រូវ​រឹតត្បិត​បន្តិច​ទៅ​, ត្រូវ​ចាយប្រាក់​រឹតត្បិត​បន្តិច កុំ​កញ្ជះកញ្ជាយ​ពេក​។ (​កញ្ជះកញ្ជាយ មានន័យថា រាយ​ឥត​សណ្ដាប់ធ្នាប់ៈ ចាយវាយ​ទ្រព្យធន​ឥត​សណ្ដាប់ធ្នាប់​។ ឧទាហរណ៍​៖ កុំ​កញ្ជះកញ្ជាយ​ពេក​, មនុស្ស​កញ្ជះកញ្ជាយ​។ ប្រើ​ជា ខ្ជះខ្ជាយ វិញ​ក៏បាន​)​។​

​ចំណែក​ពាក្យ​«​ដ្បិត​» បុរាណ​ប្រើ​ជា​បទ​(​បត់​), ត្បទ (​ត្ប​ត់​ប្រហែលជា​ឃ្លា​ក្លាយ​មកពី បាលី​. តប្បទ គឺ ត‍ “​នោះ​” បទ “​ផ្លូវ​, គន្លង​, ហេតុ​, ហេតុការណ៍​, ដំណើរ​” ទេ​ដឹង​?) ពាក្យ​«​ដ្បិត​» នេះ​មានន័យថា ព្រោះ​, ព្រោះ​ហេតុ​, ដោយហេតុៈ ស្អែក ខ្ញុំ​នឹង​ទៅ​ប្រតិដ្ឋ ពុំ​កើត​ទេ ដ្បិត​ខ្ញុំ​ពុំ​សូវ​ជា​។ នៅក្នុង​ពាក្យកាព្យ​បុរាណ គេ​សរសេរថា​៖

​ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ ពល​ជា​ដ្បិត​នាយ ហ្វឹកហ្វឺន​ខះខំ​...​។ (​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ​)​។ ដ្បិតថា​...(​ព្រោះថា​..), ដ្បិតតែ​...(​ព្រោះតែ​...), ដ្បិតអ្វី​?(​ព្រោះ​អ្វី​?)​។​ល​។​

​ជារួម​មក យោងតាម​អត្ថន័យ​ដែល​បាន​ពន្យល់​ដោយ​វចនានុក្រម​ខ្មែរ ពាក្យ​ទាំងពីរ​គឺមាន​អត្ថន័យ​ដាច់ដោយឡែក​ពីគ្នា​ដែល​សាធារណជន អាច​យល់បាន​ពី​របៀប​នៃ​ការប្រើប្រាស់​ពាក្យ​ទាំងនេះ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com