ពីនេះ ពីនោះ
បញ្ហា​កើតឡើង​៖ ពលរដ្ឋ​ជួយ​អ្នកជំនាញ ឬ​អ្នកជំនាញ​ត្រូវបាន​ពលរដ្ឋ​រំខាន​ការងារ​?
08, Sep 2016 , 8:19 am        
រូបភាព
រូបភាព​ពលរដ្ឋ​ចោមរោម​មើល​កន្លែង​គប់​គ្រាប់បែក​នៅ​បឹង​កេងកង​៣ យប់​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០១៦
រូបភាព​ពលរដ្ឋ​ចោមរោម​មើល​កន្លែង​គប់​គ្រាប់បែក​នៅ​បឹង​កេងកង​៣ យប់​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០១៦
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​, បញ្ហា​អគ្គីភ័យ​, រឿង​ឃាតកម្ម ឬ​បញ្ហា​អ្វីមួយ​កើតឡើង ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​ចោមរោម​ដើម្បី​មើល​ព្រឹត្តិការណ៍​ទាំងនោះ ក្នុង​គោលបំណង​តាមមើល​រឿងរ៉ាវ​។ ប៉ុន្តែ​សួរថា រូបភាព​បែបនេះ​បង្ហាញថា ពលរដ្ឋ​ជួយ​អ្នកជំនាញ ឬ​អ្នកជំនាញ​ត្រូវបាន​ពលរដ្ឋ​រំខាន​ការងារ​?



​នៅពេលដែល​ឃើញ​មាន​បញ្ហា​នានា​បានកើត​ឡើង ដូចជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​ឃាតកម្ម បញ្ហា​អគ្គីភ័យ និង​បញ្ហា​ដែល​កើតមាន​ជាច្រើន​ផ្សេងៗ​ទៀត ត្រូវបាន​គេ​សង្កេតឃើញថា មានការ​ចោមរោម​តាមមើល​ហេតុការណ៍ ពី​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​។ ការបង្ហាញ​វត្តមាន​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​នេះ គឺ​បានផ្ដល់​ប្រយោជន៍​យ៉ាងសំខាន់ ព្រោះ​ពួកគាត់​អាច​ក្លាយជា​ភស្ដុតាង​រស់ និង​ជា​តម្រុយ​សម្រាប់​អ្នកជំនាញ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។​

​ចំណែក​មួយផ្នែក​ទៀត អាច​និយាយបានថា ពលរដ្ឋ​លោក​បាន​តាមដាន​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ ឬ​អ្នកមាន​សមត្ថកិច្ច​លើក​កិច្ចការ​ទាំងនោះ ដោយផ្ទាល់ ហើយ​ជា​អ្នកតាមដាន​មើល​ពី​សមត្ថភាព​របស់​មន្ត្រី​ជំនាញ ថា​អាចមាន​ចំណាត់​ការល្អ​បែបណា ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​ដែល​បានកើត​ឡើង ឲ្យ​មាន​ប្រសិទ្ធភាព នឹង​ជឿ​ទុកចិត្តបាន​។

​ប៉ុន្តែ មាន​សំណួរ​មួយចំនួន​សួរថា នៅពេល​ដែលមាន​បញ្ហា​មួយ​កើតឡើង ហើយ​ពលរដ្ឋ​សម្រុក​នាំគ្នា​ទៅ​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ តើ​ពួកគាត់​អាច​ទទួលបាន​ព័ត៌មាន​ពិត​ទេ​? បើ​បញ្ហា​កើតឡើង​ភ្លាម ពលរដ្ឋ​នាំគ្នា​ចូលទៅ តើ​អ្នកបង្ក​អាច​នឹង​ត្រលប់មក​ធ្វើ​ម្ដងទៀត​ទេ​? តើ​ពលរដ្ឋ មាន​ជំនាញ​ក្នុងការ​តាមដាន​រឿង​ទេ​? ឬមួយ​នាំគ្នា ទៅ​ចោមរោម​ដែល​នាំ​ឲ្យ​ពិបាក​ការពារ និង​រៀបចំ​សណ្ដាប់ធ្នាប់​? បើ​មនុស្ស​ណែន​កន្លែងកើតហេតុ តើ​មន្ត្រី​ជំនាញ​ធ្វើការ​ដោយ​វិធី​ណា​? បើ​មន្ត្រី​ជំនាញ​ពិបាក​ធ្វើការ ហើយ​ប្រើពាក្យ​មិន​ពិ​រោះ​ស្ដាប់ តើ​អាច​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ជាន់​បន្ថែមទៀត​ទេ​? បើ​មនុស្ស​កាន់តែច្រើន តើ​អ្នកណា​ដែល​ពិបាកធ្វើ​ការងារ​ជាងគេ​? បើ​មាន​បញ្ហា​បន្ទាប់ តើ​អ្នកណា​ជា​អ្នកចូលរួម​ខុស​?

​សំណួរ​ទាំងនេះ គឺ​សុទ្ធតែ​ឆ្លើយតប​ទៅលើ​ឥរិយាបថ​មួយចំនួន​របស់​ពលរ​ដ្ឋ ឲ្យ​លោក​ពិចារណា ថា​គួរ​នៅ​កន្លែង​ណា នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​? ព្រោះថា ក្នុង​រូបភាព​ជាក់ស្ដែង នៅពេល​មាន​អគ្គី​ស​ភ័យ​កើតឡើង ពលរដ្ឋ​តែង​នាំគ្នា​នៅ​ជុំ ជួនកាល​រកតែ​ផ្លូវ​សម្រាប់​ឡាន​ពន្លត់​អគ្គី​ស​ភ័យ​ចូល​ក៏​មិនបាន​។ បើ​បែបនេះ​គួរ​បន្ទោស​អ្នកណា​?

​នៅពេល​មាន​គ្រោះថ្នាក់​ចរ​រាច​រណ៍​កើតឡើង​ម្ដងៗ ពលរដ្ឋ​នាំគ្នា​ឈប់​យានយន្ត ឈប់​ម៉ូតូ នាំគ្នា​ឈរ​មើល​ពេញ​កន្លែងកើតហេតុ បង្ក​ឲ្យ​កកស្ទះ ចំណែក​អ្នកជំនាញ​ក៏​មិនអាច​ធ្វើការ​បាន​ស្រួល​។ តើ​គួរ​បន្ទោស​អ្នកណា​?

​ជាកស្ដែង​ដូច​ករណី​ថ្មីៗ​នេះ មានការ​គប់​គ្រាប់បែក​នៅ​យប់​ថ្ងៃទី​៦ ខែកញ្ញា នៅ​បឹង​កេងកង​៣​នេះ ពលរដ្ឋ​នាំគ្នា​ទៅ​មើល​កន្លែងកើតហេតុ​ជាច្រើន​រយ​នាក់​។ ប៉ុន្តែ​តើ​មានបាន​គិត​ទេ​ថា បើសិនជា​អ្នកបង្ក​ហេតុ​មក​បន្តស​កម្ម​ភាព​គេ​វិញ តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​អ្នក​ជួប​បញ្ហា​មិនល្អ​ចំពោះ​ជីវិត​?

​ជាការ​ពិត ពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង ហើយ​ពលរដ្ឋ​ចង់ដឹង​រឿងរ៉ាវ គឺ​មិនមែនជា​រឿង​ដែល​ខុស​នោះទេ​។ ប៉ុន្តែ​ពេលខ្លះ វា​ក្លាយជា​ចំណុច​អវិជ្ជមាន​មួយ​ចំពោះ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​កិច្ចការ​ទៅវិញ​ក៏​ថា​បាន​។​

​វា​ជា​រឿង​ទូទៅ​ហើយ ដែល​គេ​និយាយថា ទាំង​អាជ្ញាធរ អ្នកជំនាញ និង​ប្រជាពលរដ្ឋ​ត្រូវ​សហការគ្នា ដើម្បី​ដោះស្រាយ ប៉ុន្តែ​មិនអាច​បណ្ដោយ​ឲ្យ​រឿង កើតមាន​ពីមួយ​រឿង ទៅ​ពីរ​រឿង​បានទេ​។ ក្នុងន័យនេះ គឺ​មានន័យថា ពលរដ្ឋ​ត្រូវ​សម្រួល​ឲ្យ​មន្ត្រី​ជំនាញ​អនុវត្ត​ការងារ ចំណែក​មន្ត្រី​ជំនាញ​ត្រូវ​ចេះ​រៀបចំ​ពលរដ្ឋ​ឲ្យ​ទៅ​កន្លែង​សុវត្ថិភាព ការពារ​បញ្ហា​បន្ត​មាន​ដែល​មិនអាច​ស្មានដឹង​។​

​ត្រង់ចំណុច​ទាំងនេះហើយ ដែល​ពលរដ្ឋ​គ្រប់រូប ពេលខ្លះ​ត្រូវតែ​គិត​ផងដែរ ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ចំណែក ការ​ទៅ​ចោមរោម​កន្លែងកើតហេតុ តើ​អាច​ផ្ដល់​ផលចំណេញ ឬ​រឹតតែ​ក្លាយជា​បន្ទុក​សម្រាប់​អ្នកជំនាញ និង​អ្នកការពារ​សណ្ដាប់ធ្នាប់​? ចំណែក​អាជ្ញាធរ អ្នកជំនាញ​ក៏ត្រូវ​សិក្សា​ផងដែរ ពី​ហេតុការណ៍​ដែល​នឹង​អាច​កើតមាន​បន្ទាប់ ព្រោះ​ពេលខ្លះ​អាច​ថា​ពលរដ្ឋ​មិនបាន​គិតដល់ ប៉ុន្តែ​អ្នកជំនាញ​គឺ​ចាំបាច់​ណាស់​គិត​ឲ្យ​លឿន​ចំពោះ​បញ្ហា​បែបនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com