អន្តរជាតិ
លោកស្រី ស៊ូ​ជី នឹង​និយាយ​រឿង​លុប​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ជាមួយ​លោក អូ​បា​ម៉ា
11, Sep 2016 , 9:30 pm        
រូបភាព
​មន្ត្រី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា បញ្ជក់​ថា ការលុបចោល​ទណ្ឌកម្ម​ដែល​នៅសល់ គឺជា​របៀបវារៈ​សំខាន់ នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅកាន់​អាមេរិក​។ លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ទស្សនកិច្ច​អាមេរិក តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។

 
​នៅ​សប្ដាហ៍​ក្រោយនេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន ហើយ​លោកស្រី គ្រោង​ជួប​មេដឹកនាំ​អាមេរិក​រួមមាន​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​អនុ​ប្រធានាធិបតី Joe Biden ផងដែរ​។ ប្រធានបទ​នៃ​ការលុបចោល​ទណ្ឌកម្មរ​បស់​អាមេរិក​ដែល​ដាក់​លើ​មី​យ៉ាន់​ម៉ា និង​មិនទាន​លើកលែង​អស់នោះ នឹងត្រូវ​ដាក់​តុ​ពិភាក្សា​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​។  
 
​មកទល់ពេលនេះ អាមេរិក នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា ដែល​ភាគច្រើន​ដាក់​លើ​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​យោធា និង​ក្រុមហ៊ុន​ក្នុង​ឧស្សាហកម្ម​ត្បូង​មានតម្លៃ​។ យ៉ាងណាមិញ លោក U Kyaw Zaya មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា ជឿថា ទណ្ឌកម្ម​ទាំងនោះ នឹងត្រូវ​លើកលែង នៅពេលដែល​អាមេរិក​ឃើញ​ពី​ការផ្លាស់ប្ដូរ​ពិតប្រាកដ​នៅ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ការបោះឆ្នោត​រួចមក​។​
 
​បើតាម​សារព័ត៌មាន Myanmar Times មន្ត្រី​ខាងលើ​បន្តថា ទណ្ឌកម្ម​ទាំងនោះ នឹងត្រូវ​លុបចោល​ឆាប់ៗ ព្រោះ​មី​យ៉ាន់​ម៉ា កំពុង​ដើរ​លើផ្លូវ​ត្រួវ​។ ហើយ​ការពិភាក្សា​លើ​ការលុបចោល នឹងធ្វើ​ឡើង​អំឡុង​ទស្សនកិច្ច​របស់លោក​ស្រី​ទីប្រឹក្សា​រដ្ឋ ទៅកាន់​អាមេរិក​។​
 
​កាលពី​ពាក់កណ្ដាល​ខែឧសភា អាមេរិក​បាន​ពង្រីក​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​មី​យ៉ាន់​ម៉ា តែ​ក៏បាន​លុបចោល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​មួយចំនួន​ដែរ​។ មន្ត្រី​អាមេរិក​អះអាងថា ការសម្រេចចិត្ត​របស់​ខ្លួន គឺមាន​ការផ្ដល់​យោបល់​ពី​លោកស្រី ស៊ូ​ជី ដ្បិត​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ចង់​រក្សា​ឥទ្ធិពល​ប្រឆាំង​ក្រុម​យោធា និង​ក្រុមហ៊ុន​ពួកគេ​គាំទ្រ ដែល​រកស៊ី​មុខ​ជំនួញ​ធំៗ​របស់​ប្រទេស​។​
 
​ជុំវិញ​ការ​លុប​ទណ្ឌកម្ម​នេះដែរ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី (John Kerry) ក៏​និយាយ​ដែរ​ថា ទណ្ឌកម្ម​ទាំងអស់​អាច​លុបចោល​បាន លុះត្រាតែ​មានការ​កែប្រែរ​ដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​រារាំង​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​។ លោក​បញ្ជាក់ថា ចំណុច​សំខាន់​ដែល​ឈានដល់​ការ​លុប​ទណ្ឌកម្ម គឺ​ដំណើរការ​ពិតប្រាកដរ​បស់​មី​យ៉ាន់​ម៉ា ឆ្ពោះទៅ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែរ​។  

Tag:
 អាមេរិក​
 ​ មី​យ៉ាន់​ម៉ា​
 ​ ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com