ជាតិ
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ប្រាប់​បុគ្គលិក​ឲ្យ​ព្យាបាល​អ្នកជំងឺ​តាម​វិជ្ជាជីវៈ​
09, Sep 2016 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយបាន​ប្រាប់​គ្រូពេទ្យ និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​ទាំងអស់ ត្រូវ​ព្យាបាល​អ្នកជំងឺ និង​ថែទាំ​ពួកគេ តាម​វិជ្ជា​ជីៈ​។



​ខ្លឹម​ថា​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៧ កញ្ញា បានសរសេរថា បុគ្គលិក​មន្ទីរពេទ្យ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​ជូន​អតិថិជន (​អ្នកជំងឺ​) ដោយ​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ រួម​និង​ពិនិត្យ ព្យាបាល​អ្នកជំងឺ ទោះ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។ ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​បាន​បន្ថែមទៀតថា ការព្យាបាល​អ្នកជំងឺ​ត្រូវ​ធានា​សុវត្ថិភាព បច្ចេកទេស​សមស្រប ប្រើពាក្យ​សំដី​សមរម្យ និង​អាកប្បកិរិយា​ទន់ភ្លន់​ទៅ​អ្នកជំងឺ​ផងដែរ​។​

​ជាងនេះទៅទៀត ក្នុង​ខ្លឹមសារ​ខាងដើម បាន​បញ្ជាក់ថា គ្រូពេទ្យ​ត្រូវ​សង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ មាន​ស្ត្រី​ធ្លាក់ឈាម របួស គ្រោះថ្នាក់​ចរាចរណ៍ សន្លប់​បាត់ស្មារតី​។​ល​។ ជាមុន ទើបត្រូវ​បំពេញ​សំណុំបែបបទ ឫ​ឯកសារ​ពាក់ព័ន្ធ​តាម​ក្រោយ ចៀសវាង​មាន​ហេតុការណ៍​អ្វី​កើតឡើង​។​

​គួររម្លឹកថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឫ​ហៅ​ពេទ្យរុស្ស៊ី កន្លងមក​ធ្លាប់មាន​ការរិះគន់​មួយចំនួន រួមមាន  ភាពយឺតយ៉ាវ​ផ្នែក​បម្រើសេវា គ្រូពេទ្យ​ប្រើ​សំដី​មិន​សមរម្យ​ដល់​អ្នកជំងឺ និង​ការព្យាបាល​មិន​តាម​វិជ្ជាជីវៈ​។​ល​៕


Tag:
 ​គ្រូពេទ្យ​
  មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
© រក្សាសិទ្ធិដោយ thmeythmey.com