ជាតិ
ថៃ​គ្រោង​សាងសង់​ទំនប់​ដ៏​ធំ​បំផុត​ដែល​បង្វែរ​ទឹក​ពី​ទន្លេមេគង្គ
11, Sep 2016 , 5:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពលរដ្ឋ​និង​ប្រជា​នេសាទ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ បាន​ត្អូញត្អែរ​អំពី​ការធ្លាក់ចុះ​នៃ​ផល​នេសាទ​និង​កម្រិត​ទឹកទន្លេ​ដែល​ឡើង​ចុះ​មិន​ទៀងទាត់ ដែល​ពួកគេ​អះអាងថា បណ្តាលមកពី​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​នានា និង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​លើ​ដង​ទ​ន្ល​នេះ​។​


 
​ទន្លេមេគង្គ​ដែលជា​ទន្លេ​ដ៏​វែង​បំផុត​លំដាប់​ទី​១២​របស់​ពិភពលោក​ជា​ប្រភព​ជីវិត​រស់នៅ​របស់​មនុស្ស  សត្វ និង​រុក្ខជាតិ​ជាច្រើន​សតវត្សរ៍​មកហើយ​។ ជាច្រើន​សតវត្សរ៍ ចរន្តទឹក​ខ្មួលខ្មាញ់​នៃ​ទន្លេ​មគ​ង្គ ដែល​បាន​ហូរ​កាត់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​ប្រទេស​កម្ពុជា​ផង​នោះ បាន​ហូរ​ពី​ខ្ព​ស់រាប​ទី​បេ​នៃ​ប្រទេស​ចិន ធ្លាក់​ទៅ​សមុទ្រ​ខាងត្បូង នា​ប្រទេស​វៀតណាម​។ 
 
​តែ​ថ្មីៗ​នេះ ទន្លេ ដែល​គេ​ស្គាល់​ថា ជា​មាតា​ទឹក​សម្រាប់​ប្រទេស​នានា​តាម​ដង​ទន្លេ​នេះ កំពុង​ទទួល​សម្ពាធ​ជា​បន្ត​បន្ទាប់ពី​ការសាងសង់​សំណង់​នានា​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​និង​ប្រជា​នេសាទ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ បាន​ត្អូញត្អែរ​អំពី​ការធ្លាក់ចុះ​នៃ​ផល​នេសាទ​និង​កម្រិត​ទឹកទន្លេ​ដែល​ឡើង​ចុះ​មិន​ទៀងទាត់ ដែល​ពួកគេ​អះអាងថា បណ្តាលមកពី​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​នានា និង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​លើ​ដង​ទ​ន្ល​នេះ​។​

 


​ក្តីបារម្ភ​ថ្មី​ក៏បាន​ផ្ទុះឡើង​សារជាថ្មី​នា​ទន្លេ​លើ​យ ក្នុងស្រុក​ឈាង​ខាន់ ខេត្ត​លើ​យ នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បានប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ជីក​ទន្លេ​បង្វែរ​ទឹក​ដ៏​ធំ​បំផុត​ក្នុងស្រុក​ឈាង​ខាន់​។ ទន្លេ​បង្វែរ​ទឹក​នេះ​មាន​ឈ្មោះថា Khong Loei Chi-Mun ដែល​នឹង​អាច​ទាញយក​ទឹក​រាប់ម៉ឺន​ម៉ែត្រគូប​ពី​ទន្លេមេគង្គ ទៅ​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ដំណាំ​ឧស្សាហកម្ម​ក្នុង​បណ្តា​ខេត្ត​មួយចំនួន​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​។ នេះ​គឺជា​គម្រោង​បង្វែរ​ទឹកទន្លេ​មេគង្គ​ដ៏​ធំជាងគេ​បង្អស់​ក្នុង​តំបន់​ដែល​ក្រុម​អ្នកជំនាញ​យល់ថា វា​អាច​ប៉ះពាល់​ដល់​ចរន្តទឹក និង​អេកូឡូស៊ី​ក្នុង​តំបន់​ទន្លេ​ដ៏​វែង​នេះ ជាពិសេស​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ជាច្រើន ដែល​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេមេគង្គ ដែល​រួមមាន​ប្រទេស​កម្ពុជា និង​វៀតណាម​។​
 
​ដូច​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​រស់នៅ​ក្នុងស្រុក​ឈាង​ខាន់ ដែល​ប្រក​បរបរ​នេសាទ និង​កសិកម្ម លោក​វច្ចរ៉ា ណាន់​តា​ព្រហ្ម (Wachira Nantaprom) ជា​ធ្វើជា​អ្នកនេសាទ​ជាង​៣០​ឆ្នាំ ចាប់តាំងពី​លោក​មាន​អាយុ​១៩​ឆ្នាំ​មក​នោះ បានបញ្ជាក់​ក្តីបារម្ភ​របស់លោក​ប្រាប់ VOA ថា គម្រោង​នេះ​នឹងធ្វើ​ឲ្យ​ជីវភាព​របស់លោក​កាន់តែ​ដុនដាប​ថែមទៀត គឺ​បន្ថែម​ពីលើ​ទិន្នផល​នេសាទ​ដែល​កំពុង​ធ្លាក់ចុះ​នោះ​។ លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត​ដែល​រស់នៅ​ក្បែរ​ដង​ទន្លេ​លើ​យ​នេះ ក៏​នឹង​ប្រឈម​នឹង​ការតាំង​ទីលំនៅ​ថ្មី​ផងដែរ​។​
 
«​ខ្ញុំ​បារម្ភ​ថា ប្រសិនបើ​គម្រោង​បង្វែរ​ទឹក​នេះ​ត្រូវបាន​គេ​សាងសង់ឡើង​នៅទីនេះ នា​ទន្លេមេគង្គ  ទន្លេ​នេះ​មិនមែនជា​កន្លែង​ដែល​អាច​ផ្តល់​មុខរបរ​ចិញ្ចឹមជីវិត​ដល់​យើង​គ្រប់គ្នា​ទៀត​នោះទេ ព្រោះ​អីយើ​ង​ប្រកបមុខរបរ​នេសាទ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​យើង​នឹង​មិនអាច​រកត្រី​ដើម្បី​ចិញ្ចឹមជីវិត​នៅទីនេះ​ទៀត​ទេ​។ ត្រី​មួយ​ភាគ​ធំ​នឹងត្រូវ​បាត់បង់​។ នៅពេលនេះ យើង​ខ្សត់​ត្រី​ស្រាប់​ទៅហើយ​។ អាជីព​នេះ​នឹងត្រូវ​បាត់បង់​ពី​តំបន់​ឈាង​ខាន់​។ ប្រសិនបើ​មាន​ទំនប់​បង្វែរ​ទឹក យើង​ត្រូវតែ​ប្តូរ​មុខរបរ​។ យើង​ត្រូវតែទៅ​ទីក្រុង​ដើម្បី​លក់​កម្លាំង​ពលកម្ម​របស់​យើង​ប្រចាំថ្ងៃ ដែលជា​មុខរបរ​មិន​ទៀងទាត់​។ ទាំងនេះហើយ​ជា​ក្តីបារម្ភ​របស់​ពួកយើង​»​។​
 
​អ្នកនេសាទ និង​កសិករ​វ័យ​៤៩​ឆ្នាំ​រូបនេះ​ក៏​បញ្ជាក់​ផងដែរ​ថា អ្វី​ដែលជា​ក្តីបារម្ភ​សំខាន់​របស់លោក​នោះ​គឺ​អនាគត​របស់​កូនៗ​ទាំង​បីនាក់​របស់លោក​ដែល​ស្ថិតក្នុង​បន្ទុកគ្រួសារ​នៅឡើយ​។​
​ស្រដៀង​គ្នា​នេះដែរ លោក​ចាន់ណា​រ៉ុង វង់​ក្លា (Channarong Wongla) តំណាង​កសិករ និង​អ្នកនេសាទ​ក្នុង​ខេត្ត​លើ​យ បាន​ឲ្យ​ដឹងថា ក្តីបារម្ភ​របស់​ប្រជារាស្ត្រ​ថៃ​នៅតាម​បណ្តោយ​ទន្លេ​លើ​យ​នៃ​ខេត្ត​លើ​យ​នេះ បាន​ផ្ទុះឡើង​ក្រោយពី​ការចុះ​ត្រួតពិនិត្យ​គម្រោង​សារជាថ្មី​របស់​នាយកដ្ឋាន​ធារាសាស្ត្រ​(Royal Irrigation Department) កាលពី​ខែកក្កដា​កន្លងទៅ​។ បើទោះជា​រដ្ឋាភិបាល​ថៃ​បានប្រកាស​អំពី​ការ​សងជំងឺចិត្ត​ដ៏​សមស្រប​ចំពោះ​ការ​រើ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប៉ះពាល់​ក៏ដោយ លោក​នៅតែ​យល់ថា​៖
«​អ្វីដែល​ខ្ញុំ​ខ្លាច​គឺ​ទាក់ទង​នឹង​អេកូ​ស៊ី​ស​ស្តែ​ម (ecosystem) ជីវិត​ត្រី​គ្រប់​ប្រភេទ និង​ជីវិត​ប្រជានុរាស្ត្រ​នៅក្នុង​តំបន់​។ ប្រសិនបើ​ទំនប់​បង្វែរ​ទឹក​នេះ ត្រូវបាន​គេ​សាងសង់​មែន​នោះ ចរន្ត​ទឹកនឹង​គឺ​ពឹងពាក់​លើ​ការឡើង​ចុះ​នៃ​ទឹកទន្លេ​នោះ​។ ប្រសិនបើ​ទឹក​វា​នៅ​នឹងថ្កល់ ជីវិត​ទាំងអស់​នឹងមាន​ការផ្លាស់​ប្តូរ​»​។​
 
​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​លើក​គម្រោង Khong Loei Chi-Mun ចាប់តាំងពី​ទសវត្ស​ន៍​១៩៦០​មកម្ល៉េះ តែ​គម្រោង​នេះ​ត្រូវបាន​គេ​បំភ្លេចចោល​ជាច្រើន​ឆ្នាំ​។​
 
 


​យោងតាម​ព័ត៌មាន​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​គម្រោង​ទំនប់​បង្វែរ​ទឹក Khong Loei Chi-Mun បាន​ឲ្យ​ដឹងថា គម្រោង​ទំនប់​បង្វែរ​ទឹក​នេះ​នឹង​ចាប់ផ្តើម​ពី​ទន្លេ​លើ​យ​នៅក្នុង​ស្រុក​ឈាង​ខាន់ ហើយ​ត្រូវបាន​សិក្សា​វាយតម្លៃ​អំពី​ផលប៉ះពាល់​ដល់​បរិស្ថាន ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១១​មកម្ល៉េះ​។ គម្រោង​នេះ​នឹង​ភ្ជាប់​ទៅ​ទន្លេ​និង​ព្រែកជីក​មួយចំនួន​ផ្សេងទៀត រួមទាំង​ទន្លេ Chi និង Mun ដែលមាន​ចំនួន​៦​ខ្សែ​។​
 
​គេហទំព័រ​របស់​គម្រោង​ដ៏​ធំ​នេះ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​បង្វែរ​ទឹក​នេះ​ជួយ​ស្រោចស្រព​ផលដំណាំ​របស់​កសិករ​ថៃ​ប្រមាណ​៣២​លាន​ហិច​តា ក្នុង​ខេត្ត​ចំនួន​១៧ នៅ​ភាគ​ឦសាន​ប្រទេស​។ ក៏ប៉ុន្តែ​ប្រជាជន​ជាច្រើន​រយ​គ្រួសារ​ដែល​រស់​នៅតាម​បណ្តោយ​ទន្លេ​លើ​យ ក្នុងនោះ​ក្នុងភូមិ​បាន​ខ្លាង​ដែលមាន​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ផងដែរ នឹងត្រូវ​ប្តូរ​ទីតាំង​ទាំងស្រុង​។ ប្រជាជន​នៅក្នុង​ភូមិ​នេះ​បានបង្ហាញ​ក្តីបារម្ភ ហើយ​បាន​ជំទាស់​ដាច់ខាត​ចំពោះ​ការ​រើ​ទីតាំង​ភូមិ​របស់ខ្លួន​។​
 
​លោក​ថា​នុ​ស៊ី​ប ឥន្ទ​ដា មេភូមិ​បាន​ខ្លាង បាន​ប្រាប់ VOA​ថា​៖ «​អ្នកភូមិ​បាន​ភ័យ​បារម្ភ​អំពី​ផលប៉ះពាល់​ជាច្រើន​។ ទី​១​គឺ​ពួកគេ​ភ័យខ្លាច​ថា តើ​ពួកគេ​នឹងត្រូវ​ប្រកបមុខរបរ​អ្វី​ដើម្បី​ចិញ្ចឹមជីវិត​ពួកគេ​? ទី​២​ទៀត តើ​ជីវភាព​របស់​ពួកគាត់​មានការ​ផ្លាស់ប្តូរ​យ៉ាងណា​? ទី​៣​គឺ​តើ​ដីស្រែ​ចម្ការ​ដែល​បន្សល់ទុក​ពី​ដូនតា​របស់​ពួកគាត់​នោះ​មាន​ផលប៉ះពាល់​យ៉ាងណាដែរ​? ហើយ​ទី​៤​គឺ​អំពី​សហគមន៍ និង​បងប្អូន​របស់​ពួកគាត់ តើ​គាត់​អាច​រស់នៅ​ជុំគ្នា​ដូច​ក្នុង​សហគមន៍​នេះដែរ​ឬទេ​? អញ្ចឹង​ហើយ​ពួកគេ​មិន​ចង់​ឲ្យ​មានការ​សាងសង់​អ្វី​នោះទេ​»​។​
 
​មេភូមិ​បាន​ខ្លាង​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​អះអាងថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ នឹង​«​ស៊ូស្លាប់​»​នៅលើ​ទឹកដី​កំណើត​ដូនតា​របស់ខ្លួន បើទោះជា​រដ្ឋាភិបាល​ថៃ​សាងសង់​ទំនប់​បង្វែរ​ទឹក ហើយ​ធ្វើ​ឲ្យ​ភូមិ​របស់គាត់​លិចលង់​យ៉ាងណាក៏ដោយ​។​

 


​លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​របស់​អង្គការ​វេទិកា​ក្រៅ​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែល​បានធ្វើ​ការតស៊ូ​មតិ​ជាច្រើន​ទាក់ទិន​នឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ការថែរក្សា​អាង​ទន្លេមេគង្គ ក៏បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​គម្រោង​បង្វែរ​ទឹក​ដ៏​ធំ​របស់​រដ្ឋាភិបាល​ថៃ​ផងដែរ​។​
 
«​បាទ​! គម្រោង​បង្វែរ​ទឹកទន្លេ​មេគង្គ​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​ក្នុង​វិស័យ​ធារាសាស្ត្រ គឺអាច​ធ្វើ​ឲ្យ​ធនធានទឹក​ទន្លេមេគង្គ​បាត់បង់​បរិមាណ​ទឹក​ហូរ​ចុះមក​ខាងក្រោម ហើយ​ការបាត់​បរិមាណ​ទឹក​នេះ​គឺ​មានន័យថា ធ្វើ​ឲ្យ​ប៉ះពាល់​លំហូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ជលផល ជីវចម្រុះ ក៏ដូចជា​ផ្សោត​ទន្លេមេគង្គ​ផងដែរ ហើយ​ជាពិសេស​ទាក់ទង​នឹង​ប្រព័ន្ធ​កសិកម្ម​ដែល​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទឹក​ក្នុង​ទន្លេមេគង្គ​។ ហើយ​ទន្ទឹមនឹងនេះ ក៏​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​តំបន់​ផងដែរ ពីព្រោះ​គម្រោង​នេះ​នឹង​បង្វែរ​ទឹក​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​ធារាសាស្ត្រ​»​។​
 
​អ្នកការពារ​បរិស្ថាន​រូបនេះ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រជាពលរដ្ឋ​ជាង​៦០​លាន​នាក់​កំពុង​រស់នៅ​ពឹងពាក់​ដោយផ្ទាល់​លើ​ផល​នេសាទ និង​ប្រើប្រាស់​ទឹក​ពី​ទន្លេមេគង្គ ក្នុងការ​ធ្វើការ​កសិក​ម្ម​។ ពួកគេ​អាច​រង​ផលប៉ះពាល់​ពី​ការសាងសង​ទំនប់​បង្វែរ​ទឹក​នេះ និង​ទំនប់​ធារាសាស្ត្រ​ផ្សេងៗ​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ​នេះ​។ លើសពីនេះ​ទៀត មាន​ប្រជាពលរដ្ឋ​ផ្សេងទៀត​ប្រមាណ​៣០០​លាន​នាក់​ពឹងពាក់​ដោយ​ប្រយោល​លើ​ទន្លេមេគង្គ ដែល​ភាគច្រើន​លើសលប់​ពឹង​ផ្នែក​លើទឹក​ពី​ទន្លេ​នេះ​ដើម្បី​ធ្វើ​កសិកម្ម និង​ផល​នេសាទ​ក្នុង​ទន្លេ​នេះ​។​
 
«​ហើយ​មួយទៀត​គឺអាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​វប្បធម៌​។ កាលណា​របប​ទឹកទន្លេ​មេគង្គ​មានការ​ផ្លាស់ប្តូរ មាន​បរិមាណ​តិច ឬ​បរិមាណ​ច្រើន ឬមួយ​ក៏មាន​ការផ្លាស់ប្តូរ​ប្រព័ន្ធ Eco-system អញ្ចឹង​ធ្វើ​ឲ្យ​វប្បធម៌​គាត់​ផ្លាស់ប្តូ​រដែរ​។ ឧទាហរណ៍ អ្នក​ស្ទឹងត្រែង​ពីមុនមក មុខរបរ​គាត់​គឺ​ពឹង​ផ្នែក​លើ​ការនេសាទ​ត្រី អញ្ចឹង​អ្នក​ទន្លេសាប​៦​ខេត្ត ជុំវិញ​បឹង​ទន្លេសាប​គឺ​ពឹង​ផ្នែក​ទៅលើ​ការនេសាទ​ត្រី​។ ក្នុងករណី​ទឹកតូច​អត់​គ្របដណ្តប់​ទៅលើ​ព្រៃ​លិច​ទឹក ទឹកតូច​មិនអាច​គ្របដណ្តប់​ទៅលើ​សម្បុក​ពង​កូន​របស់​ត្រី នោះ​ត្រី​មានការ​ថយចុះ អញ្ចឹង​ធ្វើ​ឲ្យ​សង្គម​វប្បធម៌ របៀបរបប​នៃ​ការរស់នៅ​របស់​អ្នកនេសាទ​មានការ​ផ្លាស់ប្តូរ​។ អញ្ចឹង​នេះ​គឺជា​ទិដ្ឋភាព​សំខាន់ៗ​។ អញ្ចឹង​គឺ​ផលប៉ះពាល់ និយាយ​រួម​គឺ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​គម្រោង​អភិវឌ្ឍន៍​ទំ​បន់ធំៗ ក៏ដូចជា​គម្រោង​នៃ​ការ​បង្វែរ​ទឹក​នៃ​ទន្លេមេគង្គ​ផងដែរ​»​។​
 
​ក្រៅពី​គម្រោង​សង់​ទំនប់​បង្វែរ​ទឹក​របស់​ថៃ​ឈ្មោះ Khong Loei Chi-Mun ទន្លេ និង​ដៃទន្លេ​មេគង្គ ចាប់ពី​ប្រទេស​ចិន​ដល់​វៀតណាម មានការ​សាងសង់​សំណង់ ទំនប់​វា​រី​អគ្គិសនី​ជាង​៣០​កន្លែង​រួចមកហើយ​។ អ្នកជំនាញ​បរិស្ថាន​យល់ថា ទំនប់​វា​រី​អគ្គិសនី​ទាំង​នោះបាន​ស្រូបយក​ធនធានទឹក​ដ៏​ធំ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​លើ​ដង​ទន្លេ​ដ៏​វែង​របស់​ពិភពលោក​នេះ​។ ហើយ​បញ្ហា​ជាច្រើន នៅ​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅ​ផ្នែក​ខាងក្រោម​រួមទាំង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​
 
​លោក​បណ្ឌិត John Ward សេដ្ឋវិទូ​ផ្នែក​អេកូ​ឡួ​ស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេ​មគ​ង្គ យល់ថា ការប្រកួតប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់​មេគង្គ​បានធ្វើ​ឲ្យ​ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទន្លេ​នេះ​មានការ​កើនឡើង ហើយ​ប្រទេស​ជាច្រើន​មិនបាន​គិតគូរ​អំពី​បញ្ហា​នេះ​ទេ​។ លោក​ថ្លែងថា ប្រទេស​ក្នុង​តំបន់​គួរតែ​សិក្សា​ឲ្យ​ហ្មត់ចត់​អំពី​មេរៀន​របស់​ប្រទេស​ផ្សេងៗ ដែល​ធ្វើការ​អភិវឌ្ឍ ដោយ​មិន​គិតគូរ​ដល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូ​ឡួ​ស៊ី​របស់​ទន្លេ​។​
 
«​ប្រទេស​ផ្សេងៗ​ក៏​ធ្លាប់​ឆ្លងកាត់​បញ្ហា​ទាំងនេះ​ផងដែរ​។ ពួកគេ​ឆ្លងកាត់​បទពិសោធន៍​ពី​ទន្លេ និង​ប្រព័ន្ធ​ដែល​មិនទាន់​អភិវឌ្ឍន៍ ទៅ​អី្វ​មួយ​ដែល​ពិបាក​ក្នុងការ​ផ្លាស់ប្តូរ ហើយ​វា​មាន​មេរៀន​ជាច្រើន​ដែល​គួរតែ​សិក្សា​។ យើង​អាចនិយាយបាន​ម្យ៉ាង​ទៀតថា តើ​ត្រូវ​គិតគូរ​ទុកជាមុន​យ៉ាងណា​ដើម្បី​បញ្ចៀស​បញ្ហា​នាពេល​អនាគត​។ វា​ពិតជា​លំបាក​ដោះស្រាយ​ណាស់ ក្រោយពី​មានការ​អភិវឌ្ឍ​រួចហើយនោះ​។ ឧទាហរណ៍ តើ​យើង​ត្រូវ​បំបាត់​ទំនប់​ដោយ​ធ្វើ​ដូចម្តេច​? នៅពេលដែល​ទំនប់​មួយ​សាងសង់​រួចហើយ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការដក​ទំនប់​នោះ​ចេញ​វិញ​។ អញ្ចឹង​ហើយ យក​ល្អ​គឺ​គួរតែ​បញ្ចៀស​បញ្ហា​ពី​ដើមទី​។ ជាក់ស្តែង​ដូច​នៅ​សហរដ្ឋ​អាម​រិ​ក នៅ​អឺរ៉ុប អាស៊ី និង​ប្រទេស​អូស្ត្រាលី ដែល​បទពិសោធន៍​ជាច្រើន​នៅ​ទីនោះ​ធ្លាប់មាន​បញ្ហា​ជាច្រើន ដូច​នៅក្នុង​ទន្លេមេគង្គ​អញ្ចឹង​ដែរ ដែល​គួរតែ​យកមក​សិក្សា ថា​តើ​ត្រូវ​បញ្ចៀស​បញ្ហា​ប្រឈម នាពេល​អនាគត​យ៉ាងណា​?»​។​
 
​លោក​បណ្ឌិត John Ward បន្ថែមថា ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ​ទាំងអស់ រួមទាំង​ប្រទេស​ចិន​ផង​នោះ ត្រូវធ្វើ​ការសហការ និង​ពិភាក្សាគ្នា ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​ចីរភាព និង​ថែរក្សា​បរិស្ថាន​ក្នុង​ទន្លេ​ផងដែរ​។​
 
​លោក Viroj Jiwarangsa ចៅហ្វាយខេត្ត​លើ​យ​នៃ​ប្រទេស​ថៃ បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​បរិស្ថាន និង​ជីវចម្រុះ​ក្នុង​តំបន់ ដោយសារ​ការសាងសង់​ទំនប់​បង្វែរ​ទឹក​ឈ្មោះ Khong Loei Chi-Mun ដែល​អាច​ចំណាយ​ថវិកា​រាប់សិប​ពាន់​លាន​ដុល្លារ​នោះ​។ ក៏ប៉ុន្តែ លោក​ចៅហ្វាយខេត្ត​ដែល​នឹង​ចូលនិវត្តន៍​នាពេល​ឆាប់ៗ​ខាងមុខនេះ បានបញ្ជាក់​ប្រាប់ VOA ថា គម្រោង​នេះ​គឺ​ខុសពី​គម្រោង​ស្តារ និង​ស្តុក​ទឹក​ក្នុង​ទន្លេ​លើ​យ​សម្រាប់​កសិកម្ម​ក្នុង​ខេត្ត​របស់លោក និង​ខេត្ត​ក្បែៗ​នោះ​។​
 
«​បាទ​! គម្រោង​ទាំងពីរ​នេះ​គឺ​វា​ផ្សេង​ពីគ្នា​។ គម្រោង​សាងសង់​ទ្វារ​ទឹក​គឺ​សម្រាប់តែ​ក្នុង​ខេត្ត​លើ​យ ដើម្បី​ទប់ទឹក​ក្នុង​ទន្លេ​លើ​យ កុំ​ឲ្យ​ហូរ​ទៅ​ទន្លេមេគង្គ​វិញ​។ ក៏ប៉ុន្តែ គម្រោង Khong Loei Chi-Mun គឺ​ដើម្បី​នាំយក​ទឹក​ពី​ទន្លេ​លើ​យ​ទៅ​ភាគ​កណ្តាល និង​ផ្នែក​ខាងក្រោម​នៃ​តំបន់​ឦសាន​របស់​ប្រទេស​ថៃ​»​។​
 
 
​អភិបាលខេត្ត​លើ​យ​ដ៏​លេចធ្លោ​ម្នាក់​គឺ​លោក Viroj Jiwarangsa បានធ្វើ​សម្ភាស​ន៏​ជាមួយ VOA ខ្មែរ​កាលពី​ថ្ងៃទី ២៦ កក្កដា ២០១៦​។ (​នៅ វ​ណ្ណារិន​/VOA)
​លោក Viroj Jiwarangsa ចៅហ្វាយខេត្ត​លើ​យ បន្ថែមថា លោក​សង្ឃឹមថា គម្រោង Khong Loei Chi-Mun នឹង​អាច​ចាប់ផ្តើម​ធ្វើការ​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ដល់​ប្រជាកសិករ​របស់​ថៃ​នៅ​ភាគ​ឦសាន​ប្រទេស​នេះ​។​
 
​យ៉ាងណាក៏ដោយ លោក​វច្ចរ៉ា ណាន់​តា​ព្រហ្ម (Wachira Nantaprom) ក៏​ដូច​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​រស់នៅ​អាស្រ័យ​ផល​តាម​ដង​ទន្លេមេគង្គ នៅតែ​ដាក់​សំណួរ ថា​តើ​អនាគត​របស់​ពួកគាត់​ទៅជា​យ៉ាងណា ហើយ​តើ​គាត់​នឹង​អាច​ពឹងពាក់​លើ​ទន្លេ​ដ៏​វែង​ដែល​គាត់​ធ្លាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែរឬទេ​?
 
​ស្រដៀង​គ្នា​នោះដែរ ជោគវាសនា​នៃ​ទន្លេ ការការពារ​បរិស្ថាន​ក្នុង​អាង​ទន្លេមេគង្គ​នឹង​ការអភិវឌ្ឍ​ដ៏​ចីរភាព​តាម​បណ្តោយ​ទន្លេមេគង្គ​ដ៏​វែង​នេះ នៅតែ​ជា​អាថ៌កំបាំង​នៅឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com