ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ពលរដ្ឋ​ខ្មែរ​ចំណាយលុយ និង​ពេលវេលា​កាន់តែច្រើន នៅលើ​ដងផ្លូវ
11, Sep 2016 , 10:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការកកស្ទះ​ចរាចរណ៍ គឺជា​រឿង​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​មួយ និង​ជា​បញ្ហា​ដែល​ពលរដ្ឋ​រស់នៅក្នុង​ក្រុងភ្នំពេញ​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ​។ ការកកស្ទះ​ចរាចរណ៍​បានធ្វើ​ឲ្យ​អ្នកបើកបរ ចំណាយពេល​យ៉ាងយូរ​នៅលើ​ដងផ្លូវ និង​ចំណាយលុយ​ច្រើន​ដើម្បី​ចាក់​ប្រេង​ឥន្ទ​នៈ​។ បញ្ហា​ចរាចរណ៍ ក៏បង្ក​ឲ្យ​អ្នកបើកបរ​មាន​ជំងឺ ឬ​បញ្ហា​ផ្នែក​អារម្មណ៍​ផងដែរ​។​


 
​លោក ស៊ុំ សុង ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់ថា​លោក​ជួបប្រទះ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ស្ទើរ​រៀងរាល់ថ្ងៃ​។ លោក​ត្រូវ​ធ្វើដំណើរ​ដោយ​រថយន្ត ពី​ផ្ទះ​ម្តុំ​វត្ត​សន្សំ​កុសល ទៅ​ការិយាល័យ​ក្នុង​ខណ្ឌទួលគោក ដោយ​ចំណាយពេល​ពី​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ បើសិនជា​ផ្លូវ​ទូលាយ ប៉ុន្តែ លោក សុង នឹងត្រូវ​ចំណាយពេល​២​ម៉ោង ក្នុងការ​ធ្វើដំណើរ​ទៅមក​។ លោក​បញ្ជាក់ថា​៖  «​ផ្ទះ និង​Office ទៅមក ខ្ញុំ​ត្រូវ​ចំណាយ​ថ្លៃ​សាំង អស់​២៥​ដុល្លារ សម្រាប់​រយៈពេល​៤​ថ្ងៃ »​។  
 


​ដោយសារតែ​ការស្ទះ​ចរាចរណ៍ លោក ស៊ុំ សុង បានសម្រេច​ចិត្ត​ប្តូរ​ពី​ការ​ជិះ​រថយន្ត មក​ការធ្វើដំណើរ​ដោយ​ម៉ូតូ​វិញ​ចាប់ពី​តាំង​ឆ្នាំ​២០១៥​មក ដើម្បី​កាត់បន្ថយ​ការចំណាយ និង​បង្រួម​ពេលធ្វើ​ដំណើរ​ពី​ផ្ទះ​មក​កន្លែងធ្វើការ​។ ការស្ទះ​ចរាចរណ៍ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខកខាន​ពេលវេលា ចំណាយ​ថវិកា និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​តានតឹង​នោះទេ តែ​ក៏​ធ្វើ​បុរស​វ័យ​៣៦​រូបនេះ មានការ​បារម្ភ​ផងដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ស្ទះ​ខ្លាំង ធ្វើ​ឲ្យ​ម៉ាស៊ីន​ឡាន​ក្តៅ​ខ្លាំង ខ្ញុំ​បារម្ភ​ខ្លាច​ផ្ទុះ ឬ​ឆេះ​»​។​
 
​មិនមែន​តែ លោក ស៊ុំ សុង ម្នាក់​ទេ ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើ​ការធ្វើដំណើរ​នោះ  លោក ង៉ែត សារឿន សាស្ត្រាចារ្យ​មួយរូប នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​ប្រទះ​នឹង​បញ្ហា​នេះដែរ​។  លោក ង៉ែត សារឿន បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​លោក​ធ្វើដំណើរ ជា​ញឹកញាប់​មានការ​កកស្ទះ​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​លោក ត្រូវ​ស្ថិតនៅលើ​ដងផ្លូវ​រាប់​ម៉ោង​។ រៀងរាល់ថ្ងៃ លោក​ត្រូវ​បើកឡាន​ពី​បុរី​ពិភពថ្មី​ក្បែរ​ផ្សារ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ ឆ្ពោះទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បន្ត​ធ្វើដំណើរ​ទៅ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី រួច​បោះពួយ​ទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ខណៈពេល​ល្ងាច លោក​ធ្វើដំណើរ​ទៅយក​កូន​នៅ​សាលា នៅ​ម្តុំ​សំណង់​១២​ទៀត​។ សាស្ត្រាចារ្យ​វ័យ​៥២​ឆ្នាំ​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ជាប្រចាំ​ខែ ខ្ញុំ​បាន​ចំណាយ​ថ្លៃ​ប្រេងសាំង សម្រាប់ធ្វើ​ដំណើរ​ចំនួន ២០០​ដុល្លារ និង​ចំណាយពេល​បើកបរ​នៅលើ​ផ្លូវ​ប្រហែល​៤​ម៉ោង​ក្នុង​មួយថ្ងៃ​»​។ លោក​បន្ថែមថា ប្រសិនបើ​មិន​ស្ទះចរាចរណ៍ លោក​នឹង​ចំណាយ​តិចជាង​នេះ និង​ចំណេញ​ថ្លៃ​ប្រេង​បាន​យ៉ាងច្រើន​។ លោក​បញ្ជាក់ថា កន្លែង​ដែល​ស្ទះចរាចរណ៍​ញឹកញាប់​ជាងគេ រួមមាន​៖ ផ្លូវ​វេ​ង​ស្រេង ស្តុ​ប​ផ្លូវ​វេ​ង​ស្រេង​ឆ្ពោះ​មក​ផ្សារ​ដី​ហុយ ស្តុ​ប​បឹងត្របែក និង​រង្វង់​មូល​កាំ​កូ​ល​ស៊ី​ធី​ជាដើម​។ ឈរ​នៅ​ខាងមុខផ្ទះ ភ្នែក​សំឡឹង​ទៅ​ផ្លូវថ្នល់ បុរស​សម្បុរ​សណ្តែកបាយ និង​រាង​ស្គម​រូបនេះ បាន​ពន្យល់ថា ការស្ទះ​ចរាចរណ៍ គឺ​បណ្តាលមកពី​ស្តុ​ប​ឧស្សាហ៍​ដាច់​ភ្លើង ការយក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម និង​ការចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​។ លោក​បញ្ជាក់​ពី​អារម្មណ៍​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង​ខ្ញុំ​ធុញទ្រាន់​ណាស់ តែ​បច្ចុប្បន្ន គឺ​ធម្មតា​ទេ ព្រោះ​វា​សាំ​ទៅហើយ​»​។  
 


​ដោយឡែក កញ្ញា អ៊ុន សុខ​ឡា បុគ្គលិក​វិទ្យុ​វាយោ ក៏​រអ៊ូរទាំ​រឿង​ចរាចរណ៍​នេះដែរ​។ បើតាម សុខ​ឡា នាង​ត្រូវ​ចំណាយពេល​១​ម៉ោង ក្នុងការ​បើកបរ​ពី​ផ្ទះ​នៅ​ម្តុំ​មណ្ឌល​សុខភាព​ទឹកថ្លា មកកាន់​ការិយាល័យ​ការងារ​នៅ​ទល់មុខ​ក្រសួងមហាផ្ទៃ​។  ការធ្វើដំណើរ​២​ម៉ោង​ក្នុង​មួយថ្ងៃ នៅលើ​ដងផ្លូវ ធ្វើ​ឲ្យ​អ្នកកាសែត​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១០​ដុល្លារ​សម្រាប់​ចាក់​សាំង​ម៉ូតូ បូក​នឹង​អារម្មណ៍​ធុញទ្រាន់ និង​មួម៉ៅ ស្ទើ​រាល់ថ្ងៃ ហើយ​ពេលខ្លះ ក៏​ធ្វើ​ឲ្យ​នាង​មក​ធ្វើការ​យឺតយ៉ាវ​ផងដែរ​។ កំពុង​អង្គុយ​ក្នុង​បន្ទប់​ថត​សំឡេង កញ្ញា​សុខ​ឡា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ស្ទះ​ម្តងៗ កម្តៅ និង​ផ្សែង ចេញពី​ឡាន​ម៉ូតូ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ដកដង្ហើម និង​ធុញទ្រាន់​ខ្លាំង​»​។   
 


​លោក ឈឿ​ប វិឆៃ ក៏​អះអាង​ស្រដៀង​គ្នា​នឹង​កញ្ញា សុខ​ឡា​ដែរ​។ វិឆៃ ត្រូវ​បើក​ម៉ូតូ​មួយថ្ងៃ​ប្រហែល​៤​ម៉ោង ពី​ផ្ទះ​ម្តុំ​ស្តុ​ប​ដី​ហុយ ទៅធ្វើ​ការ​នៅ​ម្តុំ​បឹងត្របែក និង​ពី​កន្លែង​ការងារ​ទៅ​សាលារៀន និង​ត្រឡប់ទៅផ្ទះ​វិញ​នៅពេល​យប់នោះ​។ បើតាម វិឆៃ រូបគេ​ត្រូវ​ចំណាយ​ប្រាក់​ចាក់​សាំង​ម៉ូតូ ជិត​១០​ម៉ឺន​រៀល​ក្នុង​មួយខែ​។ បុរស​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​រអ៊ូ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ធុញទ្រាន់​ណាស់ ជាពិសេស​ពេល​ខ្ញុំ​ចេញពី​កន្លែង​ការងារ​ទៅ​រៀន គឺ​ចរាចរណ៍​ស្ទះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ថ្ងៃ​ខ្លះ ខ្ញុំ​ទៅ​រៀន​យឺត​ពេល សាលា​ខ្ញុំ​បិទទ្វារ​មិន​ឲ្យ​ចូល ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ទៅសុំ​ច្បាប់​ពីសា​លា​ទើប​គេ​ឲ្យ​ចូល​» ។ 
​ក្រៅពី​ការចំណាយ​ថវិកា និង​ពេល​វេ​កា​ដ៏​ច្រើន​នេះ លោក វិឆៃ បានបញ្ជាក់​ទៀតថា លោក​មាន​បញ្ហា ក៏មាន​ពិបាក​ដកដង្ហើម និង​អារម្មណ៍​ធុញ​ធ​ប់​ផងដែរ ដោយសារ​ស្រូប​ផ្សែង​ពុល​ចេញពី​យានយន្ត​រៀងរាល់​ថ្ងៃនោះ​។ 
 


​ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​នេះ លោក តេង ដឺ​លុច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ថ្លែងថា ការកកស្ទះ​ចរាចរណ៍ មិន​ត្រឹមតែ​បង្កើន​ការចំណាយ​របស់​ប្រជាជន​ទាំង​ថ្លៃដើម និង​ពេលវេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានធ្វើ​ប៉ះពាល់​ខ្លាំង ចំពោះ​ផលិតភាព​ការងារ ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​។ បញ្ហា​នេះ ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកដំណើរ ដែល​ជំរុញ​ឲ្យ​បរិ​យាស​មិនល្អ​នៅ​កន្លែងធ្វើការ ទន្ទឹម​ការបង្កើត​ភាព​អាត្មានិយម​នៅក្នុង​សង្គម​ទៀតផង​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក តេង ដឺ​លុច ដែល​បន្ត​ពន្យល់​ពី​មូលហេតុ​នៃ​ការកកស្ទះ​ចរាចរណ៍ ថា​បណ្តាលមកពី​ការរៀបចំ​ទីក្រុង​ពុំមាន​គម្រោង​មេ (Master Plan) និង​កង្វះ​មធ្យោបាយ​សាធារណៈ​។​
 
​លោក​ផ្តល់យោបល់​ថា រដ្ឋាភិបាល គួរតែ​បណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយ ពី​សីលធម៌ និង​ច្បាប់​ចរាចរណ៍ ដើម្បី​ឲ្យ​បរិយាកាស​បើកបរ​កាន់តែ​ល្អប្រសើរ និង​បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​របស់​ប្រជាជន តាមរយៈ​ការបង្កើន​សេវា​ដឹកជញ្ជូន​សាធារណៈ​។ 
 


​បន្ថែម​ពី​ការលើកឡើង​របស់លោក តេង ដឺ​លុច លោក ស៊ុំ សុង ស្នើ​ឲ្យ​រដ្ឋាភិបាល ពង្រីក​ផ្លូវថ្នល់ និង​បញ្ចូល​ច្បាប់​ចរាចរណ៍​ទៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋ ខណៈ​លោក ង៉ែត សារឿន ស្នើ​ឲ្យ បន្ថែម​នគរបាល​ចរាច​រណ៍ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់​ការយក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​។ ចំណែក កញ្ញា អ៊ុន សុខ​ឡា និង​លោក ឈឿ​ប វិឆៃ បាន​សំណូម​ដូចៗ​គ្នា ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ភាព​អធ្យាស្រ័យ​គ្នា ដើម្បី​សម្រួលការ​ការធ្វើដំណើរ​ឲ្យ​បាន​កាន់តែ​ប្រសើរ​៕       

Tag:
 ស្ទះចរាចរណ៍​
 ​តេង ដឺ​លុច
© រក្សាសិទ្ធិដោយ thmeythmey.com