កីឡាជាតិ
លោក ឯម សំអាន និង​លោក ម៉ក់ សំអុល ក្លាយជា​ប្រធាន និង​អនុប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​
11, Sep 2016 , 1:00 pm        
រូបភាព
ដោយ:
កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានប្រកាស​តែងតាំង​ប្រធាន និង​អនុប្រធាន​ដឹកនាំ​ថ្មី​ជំនួស​ប្រធាន និង​អនុប្រធាន​ចាស់​ដែល​បានទទួល​មរណភាព​។ ការតែងតាំង​ធ្វើឡើង​ស្រប​ពេលដែល​សហព័ន្ធ​នេះ​ទទួលបាន​ការចុះ​កិច្ចព្រមព្រៀង​សាងសង់​ទីលាន​ថ្មី​លើ​ទីលាន​ចាស់​ខាងត្បូង​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ជាមួយ​ភាគី​កូរ៉េ​។​


ស្តាប់សំឡេង


 
​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ត្រូវបានតែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ក្នុងការ​ដឹកនាំ​អាណត្តិ​ថ្មី​ជំនួស លោក ឈឹម ជួន ដែល​បានទទួល​មរណភាព​កាលពី​ខែសីហា ឆ្នាំ​២០១៦​កន្លងទៅ​។ ចំណែក លោក ម៉ក់ សំអុល ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំង​ជា​អនុប្រធាន​សហព័ន្ធ​ជំនួស​លោក​ព្រឹទ្ធាចារ្យ ហែម ថុ​ន ដែល​បានទទួល​មរណភាព​ដូចគ្នា​។ 
 


​ការតែងតាំង​នេះ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ដោយ​ការលើកដៃ​ពី​សំណាក់​សមាជិក​-​សមាជិការ​ប្រតិបត្តិ​ដែល​ចូលរួម​ប្រមាណ​ជា​ជិត​៥០​នាក់ ក្នុង​អង្គសន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​ជាមួយគ្នា​នោះ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ទទួលបាន​ការ​ចុះ​កិច្ចព្រមព្រៀង​ក្នុងការ​សាងសង់​ទីលាន​ថ្មី​ដែលមាន​តម្លៃ​ប្រមាណ​ជាជាង​៣៦​ម៉ឺន​ដុល្លារ​ជាមួយ​សមាគម​វាយ​កូន​បាល់​ស្ម័គ្រចិត្ត​កូរ៉េខាងត្បូង​ថែម​ទៀតផង​។ ការចុះ​កិច្ចព្រមព្រៀង​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​របស់ លោក ម៉ក់ សំអុល អនុប្រធាន​សហព័ន្ធ​កីឡា​ការ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី និង​លោក Cha Jeong Joo ប្រធាន​សមាគម​វាយ​កូន​បាល់​ស្ម័គ្រចិត្ត​កូរ៉េ​។​
 


​បើ​យោងតាម លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ទីលាន​ដែល​គ្រោង​នឹង​សាងសង់​នេះ​មាន​ទំហំ ៣,២០០​ម៉ែត្រការ៉េ​, មាន​កម្ពស់​១៣​ម៉ែត្រ និង​ដំបូល​ទំហំ ៤,២០០ ម៉ែត្រការ៉េ​។ ហើយ​នៅ​ចំ​កណ្តាល​ទីលាន​នឹងមាន​ការសាងសង់​អគារ​ការិយាល័យ​២​ជាន់ ដោយមាន​ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​៤០​ម៉ែត្រ​។​
 
​ទីលាន​កម្រិតស្តង់ដា​អន្តរជាតិ​នេះ​សាងសង់ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់​ជា​កន្លែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ដល់​កីឡាករ​កីឡាការិនី​ជម្រើស និង​យុវជន​ថ្នាល​កម្ពុជា​។ ម្យ៉ាងទៀត ដើម្បី​ផ្តល់​ជា​កន្លែង​សម្រាប់​ប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​អន្តរជាតិ​។ ជាពិសេស​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន​ឆ្នាំ​២០១៨ និង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខនេះ​។  
 
​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​ថ្មី ដែល​គ្រោង​នឹង​សាងសង់​នៅលើ​ទីលាន​ចាស់​ខាងត្បូង​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ ដោយសារ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​មិន​ចុះសម្រុង​ជាមួយ​ភាគី​កូរ៉េ​។ ម្យ៉ាងទៀត ដោយសារ​គម្រោង​នៃ​ការចំណាយ​មានការ​កើនឡើង​ខ្ពស់ ព្រោះ​សហព័ន្ធ​ចង់បាន​សំណង់​អគារ​ដែលមាន​គុណភាព​បែប​ស្តង់ដា​អន្តរជាតិ​។ 
 


​បើ​យោងតាម​របាយការណ៍​នៃ​ការអភិវឌ្ឍ​ទីលាន​កម្រិតស្តង់ដារ​អន្តរជាតិ​ដែលមាន​តម្លៃ​ប្រមាណ​ជាជាង​៣៦​ម៉ឺន​ដុល្លារ​នេះ ក្នុងនោះ​មាន​ថ​វិកាស​មេ្ត​ច ស ខេង រដ្ឋមន្ត្រី​ស​ក្រសួងមហាផ្ទៃ​ប្រមាណ​ជាជាង​១០​ម៉ឺន​ដុល្លារ ក្រៅពីនោះ​ជា​ថវិកា​របស់​សមាគម​វាយ​កូន​បាល់​ស្ម័គ្រចិត្ត​កូរ៉េ​។​
 
​តាម​របាយការណ៍​នៃ​ការចំណាយ​ថ​វិ​វ​ការ​ទាំងនេះ គ្រោង​នឹង​ចំណាយ​ទៅលើ​ដំបូល​ទីលាន​កម្ពស់​១៣​ម៉ែត្រ​ប្រមាណ​ជាជាង​១១​ម៉ឺន​ដុល្លារ​, ក្រាលកម្រាល​ថ្មី​លើ​ទីលាន​វាយ​កូន​បាល់​ស្តង់ដារ​អាមេរិក​ប្រមាណ​ជា​៦៤,០០០​ដុល្លារ និង​អគារ​កម្ពស់​ពីរ​ជាន់​ប្រមាណ​ជា​ជិត​១៩​ម៉ឺន​ដុល្លារ​។ ទីលាន​សូ​ហ្វ​តិ​ន្នី​ស​ថ្មី​នេះ​នឹង​ចាប់​ផ្តើមកសាង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ខែមីនា ឆ្នាំ​២០១៧ ខាងមុខនេះ​។​
 
​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដែល​បាន​បង្កើតឡើង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក ឈឹម ជួន អតីត​ប្រធាន​សហព័ន្ធ បច្ចុប្បន្ន​មាន​សមាជិក​សមាជិការ​ប្រតិបត្តិ​ទាំងអស់​ចំនួន​១៥​នាក់​។ ក្នុងនោះ លោក ឯម សំអាន ប្រធាន​, លោក ប្រាក់ ផល្លា អនុប្រធាន​ទី​១, លោក ម៉ក់ សំអុល អនុប្រធាន​ទី​២, លោក ជា ប៊ុនហេង អគ្គលេខាធិការ ព្រមទាំង​សមាជិក​សមាជិការ​ជាច្រើនរូប​ទៀត​៕  

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com