កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ ITF រៀបចំ​ជើងឯក​ថ្នាក់ជាតិ​ជា​លើកដំបូង​ដោយមាន​កីឡាករ​៣៣១​នាក់​ចូលរួម​
07, Sep 2016 , 8:39 am        
រូបភាព
 រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក Chivorn Pal
រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក Chivorn Pal
ដោយ:
ក្រោយពី​បែកចេញ​ពី​ការ​ជ្រក​ក្រោម​ដំបូល​តែមួយ​ជាមួយ​តេ​ក្វាន់​ដូ WTF សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​បើក​យុទ្ធនា​ការរៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦​ជា​លើកដំបូង​របស់ខ្លួន​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​ថ្ងៃទី​៨-១២ ខែកញ្ញា ខាងមុខនេះ​។

 
​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF ចំនួន​៣៣១​នាក់​មកពី​ក្លិប​-​សមាគម​ចំនួន​១៤​ដែលមាន​មូលដ្ឋាន​នៅតាម​បណ្តា​ខេត្ត​និង​រាជធានី នឹង​មកជួប​ជុំគ្នា​នៅ​ពហុ​កី​ដ្ឋា​ន​ជាតិ​ដើម្បី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦​។ នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ដែល​បានរៀបចំ​ការប្រកួត​នេះ​ដោយ​ខ្លួនឯង បន្ទាប់ពី​បែកចេញ​ពី​ការ​ជ្រក​ក្រោម​ដំបូង​តែមួយ​ជាមួយ​តេ​ក្វាន់​ដូ WTF​។   
 


 ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ខែកញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែកញ្ញា ខាងមុខនេះ​។ បើ​យោងតាម លោក ប៉ាល់ ជី​វ័​ន្ត អគ្គ​ហិរញ្ញ​ញឹក​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ IFT កម្ពុជា កីឡាករ​កីឡាការិនី​ទាំងអស់​ត្រូវ​មក​ថ្លឹង​ទម្ងន់​នៅ​ថ្ងៃទី​៨ ខែកញ្ញា ដែលជា​ថ្ងៃ​ចាប់ផ្តើម​ប្រកួត​តែម្តង​។ 
 
​ក្លិប​-​សមាគម​ទាំង​១៤​នោះ​រួមមាន​៖ ក្លិប​សេរីភាព​, ក្លិប​មិត្តភាព​, ក្លិប​យុវជន​, ក្លិប​យុវជន​១, ក្លិប​បាក់​ខែង​, ក្លិប​កងរាជអាវុធហត្ថ​ភ្នំពេញ​, ក្លិប​សកល​វិទ្យាល័យ IIC, ក្លិប​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ក្លិប​ព្រែក​ហូ​, ក្លិប​បាក់​ទូក​, ក្លិប​ពន្លឺ​យុវជន​, ក្លិប​ពន្លឺ​យុវជន​១, ក្លិប​ស្រី​សន្ធរ និង​ក្លិប​ក្តី​ចាស់​៕

Tag:
 តេក្វាន់ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com