កីឡាជាតិ
ជាតិ
លើស​ទ័ព​១​ពិន្ទុ​ប៉ុណ្ណោះ បឹងកេត​ក្លាយជា​ជើងឯក និង​មានឱកាស​ដ៏​ច្រើន​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​
11, Sep 2016 , 12:29 pm        
រូបភាព
ក្លិប​បឹងកេតអង្គរឈ្នះពានខេមបូឌានលីក​ជាលើក​ទីពីរ​បន្ទាប់ពី​ឆ្នាំ​២០១២។ រូបថត សឿន វណ្ណឌេត
ក្លិប​បឹងកេតអង្គរឈ្នះពានខេមបូឌានលីក​ជាលើក​ទីពីរ​បន្ទាប់ពី​ឆ្នាំ​២០១២។ រូបថត សឿន វណ្ណឌេត
ដោយ: រួបរួម
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​ឆ្នាំ​២០១៦ បង្ហាញ​ឲ្យ​ឃើញថា ការប្រកួត​នីមួយៗ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​។ បឹងកេត​អង្គរ​ក្លាយជា​ម្ចាស់​ជើងឯក​លើក​ទី​២ បន្ទាប់ពី​ឆ្នាំ​២០១២ ក្រោយ​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ នា​ជំនួប​ចុងក្រោយ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ជោគជ័យ​នេះ នាំ​ឲ្យ​បឹងកេត​មាន​ពិន្ទុ​លើស​គូប្រជែង​ក្រសួងការពារជាតិ តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។​



​នា​ការប្រកួត​ចំនួន​១៨​លើក​ប្រចាំ​រដូវ​កាល​២០១៥-១៦ បឹងកេត​ទទួលបាន​៤៧​ពិន្ទុ​ដើម្បី​ទទួលបាន​ពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជា​លើក​ទី​ពីរ ដោយ​លើស​ក្រសួងការពារជាតិ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ គ្រូបង្វឹក​បឹងកេត លោក ប្រាក់ សុវណ្ណារ៉ា ដែល​ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ និង​ណាហ្គា​វើ​ល ទើបតែ​ទទួលពាន​ខេ​ម​បូ​ឌា​ន​លី​ក​ជា​លើកដំបូង​ប៉ុណ្ណោះ​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់ខ្លួន​។​

​បឹងកេត​ទទួលបាន​ប្រាក់រង្វាន់ ៦០​លាន​រៀល ខណៈ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ទទួលបាន​ស្បែ​កមាស តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២២​គ្រាប់ និង​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ដោយបាន​ប្រាក់រង្វាន់​សរុប​ចំនួន​៣​លាន​រៀល​។​

​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក បឹងកេត​អង្គរ នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៨ ។ បន្ថែម​ពីលើ​នេះ បឹងកេត​មានឱកាស​បង្ហាញខ្លួន​សារជាថ្មី​ក្នុង​ព្រឹត្តិការណ៍ Mekong Toyota Club Championships ដោយ​ពួកគេ​នៅ​រង់ចាំ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ចុងខែ​ធ្នូ ដែល​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ការទទួលបាន​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ Mekong Toyota Club Championships នេះ គឺ​ដោយសារតែ​បឹងកេត​អង្គរ​ទទួលបាន​ជើងឯក​រង​កាលពី​រដូវ​កាល​មុន ដោយ​ចាញ់​ក្រុម​ថៃ Buriram United ១-០ ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រុម​ជើងឯក​ពី​វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា [Yadanardon] ត្រូវ​ឆ្លងកាត់​ការប្រកួត​ជម្រុះ រីឯ​ក្លិប​ដែល​ទទួលបាន​ជើងឯក Thai League Cup នឹង​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕


Tag:
 Cambodian League
  បាល់ទាត់
  បឹងកេតអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com