កីឡាជាតិ
បឹងកេត​អង្គរ​ត្រូវការ​ឈ្នះ​ប៉ូលីស ដើម្បី​បញ្ចប់​កី្ត​រំពឹង​របស់​ក្រសួងការពារជាតិ​
10, Sep 2016 , 3:19 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​អង្គរ​ត្រូវការ​ឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ជាដាច់ខាត នា​ជំនួប​ចុងក្រោយ​ល្ងាច​នេះ ដើម្បី​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​នេះ​។ គួរ​បញ្ជាក់ថា ក្រុម​ក្រសួងការពារជាតិ​មាន​៤៦​ពិន្ទុ បាន​ឡើងឈរ​កំពូល​តារាង ខណៈ​ក្រុម​បឹងកេត​អង្គរ​មាន​៤៤​ពិន្ទុ ឈ​នៅ​ចំណាត់ថ្នាក់​ទី​២​។


 
​ក្រុម​ក្រសួងការពារជាតិ បាន​បង្កើន​ឱកាស​ប្រជែង​លើក​ពាន​លី​ក​កំពូល​កម្ពុជា​កាន់តែខ្លាំង តាមរយៈ​ការបំបាក់​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-១​កាលពី​ម្សិលមិញ​។ ជ័យជម្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​ឡើងទៅ​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង និង​បាន​ជួយ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ការលើក​ពាន​រដូវ​កាល​នេះ​ផងដែរ​។ 
 
​ក្រុម​បឹងកេត​អង្គរ ដែល​នៅ​ឈ​ចំណាត់ថ្នាក់​លេខ​២ នៅមាន​ឱកាស​មួយ​ប្រកួត​ចុងក្រោយ​ក្នុង​ដៃ ដោយ​ត្រូវ​ជួប​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ដែលជា​ការប្រកួត​មួយ​ដ៏​សំខាន់​ក្នុងការ​កាត់ក្តី ស្វែងរក​ក្រុម​ជើង​ខ្លាំង​លើក​ពាន​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៦​។ ក្នុងជំនួប​ចុងក្រោយ​នេះ ក្រុម​បឹងកេត​អង្គរ​ត្រូវតែ​ឈ្នះ​ជាដាច់ខាត​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បញ្ចប់​ក្តីសង្ឃឹម​លើក​ពាន​របស់​ក្រុម​ក្រសួងការពារជាតិ ។​
 
​សូមបញ្ជាក់ថា ប្រសិនបើ​ក្រុម​បឹងកេត​អង្គរ​រក្សា​លទ្ធផល​ស្មើ ឬ​ចាញ់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ នា​ជំនួប​ល្ងាច​នេះ ក្រុម​ក្រសួងការពារជាតិ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​លី​ក​កំពូល​កម្ពុជា​។ តែបើ​ក្រុម​បឹងកេត​អង្គរ​អាច​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន នោះ​ក្រុម​បឹងកេត​អង្គរ​នឹង​គ្រង​ពាន់រង្វាន់​លី​ក​កំពូល​កម្ពុជា ប្រចាំ​រដូវ​កាល​២០១៦​នេះ​។ បច្ចុប្បន្ន​ក្រុម​ក្រសួងការពារជាតិ​មាន​៤៦​ពិន្ទុ រីឯ​ក្រុម​បឹងកេត​អង្គរ​មាន​៤៤​ពិន្ទុ ពោលគឺ​ចាញ់​ក្រុម​ក្រសួងការពារជាតិ​២​ពិន្ទុ​។ 
 
​មុន​ជំនួប​រវាង​ក្រុម​បឹងកេត​អង្គរ និង​អគ្គស្នងការ​នគរបាល​ជាតិ​មកដល់ នឹងមាន​ការប្រកួត​ពីរ​គូ​ផ្សេងទៀត​ផងដែរ ដោយ​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ​ជួប​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។ ចំណែក​ក្រុម​ឈរ​លំដាប់​លេខ​៣​ណាហ្គា​វើ​ល​ជួប​ប្រកួត​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​ពហុ​កីឡដ្ឋាន​៕ 
 
*​កម្មវិធី​ប្រកួត​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៦​នា​ល្ងាច​នេះ​
- ម៉ោង​៣:៣០​នាទី​៖ វេ​ស្ទើ​ន​ភ្នំពេញ ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន 
- ម៉ោង​៣:៣០​នាទី​៖ ណាហ្គា​វើ​ល ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង​១៨:០០​នាទី​៖ បឹងកេត​អង្គរ ជួប អគ្គស្នងការ​នគរបាល​ជាតិ នៅ​ពហុ​កី​ដ្ឋា​ន​ជាតិ​។​

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com