ជាតិ
រយៈពេល​ប្រាំបី​ខែ គ​.​ស​.​ច​.​គ ពិន័យ​យានយន្ត​ល្មើសច្បាប់​បាន​ជិត ៤​លាន​ដុល្លា​
11, Sep 2016 , 3:30 pm        
រូបភាព
រូបភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន
រូបភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតមកដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើ​ការពិន័យ​លើ​យានយន្ត​ល្មើសច្បាប់​ទាំងអស់​បាន​ទឹកប្រាក់​សរុប​ចំនួន ១៤ ៣៦៦ ៧៨៥ ០០០​រៀល បើ​គិត​ជា​ប្រាក់​ដុល្លា​គឺ​ជិត ៤​លាន​ដុល្លា​។  នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​)​។​


 
​របាយការណ៍​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ខែសីហា ឆ្នាំ​២០១៦​នេះ បាន​បង្ហាញថា ទឹកប្រាក់​ជិត ៤​លាន​ដុល្លា​(១៤៣៦៦៧៨៥០០០​រៀល​) បានទទួល​ពី​ការពិន័យ​យានយន្ត​ល្មើសច្បាប់ ចាប់ពី​ខែមករា ដល់​ខែសីហា​នេះ​។ ចំណែក របាយការណ៍​បូកសរុប​កាលពី​ខែ​កក្ដ​ដា បាន​បង្ហាញថា​ចាប់ពី​ខែមករា ដល់​ខែ​ចុងខែ​កក្ដ​ដា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក បានធ្វើ​ការពិន័យ​សរុប​ជា​ទឹកប្រាក់​បាន​ត្រឹម ១៣២២៣២៦៤០០០​រៀល បើ​គិត​ជា​ដុល្លា​ជាង ៣​លាន ៣​សែន​ដុល្លា​។ 
 
​យោងតាម​របាយការណ៍​នេះ គឺ​មានន័យថា​សម្រាប់​ខែសីហា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​) បានធ្វើ​ការពិន័យ​បាន​ចំនួន​ទឹកប្រាក់​សរុប​ចំនួន ១.១៤៣.៥២១.០០០​រៀល គិត​ជា​ដុល្លា​ជាង​២៨​ម៉ឺន​ដុល្លា​។ 
 
​គួរ​បញ្ជាក់ថា សម្រាប់​ខែសីហា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​) បាន​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត បាន​ចំនួន ៧៦១២០១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦២%​។ ក្នុងចំណោម​យានយន្ត ដែល​ត្រូវបាន​ត្រួតពិនិត្យ​នេះ បាន​រកឃើញ​យានយន្ត​ល្មើស​ចំនួន ៩៧២៧៤​គ្រឿង ស្មើនឹង​១៣%  បាន​អប់រំ​ចំនួន ៤៣៩៥១​គ្រឿង​ស្មើនឹង ៤៥% និង​បានធ្វើ​ការពិន័យ​បាន​ចំនួន ៥៣៣២៣​គ្រឿង​៕

Tag:
 ​ចរាចរណ៍​
  របាយការណ៍​ខែសីហា​
© រក្សាសិទ្ធិដោយ thmeythmey.com