កីឡាជាតិ
ជាតិ
កីឡាករ វ៉ា់ន់ វ៉ុ​ន រំពឹង​កើនឡើង​កម្រិត​បច្ចេកទេស​ក្រោយ​ដក​ពិសោធន៍​ពី​កីឡាករ​ល្បីៗ​លំដាប់​ពិភពលោក
08, Sep 2016 , 8:19 am        
រូបភាព
ដោយ:
 
​សម្រាប់​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន មាន​កី្ត​រំពឹងថា ក្រោយ​ការចូលរួម និង​ការហ្វឹកហាត់​ដោយ​ដកស្រង់​បទពិសោធន៍​ពី​កីឡា​ជើង​ខ្លាំង​លំដាប់​ពិភពលោក កម្រិត​បច្ចេកទេស​រប​ស់​ខ្លួន​នឹងមាន​ការកើនឡើង​កាន់​តែ​ខ្លាំង​ថែមទៀត​។​

 
​អត្ថ​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន ទោះបី​វា​ជាការ​បង្ហាញ​វត្តមាន​លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ Rio ប្រទេស​ប្រេ​ស៊ី​ល​ក៏ដោយ​។ ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​ក្តីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​ការសិក្សា និង​ក៏ដូចជា​ដកស្រង់​បច្ចេកទេស​ពី​កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក រូបគេ​នឹង​ទទួលបាន​បច្ចេកទេស និង​បទពិសោធន៍​ល្អៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​។​
 
​បេក្ខភាព​ប៉ា​រ៉ា​ឡាំ​ពិ​ក​តំណាង​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​៖«​នេះ​ជា​បទពិសោធន៍​លើក​ទី​១ ព្រោះ​នាពេល​កន្លង​ខ្ញុំ​មិនដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​ទេ ហើយក៏​មិនដែល​បាន​ជួប​កីឡាករ​ខ្លាំងៗ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ក្នុង​រយៈពេល​ហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នេះ កម្រិត​បច្ចេកទេស​រប​ស់​ខ្ញុំ​នឹង​កើនឡើង​ជាង​នៅ​កម្ពុជា ដោយសារ​ខ្ញុំ​បាន​ដកស្រង់​បច្ចេកទេស​ពី​ឡាករ​ខ្លាំងៗ​លំដាប់​ពិភពលោក​»​។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី​កីឡាករ​កម្ពុជា​រូបនេះ​មិន​ហ៊ាន​រំពឹង​ក្នុងការ​ឈានដល់​ដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​នេះឡើយ ដោយសារ​រូបគេ​យល់ថា សមត្ថភាព​នៅមានកម្រិត​ទាប​បើ​ប្រៀបធៀប​ទៅនឹង​សមត្ថភាព​កីឡាករ​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ​។​
 
​កីឡាករ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មិន​ហ៊ាន​និយាយថា ខ្លួន​ខ្ញុំ​អាច​ដណ្តើមបាន​មេដាយ​ឬ​អត់​នោះទេ ដោយសារ​ខ្ញុំ​គិតថា កំណត់ត្រា​របស់ខ្ញុំ និង​កំណត់ត្រា​ពិភពលោក​ខ្ញុំ​នៅ​ចាញ់​គេ​។ ដូច្នេះ​ទាល់តែ​មានការ​ប្រកួត​ទើប​ខ្ញុំ​ហ៊ាន​និយាយ​ព្រោះ​អី​វា​ជា​លើក​ទី​១ តែបើ​តាម​ការចូលរួម​នាពេល​កន្លងមក​បើ​ខ្ញុំ​ហ៊ាន​និយាយ គឺ​ខ្ញុំ​ហ៊ាន​ធ្វើ​»​។​
 
​គួរ​បញ្ជាក់ថា កីឡាករ វ៉ាន់ វ៉ុ​ន ជា​បេក្ខភាព​កម្ពុជា​ម្នាក់​គត់​ដែល​ទទួលបាន​សិទ្ធ​អនុគ្រោះ​ពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ពិភពលោក និង​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​៕   

Tag:
 វ៉ាន់ វ៉ុ​ន​
  Rio Paralympic 2016
© រក្សាសិទ្ធិដោយ thmeythmey.com